Loading...
វិធី​សាស្ដ្រ​៥​យ៉ាង ដើម្បី​យក​ឈ្នះ​លើ​ភាព​ខ្ជិល​ច្រអូស​របស់​អ្នក
Cover1
ថ្ងៃ​ចេញ​ផ្សាយ៖ មីនា 11, 2018
ចំនួន​ទស្សនា៖ 1156 លើក

បើទោះបីជាភាពខ្ជិលច្រអូសគឺជារឿងធម្មតា និងជាធម្មជាតិរបស់មនុស្សលោកក៏ដោយ ប៉ុន្តែ​វាមានសក្តានុពលយ៉ាងខ្លាំងក្នុងការបំផ្លាញពួកយើង។ បើទោះជាអ្នកមិនអាចកំចាត់វាចោលមួយរយភាគរយក្ដី តែអ្នកអាចកាត់បន្ថយវាបានតិចឬច្រើនតាមការតាំងចិត្តរបស់អ្នក។

រោគសញ្ញានៃភាពខ្ជិលច្រអូសមានដូចជា៖

  • អស់កម្លាំង៖ ពិតណាស់នៅពេលដែលអ្នកអស់កម្លាំង អ្នកច្បាស់ជាប្រាប់ខ្លួនអ្នកឲ្យរកកន្លែងសម្រាក ជាជាងបន្តការងារឬធ្វើអ្វីផ្សេងទៀត។
  • ដេកមិនលក់៖ បើអ្នកដេកមិនលក់នៅពេលយប់ ព្រឹកឡើងអ្នកនឹងពិបាកក្រោក ហើយនឹងនៅតែងងុយគេងធ្វើការងារអ្វីក៏មិនកើតដែរ កើតតែភាពខ្ជិលច្រអូស។
  • ខ្វះការផ្តោតអារម្មណ៍៖ នៅពេលដែលអ្នកមិនផ្តោតអារម្មណ៍លើការងារ ឬមានអ្វីមករំខានភាពខ្ជិលច្រអូសនឹងលេចមុខឡើង ហើយវាធ្វើឲ្យអ្នកមិនចង់គិតបន្ត ឬធ្វើអ្វីបន្តតៀតឡើយ។

 

ខាងក្រោម​នេះ ​​ នឹងលើកឡើងនូវយុទ្ធសាស្ត្រ៥យ៉ាងដើម្បីកំចាត់នូវភាពខ្ជិលច្រអូស​របស់​អ្នក​ចោល៖

 

១) ផ្តោតអារម្មណ៍

ជា​ធម្មតា យើងតែងតែមានការងារ ឬកិច្ចការសាលាជាច្រើនដែលយើងត្រូវធ្វើឲ្យហើយក្នុងរយៈពេលកំណត់ណាមួយ។ ចូរអ្នកផ្តោតអារម្មណ៍ទៅលើការងារមួយៗឲ្យបាន១១០% នោះអ្នកនឹងអាចសម្រេច​វា​បានហើយ។

ដើម្បីកុំឲ្យភាពខ្ជិល​ចូល​មក​រំខាន អ្នកត្រូវ​តាំងចិត្ត​ប្រាប់​ខ្លួនឯងថា អ្នក​នឹងសម្រេចវាឲ្យបានថ្ងៃនេះ។ យ៉ាងណាមិញ អ្នកគួរកុំទាន់គិតពីការងារផ្សេងៗទៀតដែលអ្នកមិនទាន់សម្រេចព្រោះវានឹងធ្វើឲ្យអ្នកបែកអារម្មណ៍ និង​មិន​អាច​ផ្ដោត​អារម្មណ៍​លើ​កិច្ចការ​ចំពោះ​មុខ​បាន​ ហើយ​ពេល​នោះ​ភាពខ្ជិលច្រអូស​វា​នឹងកើតមានឡើងភ្លាមៗ។

 

២) ហាត់ប្រាណ

លំហាត់ប្រាណ គឺជាវិធីដ៏សាមញ្ញបំផុតក្នុងការជំនះភាពខ្ជិលច្រអូស។ រៀងរាល់ពេលដែលយើងខ្ជិល គឺព្រោះតែការងារដែលយើងកំពុងបំពេញវាហាក់ដូចជាពិបាកខ្លាំងពេក។ ប៉ុន្តែ ចំពោះការហាត់ប្រាណ អ្នក​មិនត្រូវការគិត ឬដោះស្រាយអ្វីឡើយ។ អ្នកគ្រាន់តែតាំងចិត្តថាចាប់ផ្តើមធ្វើចលនាសាច់ដុំ និងខ្លួនប្រាណរបស់អ្នក ដូចជាការលោតចុះឡើង ការរត់កីឡា ការជិះកង់ ការលេងបាល់ជាដើម។ លំហាត់ប្រាណ នឹងជួយអ្នកទំលុះនូវរបាំងនៃភាពកម្រើកមិនរួច ហើយវានឹងជួយលើកទឹកចិត្ត និងបង្កើនឆន្ទៈ ជូនអ្នកដើម្បីសម្រេច​ការងារ​ទៅដោយ​ជោគជ័យ។

 

៣) ទុកពេលលំហែខួរក្បាល និងធ្វើអ្វីដែលយើងចូលចិត្ត

ជារឿយៗ យើងទាំង​អស់គ្នាក្លាយជាខ្ជិល ព្រោះការងាររបស់យើងហាក់ពិបាកពេក។ ដោយ​ធ្វើ​ការលំហែរខួរក្បាល និងធ្វើអ្វីដែលយើងចូលចិត្ត យើងអាចឲ្យខ្លួនឯងមានអារម្មណ៍ថាស្កប់ស្កល់។ នៅពេលដែលមានអារម្មណ៍ស្កប់ស្កល់ យើងនឹងកាន់តែមានទឹកចិត្តក្នុងការធ្វើការងារឲ្យបានកាន់តែធំ និងសម្រេចឲ្យបានកាន់តែច្រើន។

 

៤) បរិយាកាសជុំវិញអ្នក

បរិយាកាសជុំវិញរាងកាយអ្នកផ្តល់នូវឥទ្ធិពលយ៉ាងខ្លាំងទៅលើសតិអារម្មណ៍របស់អ្នក។ ប្រសិនបើផ្ទះរបស់អ្នកមានសភាពរាយប៉ាយគ្មានសណ្តាប់ធ្នាប់ អ្នកច្បាស់ជាមានអារម្មណ៍កាន់តែខ្ជិលច្រអូសមិនខាន ពីព្រោះទាំងការងារកន្លែងធ្វើការ អ្នកមិនទាន់ហើយឥឡូវត្រូវមករៀបចំបន្ទប់ ឬផ្ទះបន្ថែមទៀត។

ចូរអ្នករៀបចំផ្ទះរបស់អ្នកឬកន្លែងធ្វើការឲ្យស្អាត ហើយវានឹជួយលើកទឹកចិត្តអ្នកឲ្យកាន់តែមានចិត្តគំនិតស្រស់ថ្លា និងអារម្មណ៍ល្អជាមួយការងារអ្នក។ ដូចនេះ ភាពខ្ជិលច្រអូសតែងកើតចេញពីការព្យាយាមគេចវេះ ពិការងារដែលយើងមិនចូលចិត្ត ឬពិបាកធ្វើ។

 

៥) យកឈ្នះលើខ្លួនឯង

ដើម្បីយកឈ្នះខ្លួនឯងអ្នកត្រូវ​រៀន​គិតវិជ្ជមាន។ តួយ៉ាង ការងារអ្នកមិនទាន់បញ្ចប់ អ្នកគិតក្នុងចិត្តថា ចាំស្អែកក៏បាន។ អ្នកត្រូវផ្លាស់ប្តូរការគិតបែបនោះចេញភ្លាម ដោយជំនួសដោយគិតថា ធ្វើឲ្យហើយថ្ងៃនេះ ដើម្បីថ្ងៃស្អែកមានពេលសម្រាប់ធ្វើការងារផ្សេង ឬសម្រាកបន្តិចបន្តួច។ យើងខ្លួនឯងជាអ្នកបញ្ជាការគិត ដូចច្នេះអ្នកត្រូវយកឈ្នះលើខ្លួនឯង ព្យាយាមបង្កើតគំនិតវិជ្ជមាន ដើម្បីកំចាត់ភាពខ្ជិលច្រអូសរបស់អ្នកឲ្យអស់៕


មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes