Loading...
វិធី​ទប់ទល់​នឹង​ការខូច​ចិត្ត​​និង​គន្លឹះ​ដើម្បី​​ព្យាបាល​បេះដូង (សំរាប់​​បុរស)
2
ថ្ងៃ​ចេញ​ផ្សាយ៖ មិថុនា 27, 2017
ចំនួន​ទស្សនា៖ 3864 លើក

ការ​បែក​បាក់​ស្នេហា​គឺ​ជា​ពេល​វេលា​នៃ​ការបញ្ចប់​ទំនាក់​ទំនង​រវាង​មនុស្ស​ពីរ​នាក់ ហើយ​កំឡុង​ពេល​នេះ​គឺពិតជា​ពេល​វេលា​ដ៏​សែន​អាក្រក់​សំរាប់​អ្នកទាំង​ពីរ។ ការ​បែក​បាក់​គឺ​ពិត​ជាអាក្រក់​មិនថា​សំរាប់​អ្នកណា ទោះ​បី​ជា​អ្នក​ចង់​ឬ​មិន​ចង់ក៏​ដោយ ហើយ​វា​រឹត​តែ​អាក្រក់​ជាង​នេះ​ទៅ​ទៀត​ប្រសិន​បើ​អ្នក​បាន​ដាក់​បេះ​ដូង​ទាំង​ស្រុង​ធ្វើ​ជា​ដើម​ទុន​ដើម្បី​ក្ដី​ស្រឡាញ់​មួយនេះ។ ក៏​ប៉ុន្តែ​វិធី​ដែល​អ្នក​ដោះស្រាយ​ចំពោះ​ខ្លួន​ឯង នៅ​ពេល​ដែល​អ្នក​ជួប​នឹងការ​បែកបាក់​គឺ​ពិត​ជា​មាន​សារៈសំខាន់​ណាស់ ហើយ​វា​រឹត​តែ​សំខាន់​ថែម​ទៀត​ដែល​អ្នក​ត្រូវ​ប្រាកដ​ថា អ្នក​មិន​គិត​អ្វី​ខ្លី​ឬ​ធ្វើ​អ្វី​ដែល​ជះ​ឥទ្ធិពល​អវិជ្ជមាន​ហើយ​ប៉ះពាល់​ដល់​ខ្លួន​អ្នកនោះទេ។

ថ្ងៃនេះ សូមធ្វើ​ការ​ណែនាំ​ប្រិយមិត្ត​ដែល​ជាបុរស​អោយ​មកដឹង​ពី​វិធី​សាស្ដ្រ និង គន្លឹះ​ក្នុង​ការ​ធ្វើ​ចិត្ត​ដើម្បី​ទប់​ទល់​នឹង​ការ​បែកបាក់​ស្នេហា​ដូច​ខាងក្រោម៖

 

១) ប្រើ​ពេល​វេលា​ដើម្បី​បំភ្លេច​មនុស្ស​ម្នាក់​នោះ

ជា​ការ​ពិត​ទោះ​បី​ជាអ្នក​ធ្លាប់​គិត​ថា​អ្នក​ស្រលាញ់​មនុស្ស​ស្រីម្នាក់​នោះ​ខ្លាំង​ប៉ុណ្ណា​ក៏ដោយ ប៉ុន្តែ​អារម្មណ៍​មួយនោះ​នឹង​ចាប់​ផ្ដើម​ថម​ថយ​ទៅ​តាម​ពេល​វេលា ហើយ​នឹង​រលាយ​បាត់​ក្នុង​ពេល​ណាមួយ។ ក៏​ប៉ុន្តែ​ចំណុច​សំខាន់​ដែល​អ្នក​ត្រូវ​ចងចាំ​នោះ​គឺ ក្នុង​កំឡុង​ពេល​ដែល​អ្នក​កំពុង​ព្យាបាល​របួស​បេះ​ដូងនោះ អ្នក​គប្បី​កុំ​ធ្វើ​រឿង​អ្វី​មួយដែល​បំផ្លាញ​ខ្លួន​ឯង ពីព្រោះ​ការធ្វើ​រឿង​ទាំងអស់​នោះ​មិន​ត្រឹម​តែ​ធ្វើ​អោយ​អ្នក​ខាត​បង់​ប្រយោជន៍​តែ​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​ចុងក្រោយ​អ្នក​រឹត​តែ​ត្រូវ​ឈឺ​ចាប់​ ហើយ​ត្រូវ​ការពេល​កាន់​តែ​យូរ​ដើម្បី​បំភ្លេច​គេ​ម្នាក់​នោះ​ថែម​ទៀត។

 

២) ជៀស​អោយ​ឆ្ងាយ​ពី​គ្រឿង​ស្រវឹង និង គ្រឿង​ញៀន

នៅ​ពេល​ដែល​អ្នក​ជួប​ប្រទះ​នឹង​ការបែកបាក់​ស្នេហា ពេលខ្លះ​អ្នកមាន​អារម្មណ៍ថា​ចង់​ឈប់​គិត​ពី​រឿង​នោះ​ភ្លាមៗ អ្នក​ចង់​ធ្វើ​អោយ​ខួរក្បាល​ស្ពឹក​ហើយ​ចង់ផឹក​គ្រឿង​ស្រវឹង​ដើម្បី​អាច​គេចវេស​ពី​ការ​គិត​រឿង​ទាំង​អស់នោះ។ ត្រង់​ចំនុច​នេះ​ឆ្លង​តាម​បទពិសោធន៍​ផ្ទាល់របស់​ខ្លួន អាច​ប្រាប់​អ្នក​ទាំង​អស់​គ្នាថា​ការធ្វើ​បែបនេះ​រឹត​តែ​ធ្វើ​អោយ​អ្វី​ៗ​កាន់​តែ​អាក្រក់ ហើយ​រឹត​តែ​ធ្វើ​អោយ​យើង​មាន​អារម្មណ៍​កាន់​តែ​យ៉ាប់ កាន់​តែ​មាន​អារម្មណ៍​ធ្លាក់​ទឹក​ចិត្ត។ ហើយ​នៅ​ថ្ងៃ​បន្ទាប់​ ក្រោយ​ពី​ដឹង​ខ្លួន​ពី​ការ​ស្រវឹង​អ្នក​មិន​ត្រឹម​តែ​មិន​អាច​បំភ្លេច​រឿង​ទាំងអស់បាន​ហើយ ថែម​ទាំងត្រូវ​មាន​អារម្មណ៍​ឈឺ​ក្បាលបន្ថែម​លើ​ការឈឺ​ចិត្ត​ថែម​ទៀត ដូច្នេះ​វាពិត​មិន​បាន​ផ្ដល់​ផល​ប្រយោជន៍​អ្វី​ពី​ការ​សេពគ្រឿង​ស្រវឹងនោះ​ទេ។ ជំនួស​អោយ​ការធ្វើរឿង​ឥត​ប្រយោជន៍​ខាងលើ អ្នក​គួរ​តែ​អង្គុយ​ពិចារណា​និង​ស្វែង​រក​វិធី​វិជ្ជមាន​ណា​ដែល​ល្អ​ជាងនេះ​និង ធ្វើ​រឿង​ដែល​មាន​ប្រយោជន៍​សំរាប់​ខ្លួន​ឯងវិញ។

 

៣) កុំ​ព្យាយាម​នៅ​ម្នាក់​ឯង​ហើយ​ត្រូវ​ស្វែងរក​ការលើក​ទឹក​ចិត្តពី​មនុស្ស​ជុំវិញ​ខ្លួន

វិធី​មួយ​ទៀត​ដែល​អ្នក​គួរ​ធ្វើ​ដើម្បី​ព្យា​បាល​របួស​បេះដូង​របស់​អ្នក​នោះ​គឺ កុំព្យាយាម​ធ្វើ​ខ្លួន​ឯកា ហើយក៏​កុំ​បន្ថែម​គម្លាត​របស់​អ្នក​ជាមួយ​នឹង​មនុស្ស​ជុំ​វិញ​ខ្លួន។ ពីព្រោះ​ក្នុង​រយៈពេល​នេះ​អ្នក​ពិត​ជា​ត្រូវការ​នៅ​ជិត​មនុស្ស​ដែល​ស្រលាញ់​និង​ខ្វាយខ្វល់​ពី​អ្នក ហើយ​អាច​មាន​លទ្ធភាពផ្ដល់​ការ​ប្រឹក្សា​យោបល់​និងជួយ​ជ្រោម​ជ្រែង​អ្នក​អោយ​ឆ្លង​ផុត​ដំណាក់កាល​ដ៏​លំបាក​នេះ​បាន លើស​ពី​នេះ​បើ​អ្នក​នៅ​ម្នាក់​ឯង​ក្នុង​ពេលនេះ​អ្នក​គឺ​ពិត​ជាមាន​អារម្មណ៍​កាន់តែ​អាក្រក់។ សូម​កុំ​ព្យាយាម​នៅ​ម្នាក់​ឯង​អោយសោះ​ បើ​សិន​ជាអ្នក​មិន​អាច​ស្វែង​រក​អ្នកណា​ដែល​អាចរួម​សុខ​ទុក្ខ​ជាមួយ​អ្នក​ក្នុង​ពេល​នេះ​បាន ក៏​អ្នក​កុំ​ព្យាយាម​សម្ងំ​ក្នុង​បន្ទប់​តែ​ម្នាក់ឯង អ្នក​អាច​ធ្វើ​ដំណើរ​កំសាន្ដ ដើរផ្សារ​ហើយ​ទិញ​របស់​របរ​ដែល​អ្នក​ចង់​ទិញ ទូរស័ព្ទ​ទៅ​និយាយ​លេង​ជាមួយប៉ាម៉ាក់​របស់​អ្នក ធ្វើយ៉ាង​ណា​ក៏​ដោយ​អ្នក​ត្រូវ​តែ​ចេញ​ទៅ​សំលឹង​មើល​ពិភព​ខាងក្រៅ។ អ្នកត្រូវ​ចាំ​ថា​ពិភពលោក​មិន​មែន​ឈប់​ដើរ​ត្រឹម​នេះ​ទេ គ្រាន់​តែស្នេហា​របស់​អ្នក​បញ្ចប់​នោះ។

 

៤) កុំ​ព្យាយាម​ស្វែង​រក​មនុស្ស​ថ្មី​មក​ជំនួស​អ្នក​ចាស់

វិធី​ចុង​ក្រោយ​ដើម្បី​ព្យាបាល​បេះ​ដូង​របស់​អ្នក​នោះ​គឺ កុំព្យាយាម​ស្វែង​រកមនុស្សថ្មី​មក​ជំនួស​អ្នក​ចាស់​លឿន​ពេក។ មាន​មនុស្ស​មួយ​ចំនួន​ធំ​ដែល​ក្នុង​កំឡុង​ពេល​ដែល​កំពុង​តែ​ខូច​ចិត្ត​ជាមួយ​នឹង​អ្នក​ចាស់ បែរ​ជា​ខំប្រឹង​បង្កើត​ទំនាក់​ទំនង​ជាមួយ​នឹង​អ្នក​ថ្មី ពីព្រោះ​ពួកគេ​គិត​ថា​វិធី​នេះ​អាច​ធ្វើ​អោយគេ​ឆាប់​បំភ្លេច​អ្នកចាស់​បាន​លឿន។ ប្រសិន​បើ​អ្នក​បានគិត​ឬ​បាន​ធ្វើ​រឿង​ទាំង​អស់នេះ សូម​ប្រញាប់​បញ្ឈប់​វា​ភ្លាម​ ពីព្រោះ​វា​មិន​ត្រឹម​តែ​ធ្វើ​អោយ​អ្នក​មិន​អាច​បំភ្លេច​អ្នក​ចាស់​បាន​នោះ​ទេ ប៉ុន្តែ​អ្នក​បាន​ធ្វើ​អោយ​មនុស្សថ្មី​ម្នាក់​ដែល​មិន​បាន​ដឹង​រឿង​អ្វី​សោះ​នោះ ត្រូវ​មក​ឈឺ​ចាប់​ជាមួយ​អ្នក​ដោយ​មិន​ដឹង​ខ្លួន។ ចូរ​អ្នក​ចង​ចាំ​ថា​របួស​បេះដូង​មិន​អាច​យក​បេះ​ដូង​ផ្សេង មក​ផ្សះផ្សារ​បានទេ ពីព្រោះ​វានឹង​ធ្វើ​អោយ​អ្នក​កាន់​តែ​ឈឺ​ចាប់​កាន់តែ​ស្មុគ​ស្មាញ។ ជំនួស​អោយ​ការ​ស្វែងរក​ដៃគូ​ថ្មី អ្នកត្រូវ​រៀន​ធ្វើចិត្ត​និង​ខ្លួន​អោយ​ទំនេរ​ក្នុង​ដំនាក់​កាល​នេះ រហូត​អ្នក​មាន​អារម្មណ៍​ថា​អាច​ភ្លេច​អ្នកចាស់​បាន​ហើយ សឹម​ចាប់​ផ្ដើម​ស្វែង​រកអ្នក​ថ្មី​ក៏​មិន​យឺត​ពេល​ដែរ។

 

ជា​ចុង​ក្រោយ​សូម​អ្នក​ចាំថា​ អ្នក​មិន​អាច​រត់​គេច​ពី​ការឈឺ​ចាប់​បាន​រហូត​នោះទេ គប្បី​ធ្វើការ​ប្រឈម​មុខ​ជាមួយ​នឹង​បញ្ហា​ទាំងឡាយ​ដោយ​ស្នាម​ញញឹម និង សេចក្ដី​ក្លាហាន​នោះ​នឹង​ធ្វើ​អោយ​អ្នក​រឹងមាំ និងក្លាយ​ជាមនុស្ស​ចេះ​គិត​វែង​ឆ្ងាយ។ អ្នក​គួរ​តែ​គិត​ថាការ​បែក​បាក់​ស្នេហា​គ្នា​លើក​នេះ​អាច​ជា​មេរៀន ដ៏​មាន​តំលៃ​ក្នុង​ជីវិត​របស់​អ្នក ហើយ​ក៏​ជា​ពេល​វេលា​ដែល​អ្នក​អាចធ្វើ​រឿង​ដើម្បី​ខ្លួន​ឯង ដែល​អ្នក​មិន​អាច​ធ្វើ​កាល​ពីពេល​មុនបាន។

 

ហើយ​នេះ​គឺ​ជា​វិធីសាស្ដ្រ​ដែល​ អាច​ចែក​រំលែក​ទៅ​អ្នក​ទាំង​អស់​គ្នា​បាន​ក្នុង​នាម​ជា ​មនុស្ស​ប្រុស​ដូច​គ្នា​ពី​វិធី​ធ្វើចិត្ត​ដើម្បី​ព្យាបាល​បេះដូង៕


មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes