Loading...
ទង្វើ៥យ៉ាង អ្នកមានជម្ងឺបាក់ទឹកចិត្តតែង​ព្យាយាមលាក់បាំង
Cover
ថ្ងៃ​ចេញ​ផ្សាយ៖ មេសា 06, 2018
ចំនួន​ទស្សនា៖ 683 លើក

នាំ​មក​ជូន​ដោយ​៖ ដៃ​គូ​ដ៏​គួរ​អោយ​ទុក​ចិត្ត​ក្នុង​ការ​ទិញ​ / លក់​ទំនិញ​របស់​អ្នក DLi-MART (Home Delivery)

បើទោះបីជាការយល់ដឹងទាក់ទងទៅនឹងជម្ងឺបាក់ទឹកចិត្តមានការកើនឡើងក្ដី មនុស្សភាគច្រើននៅតែមានការយល់ច្រឡំ រឺក៏មើលរំលងបញ្ហាផ្លូវចិត្តនិងរោគសញ្ញានៃជម្ងឺមួយនេះ។ មនុស្សមួយចំនួនព្យាយាមលាក់បាំងបញ្ហារបស់ពួកគេពីមនុស្សជុំវិញខ្លួន ដោយពួកគេចង់ឲ្យអ្នកដទៃឃើញពីការលំបាករបស់ពួកគេនោះឡើយ ហើយការលាក់បាំងនេះអាចធ្វើឲ្យបញ្ហារបស់ពួកគេកាន់តែមានសភាពអាក្រក់ឡើង។ ប៉ុន្ដែតើយើងអាចមើលដឹងនិងជួយដោយរបៀបណា ប្រសិនបើពួកគេមិនបង្ហាញឲ្យដឹងពីបញ្ហារបស់គេបែបនេះ? ខាងក្រោមនេះជាទង្វើមួយចំនួនដែលអ្នកមានជម្ងឺបាក់ទឹកចិត្តហើយព្យាយាមលាក់បាំងតែងធ្វើ។

 

១) ពួកគេមើលទៅដូចជាហត់ រឺតែងនិយាយថាពួកគេហត់នឿយ

វាជារោគសញ្ញាមួយដែលពិបាកក្នុងការលាក់បាំងចំពោះអ្នកដែលមានជំងឺធ្លាក់ទឹកចិត្ត ដោយសារវាជារឿយៗតែងធ្វើឲ្យមានការប៉ះពាល់ដល់ការងារនិងទំនាក់ទំនងផ្ទាល់ខ្លួនរបស់ពួកគេ។ ពួកគេប្រហែលជាគេងបានច្រើន ប៉ុន្ដែនៅពេលភ្ញាក់ឡើងជារៀងរាល់ព្រឹក ពួកគេហាក់ដូចជាគេងតែប៉ុន្មានម៉ោងប៉ុណ្ណោះ។ លើសពីនេះ ពួកគេអាចនឹងបន្ទោសខ្លួនឯងដោយគិតថាវាជាភាពខ្ជិលឬកំហុសផ្ទាល់ខ្លួនមួយចំនួន ដែលបណ្តាលឱ្យពួកគេមានថាមពលទាប។

 

២) ពួកគេឆាប់ខឹង

មនុស្សដែលមានជម្ងឺផ្លូវចិត្តជាទូទៅមានសភាពស្ងប់ស្ងាត់ មិនសូវនិយាយស្ដីនោះទេ។ ដោយឡែក ចំពោះមនុស្សដែលមានបញ្ហានេះហើយតែព្យាយាមលាក់បាំងនោះ ពួកគេអាចនឹងឆាប់ខឹងសម្បាយ៉ាងងាយ​ ដោយសារបញ្ហាទាំងផ្លូវកាយនិងផ្លូវចិត្តអាចធ្វើឲ្យពួកគេមិនអាចទប់អារម្មណ៍បាន។

 

៣) ពួកគេលែងធ្វើអ្វីដែលពួកគេធ្លាប់ចូលចិត្ត

បញ្ហាបាក់ទឹកចិត្តជាការហត់នឿយផ្លូវចិត្ត ប្រៀបដូចជាការហត់នឿយផ្លូវកាយដែរ ដែលធ្វើឲ្យមនុស្សលែងមានចំណាប់អារម្មណ៍លើអ្វីដែលពួកគេធ្លាប់តែស្រលាញ់និងចូលចិត្តធ្វើពីមុន។

 

៤) ទម្លាប់បរិភោគប្រែជាខុសប្លែកពីធម្មតា

ទម្លាប់នៃការញ៉ាំមិនធម្មតាជាទូទៅកើតមានដោយសារមូលហេតុពីរយ៉ាងគឺ កង្វះការថែទាំខ្លួនឯង និងការជួបប្រទះបញ្ហា។ ការញ៉ាំតិចតួចពេកឬច្រើនពេកសុទ្ធតែជាសញ្ញាទូទៅនៃជម្ងឺបាក់ទឹកចិត្ត។ ការញ៉ាំច្រើនខុសធម្មតាគឺដោយសារតែការញ៉ាំជាប្រភពនៃសុភមង្គលរបស់ពួកគេ ខណៈពេលដែលការញ៉ាំតិចពេកកើតឡើងដោយសារតែបញ្ហាបាក់ទឹកចិត្តធ្វើឲ្យពួកគេបាត់បង់ចំណង់អាហារ។

 

៥) ពួកគេហាក់ដូចជាគ្មានអារម្មណ៍អ្វីទាំងអស់

ការយល់ច្រឡំដ៏ធំមួយនៃជម្ងឺបាក់ទឹកចិត្តនោះគឺជាភាពក្រៀមក្រំ។ ផ្ទុយទៅវិញ មនុស្សដែលមានបញ្ហានេះភាគច្រើនមិនមានអារម្មណ៍អ្វីទាំងអស់ រឺក៏មានតិចតួច។ នេះគឺជាហេតុដែលមនុស្សមានជម្ងឺបាក់ទឹកចិត្តហាក់ដូចជាមិនមានភាពរីករាយរឺកង្វល់អ្វីទាល់តែសោះ៕


មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes