Loading...
មក​​ស្គាល់​​រមណីយដ្ឋាន​ប្រាសាទ​ "កោះកេរ" ជាមួយ​ ចំណេះ ទាំង​អស់​គ្នា
Cover
ថ្ងៃ​ចេញ​ផ្សាយ៖ កក្កដា 07, 2017
ចំនួន​ទស្សនា៖ 3930 លើក

សំរាប់​ថ្ងៃសំរាក​ចុង​សប្ដាហ៍​នេះ តើ​ប្រិយ​មិត្ត​មាន​គម្រោង​ធ្វើ​ដំណើរ​កំសាន្ដ​ទៅ​ទី​កន្លែង​ណា​ខ្លះ? បើ​មិន​ទាន់​មាន​នោះ​ទេ តោះ​ទុក​អោយ​ ​​ ធ្វើ​ការ​ណែនាំ​រមណីយដ្ឋាន​ប្រវត្តិសាស្ដ្រ​មួយ​កន្លែង​ដែល​ស្ថិត​ក្នុង​ខេត្ត​ព្រះវិហា​របស់​យើង​នេះ​ឯង​ នោះ​គឺ​រមណីយដ្ឋាន​កោះកេរ។

ស្ថិត​នៅ​ក្នុង​ព្រៃ​ដ៏​ជ្រៅ​ ដែល​មាន​ចំងាយ​ប្រមាណ​ជា​ ១៣០​គីឡូម៉ែត្រ​ពី​ទីរួម​ខេត្ត​សៀមរាប​ទៅ​ទិស​ឦសាន ហើយ​ស្ថិត​នៅ​ក្នុង​ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ គឺ​ជា​ទីតាំង​នៃ​ប្រជុំ​ប្រាង្គ​ប្រាសាទ​និង​ទីក្រុង​ដ៏​ចំណាស់​មួយ ដែល​ភាព​ប្រណីត​និងរចនាបថ​របស់​វា គឺ​មាន​ភាពស្រស់បំព្រង​ឬ​អាច​និយាយ​បាន​ថា​សឹង​តែ​ប្រៀបធៀប​ជាមួយ​នឹង​ ប្រាសាទ​អង្គរ​វត្ត​បាន។ សព្វ​ថ្ងៃ​រមណីយដ្ឋាន​កោះ​កេរ​ដ៏​អភព្វមួយ​នេះ ត្រូវ​ទទួល​រង​នូវ​ការ​បំភ្លេច​បំផ្លាញ​និង​ការលួច​ពី​សំណាក់​ជន​ខិល​ខូច ហើយ​ស្ទើរ​តែ​បាត់​បង់​នូវ​ភាព​អស្ចារ្យ​របស់​វា​បាត់​អត់​ទៅ​ហើយ ប៉ុន្តែ​វា​នៅ​តែ​ជា​ទី​តាំង​ដ៏​គួរ​អោយ​ចាប់​អារម្មណ៍ និង​បាន​ប្រែ​ក្លាយ​ជា​ទី​តាំង​អភិរក្ស​ដ៏​ស្រស់​ត្រកាល​ បន្ទាប់​ពី​ទទួល​បាន​នូវ​ការ​ជួសជុល​កែ​លម្អពី​សំណាក់​ស្ថាប័ន​និង​អ្នក​អភិរក្ស ក្នុង​រយៈ​កាល​ពីរ​បី​ឆ្នាំ​កន្លង​មក​នេះ។

ទី​នេះ​គឺ​ជា​ទីកន្លែង​ដែល​ស្ងប់​ស្ងាត់ ដែល​ត្រូវ​បាន​ហុំ​ព័ទ្ធ​ជុំវិញ​ទៅ​ដោយព្រៃ​ព្រឹក្សា​ដ៏​ស្រស់​ត្រកាល នឹង​រួម​មានប្រាង្គ​ប្រាសាទ​តូច​ធំ ដែល​ត្រូវ​បាន​សាង​សង់​ដើម្បី​អម​ស្ថាបត្យកម្ម​ដ៏​អស្ចារ្យ​មួយដែល​ឈរ​ស្ងៀម​នៅ​ខាង​ក្រោយ ​ហើយ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ប្រាសាទ​ធំ។ ប្រសិន​បើ​អ្នក​មាន​សំណាង​ ពេល​ដែល​អ្នក​ទៅ​កំសាន្ដ​នៅ​ទី​នេះ អ្នក​ប្រហែល​ជា​មិន​បាន​ជួប​ជា​មួយ​នឹង​អ្នក​ទេសចរណ៍​ផ្សេង​ទៀត​នោះ​ទេ ដែល​ធ្វើ​អោយ​អ្នក​មាន​លទ្ធភាព​គយគន់​ទេសភាព​ដ៏​មហស្ចារ្យ​នេះ​បាន​តែ​ម្នាក់​ឯង។

ទី​នេះ​ត្រូវ​បាន​សាងសង់​ឡើង​ដោយ​ព្រះ​មហាក្សត្រ​ខ្មែរ​មួយ​ព្រះអង្គ ដែល​ត្រូវបាន​គេ​ហៅ​ថា​ជា​ស្ដេច​ជ្រែក​រាជ្យ គឺ​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី ៤ ប្រហែល​កាល​ពី​ ១១០០ ឆ្នាំ​មុន ហើយ​ត្រូវ​បាន​អ្នក​ប្រវត្តសាស្ដ្រ​ជឿថា​មុន​នឹង​ព្រះអង្គ​មក​បង្កើត​ជា​ទី​ក្រុង​នេះ​ឡើង​ ទី​នេះ​គឺ​ជា​ទីតាំង​ដ៏​សែន​អស្ចារ្យ​មួយ​រួច​ទៅ​ហើយ បើ​មិន​ដូច្នេះ​ទេ​ក៏​ មិន​មាន​មូល​ហេតុ​ច្បាស់​លាស់​ណា​ដែល​បញ្ជាក់​ថា​ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​សំរេច​ព្រះ​រាជ​ហឬទ័យ មក​សាង​សង់​ទី​ក្រុង​ដ៏​សែន​ឆ្ងាយ​ពី​ទី​តាំង​ដើម​នៃ​អាណាចក្រ​ខ្មែរ​ដែល​ត្រូវ​បាន​បង្កើត​រួច​មក​ហើយ​នោះ​ដែរ​។

ក៏​ប៉ុន្តែ​ទី​តាំង​ដែល​ដាច់​ស្រយាល​របស់​រមណីយដ្ឋាន​កោះ​កេរ​នេះ​ក៏​ជា​អាថ៍កំបាំង​ ដែល​ទាក់​ទាញ​មួយ​ដែរ។ ទំហំផ្ទៃដី និង​ភាព​អស្ចារ្យ​របស់​វា ក៏​ជា​គន្លឹះ​ទាក់​ទាញ​ដ៏​សំខាន់​ផងដែរ។ សមាមាត្រ និងលក្ខណៈ​ពិសេសនៃ​រូបសំណាកនានា​របស់​វា បាន​បង្ក​អោយ​ទីកន្លែង​នេះក្លាយ​ទៅ​ជាបូជនីយដ្ឋាន​ប្រវត្តិសាស្ដ្រ ដែល​មិន​ធម្មតា​មួយ ទោះ​បី​ជា​ស្ថិត​ក្នុង​ប្រទេស​មួយដែល​ពោរពេញ​ទៅ​ដោយ​រមណីយដ្ឋានប្រវត្តិសាស្ដ្រស្រស់ស្អាត​ផ្សេង​ទៀត​ក៏​ដោយ។

លាត​សន្ធឹង​ពីលើ​ផ្ទៃ​ដី​ដែល​មាន​ក្រលាផ្ទៃ​ជាង ៨០គីឡូម៉ែត្រ​ការ៉េ ទីក្រុង​របស់​ព្រះបាទ​ជ័យ​វរ្ម័ន​ទី៤ គឺ​ពោរពេញ​ទៅ​ដោយ​ប្រាង្គប្រាសាទ និង ទីសក្ការបូជា​យ៉ាង​ច្រើន ហើយ​ត្រូវ​បាន​សាង​សង់​ដោយ​រួម​មាន​រូប​ចម្លាក់​ដ៏​មាន​ឥទ្ធិពល​ជាច្រើន ដែល​យើង​មិន​ធ្លាប់​បាន​ឃើញពី​មុន​តាម​ប្រាសាទ​នានា។ ប៉ុន្តែ​ជា​ការ​គួរ​អោយ​សោកស្ដាយ រូប​ចម្លាក់​និង ប្រាង្គ​ប្រាសាទ​ទាំង​នោះ​គឺ​នៅ​សល់​រូបរាងតែ​បន្តិច​បន្តួច​ប៉ុណ្ណោះ​មក​ដល់​សព្វថ្ងៃ​នេះ នេះ​ក៏​ដោយ​សារ​ទីតាំង​ដែល​ដាច់ស្រយាល​របស់​រាជធានី​មួយ​នេះ​ ដែល​បង្ក​ជា​លក្ខណៈ​ងាយស្រួល​ដល់​ជន​ខិល​ខូច​លួច​យក​ទៅ​ធ្វើ​អាជីវកម្ម។

ក្នុង​ឆ្នាំ​ ២០១២ យោង​ទៅ​តាម​ការ​ធ្វើ​ស្ថិតិ​ដោយ​ការ​ស្កេន​ឡាស៊ែរ (laser) ទៅ​លើ​ទី​តាំង​នេះ ដែល​ធ្វើ​ឡើង​ដោយ​អជ្ញាធរ​អប្សារា រួម​ជា​មួយ​និង​សាកលវិទ្យាល័យ​ស៊ីដនី បាន​បង្ហាញ​អោយ​ឃើញ​ថា មាន​ប្រជាជន​យ៉ាង​ហោច​ណាស់​ប្រមាណ​ជា ៣​ម៉ឺន​នាក់​ដែល​បាន​រស់​នៅ​ក្នុង​ទីក្រុង​ដ៏​ធំ​សម្បើម​មួយ​នេះ។ ភាព​ជោគជ័យ​និង​រីក​ចំរើន​របស់​អាណាចក្រ​ខ្មែរ​ បាន​បង្ក​លក្ខណៈ​ងាយ​ស្រួល​ក្នុង​ការ​រស់​នៅ​របស់​ប្រជា​ជន​នៅ​ក្នុង​ទី​ក្រុង​នេះ ដែល​ត្រូវ​បាន​ទ្រទ្រង់​ដោយ ប្រព័ន្ធ​ធារាសាស្ដ្រដ៏​ស្មុគស្មាញ​និង​អស្ចារ្យ​ ដែល​ជួយ​ធានា​បាន​នូវ​ការ​បង្កបង្កើន​ផល​របស់​ប្រជា​ពលរដ្ឋ និង​និរន្តភាព​ម្ហូប​អាហារ។

ចំពោះ​ការ​ធ្វើ​ដំណើរ​ទៅ​ទី​នេះ គឺ​មិន​ទាន់​មាន​សេវា​ឡាន​ក្រុង​សាធារណៈ​ណាមួយ ដែល​ទៅ​ដល់​ទី​នេះ​នោះ​ទេ ប៉ុន្តែ​ប្រិយមិត្ត​អាច​ទៅ​កំសាន្ដ​នៅ​ទី​នេះ​បាន​តាម​រយៈ​ រថយន្ត​ផ្ទាល់​ខ្លួន និង​រថយន្ត​ឈ្នួល​បែប​ឯកជន ឬ​ប្រិយមិត្ត​អាច​ធ្វើដំណើរ​ទៅ​តាម​សេវាកម្ម​របស់​ក្រុមហ៊ុន​ទេសចរណ៍​ក្នុង​ស្រុក​មួយ​ចំនួន​បាន។ សំរាប់​អ្នក​ដែល​ចង់​សំរាក​នៅ​ទី​នោះ អាច​ស្វែង​រក​ផ្ទះ​សំណាក់​ ឬ ផ្ទះ​ដែល​មាន​លក្ខណៈបែប​ខ្មែរ​បុរាណ​ដើម្បី​ធ្វើ​ការ​ស្នាក់​នៅ​បាន។

 

តោះ​មក​ទស្សនា​កម្រង​រូប​ភាពនានា​ និង វីដេអូ​ដែល​បង្ហាញ​ពី​សម្រស់​របស់​រមណីយដ្ឋាន​ រាជធានី​កោះកេរ ជាមួយ​នឹង​ ​​ ទាំង​អស់​គ្នា​ខាង​ក្រោម៖

 

 

 

 

Save


មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes