Loading...
១៥​ចំណុច អ្នក​ត្រូវ​ធ្វើ​ការ​លះបង់ ដើម្បី​ជីវិត​ដែល​ជោគជ័យ និង ពោរពេញ​ដោយ​ទ្រព្យ​សម្បត្តិ
Cover
ថ្ងៃ​ចេញ​ផ្សាយ៖ កុម្ភៈ 11, 2018
ចំនួន​ទស្សនា៖ 1450 លើក

នាំ​មក​ជូន​ដោយ​៖ ដៃ​គូ​ដ៏​គួរ​អោយ​ទុក​ចិត្ត​ក្នុង​ការ​ទិញ​ / លក់​ទំនិញ​របស់​អ្នក DLi-MART (Home Delivery)

សួស្ដី​ប្រិយមិត្ត​របស់​ ​​ ទាំង​អស់​គ្នា។ នៅ​ក្នុង​ថ្ងៃ​នេះ ​​ សូម​ធ្វើ​ការ​នាំ​អារម្មណ៍​ប្រិយមិត្ត អោយ​មក​តាម​ដាន​នូវ​អត្ថបទ ដែល​ជា​ការ​ពិត​ និង​ជាក់​ស្ដែង​មួយ ទាក់​ទង​នឹង​រឿងរ៉ាវ​ ១៥​ចំណុច ដែល​បុគ្គល​ជោគជ័យ​ម្នាក់ ចាំ​បាច់​ត្រូវ​ធ្វើ​ការ​លះបង់ មុន​ពេល​ពួក​គេ​អាច​ទទួល​បាន​ជោគជ័យ ឬ​ទ្រព្យ​សម្បត្តិ​ដែល​ខ្លួន​ចង់​បាន។

​ សូម​បញ្ជាក់​ថា​ នៅ​ក្នុង​អត្ថបទ​នេះ ចំណុច​ខ្លះ​អាច​នឹង​មិន​ត្រូវ​ចិត្ត ឬ​ដូច​ទៅ​នឹង​អ្វី​ដែល​ប្រិយមិត្ត​មួយ​ចំនួន​ធ្លាប់​បាន​គិត ប៉ុន្តែ​សូម​ចាំ​ថា នេះ​គឺ​ជា​ការ​ពិត ហើយ​អ្វី​ៗ​គឺ​នឹង​មិន​ដូច​ទៅ​តាម​អ្វី​ដែល​យើង​ចង់​បាន​រហូត​នោះ​ទេ ហើយ​យើង​ត្រូវ​តែ​ប្រឈម​ជា​មួយ​នឹង​ការ​ពិត​ដែល​មិន​អាច​ប្រកែក​បាន។ ការ​ពិត​ដែល​ ​​ ចង់​និយាយ​នោះ​គឺ ដើម្បី​ទទួល​បាន​ជោគជ័យ​ធំធេង ឬ​ទ្រព្យ​សម្បត្តិ​ដ៏​មហាសាល បុគ្គល​ម្នាក់​ៗ​ដាច់​ខាត​ត្រូវ​តែ​ធ្វើ​ការ​លះបង់​របស់​មួយ​ចំនួន​ត្រលប់​ទៅ​វិញ ត្រូវ​ចាំ​គ្មាន​របស់​ណា​ដែល​អាច​បាន​មក​ដោយ​ទទេរៗ ឬ​មិន​មាន​របស់​ដែល​ត្រូវ​លះបង់​ជំនួស​វិញ​នោះ​ទេ។ ភាពជោគជ័យ និង​ទ្រព្យ​សម្បត្តិ​ក៏​ដូច​គ្នា ហើយ​ប្រសិន​បើ​អ្នក​គឺ​ជា​មនុស្ស​ដែល​មាន​គោល​បំណង​ និង​កំពុង​តែ​ធ្វើ​ដំណើរ​ ឆ្ពោះ​ទៅរក​របស់​ទាំង​ពីរ​យ៉ាង​នេះ អ្នក​ចាំបាច់​ត្រូវ​តែ​ត្រៀមចិត្ត​កាយ ដើម្បី​ធ្វើ​ការ​លះបង់​របស់​មួយ​ចំនួន ហើយ​ត្រូវ​ត្រៀម​សតិ​ និង​រៀប​ចំ​ផែនការ​ដើម្បី​ប្រឈម​នឹង​ការ​បាត់​បង់​ទាំង​អស់​នេះ​ដូច​គ្នា។

ចំនុច​មួយ​ផ្សេង​ទៀត​ដែល ​​ ចង់​បញ្ជាក់​ដែរ​នោះ​គឺ ការ​ទទួល​បាន​ភាព​ជោគជ័យ ហើយ​និង​ទ្រព្យ​សម្បត្តិ​មហាសាល គឺ​មិន​មែន​សុទ្ធ​តែ​ជា​គោលដៅ​សម្រាប់​មនុស្ស​គ្រប់​គ្នា​នោះ​ទេ។ អ្នក​ខ្លះ​អាច​ត្រឹម​ចង់​មាន​ជីវិត​ដែល​សាមញ្ញ​ធម្មតា និង​មាន​សុភមង្គល​ទៅ គឺ​គ្រប់​គ្រាន់​សម្រាប់​ពួក​គេ​ហើយ ហើយ​​ ក៏​មិន​អាច​ទៅ​បង្ខំ ឬ​ផ្លាស់​ប្ដូរ​ការ​គិត​របស់​អ្នក​ទាំង​អស់​នោះ​បាន​ដែរ។ ហើយ​សូម​ចាំ​ថា ជីវិត​គឺ​វា​បែប​នេះ​ឯង វា​ត្រូវ​តែ​មាន​ឡើង​ចុះ មាន​បញ្ហា​ហើយ​និង​ដំណោះ​ស្រាយ វា​មិន​អាច​មាន​ភាព​សុខ​ស្រួល​បាន​រហូត​នោះ​ទេ។ ចំណុច​ទាំង​អស់​នេះ មិន​មែន​មាន​ន័យ​ថា រាល់​បុគ្គល​ជោគជ័យ​ទាំង​អស់ ដាច់​ខាត​ត្រូវ​តែ​ធ្វើ​ការ​លះបង់​គ្រប់​ចំណុច​ មុន​ពេល​ទទួល​បាន​ជោគជ័យ​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​ពិត​ប្រាកដ​នោះ​គឺ គ្មាន​បុគ្គល​ជោគជ័យ​ណា ដែល​អាច​ជោគជ័យ​បាន ដោយ​មិន​បាន​ធ្វើ​ការ​លះបង់​ រឿង​រ៉ាវ​ខ្លះៗ ដែល​បាន​រៀបរាប់​នៅ​ក្នុង​បញ្ជី​នេះ​នោះ​ទេ។ សូម​បញ្ជាក់​ផង​ដែរ​ថា បញ្ជី​នេះ​គឺ​ជា​បញ្ជី​ទូទៅ​រួម​មួយ​ដែល ​​ បាន​ធ្វើ​ការ​ប្រមូល​ផ្ដុំ​ពី​ជីវប្រវត្តិ ក៏​ដូច​ជា​ជីវិត​ពិត​របស់​មហាសេដ្ឋី និង​មនុស្ស​ល្បីៗ​ជា​ច្រើន​រូប យក​មក​រួម​បញ្ចូល​គ្នា ដើម្បី​បង្ក​ជា​លក្ខណៈ​ងាយ​ស្រួល សម្រាប់​បង្ហាញ​ដល់​ប្រិយមិត្ត ដើម្បី​អោយ​ប្រិយមិត្ត​បាន​ស្វែងយល់​ និង​រៀប​ចំ​ខ្លួន​ទុក​ជា​មុន ​ប្រសិន​បើ​អ្នក​បាន​សម្រេច​ចិត្ត​ជ្រើសរើស​ដើរ​លើ​ផ្លូវ​មួយ​នេះ។

ជា​ចុង​ក្រោយ ពេល​ដែល​ប្រិយមិត្ត​បាន​អាន​អត្ថបទ​មួយ​នេះ​ដល់​ទី​បញ្ចប់ ​​ សង្ឃឹម​ថា​ប្រិយមិត្ត​នឹង​យល់​កាន់​តែ​ច្បាស់​ពី​បុគ្គល​ជោគជ័យ ហើយ​ក៏​យល់​ដែរ​ថា ទម្រាំ​ពួក​គេ​អាច​មក​ដល់​ចំណុច​នេះ ពួក​គេ​ត្រូវ​ធ្វើ​ការ​ឆ្លង​កាត់​រឿងរ៉ាវ និង​បាន​លះបង់​អ្វី​ខ្លះ​នោះ។ ដូច្នេះ​ប្រសិន​បើ​ប្រិយមិត្ត​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ តោះ​តាម​ដាន​ជាមួយ​នឹង ​​ ទាំង​អស់​គ្នា​នូវ "រឿងរ៉ាវ​ ១៥​ចំណុច ដែល​អ្នក​ត្រូវ​ធ្វើ​ការ​លះបង់ មុន​ពេល​ទទួល​បាន​ជោគជ័យ" ដូច​ខាង​ក្រោម៖

 

១) គ្រួសារ

នេះ​ជា​ចំណុច​សំខាន់​ដែល ​​ ចង់​លើក​យក​មក​បង្ហាញ​ប្រាប់​អោយ​ប្រិយមិត្ត​បាន​ដឹង ពីព្រោះ​ថា​ពិត​ជា​មាន​មនុស្ស​ច្រើន​ណាស់ ដែល​មិន​ចង់​និយាយ​ពាក់ព័ន្ធ​នឹង​បញ្ហា​មួយ​នេះ​ប៉ុន្មាន​ទេ។ ប៉ុន្តែ​អ្វី​ដែល​ជា​ការ​ពិត​នោះ​គឺ មាន​បុគ្គល​ជោគជ័យ​ជា​ច្រើនរូបដែល សុខ​ចិត្ត​ធ្វើ​ការ​ពន្យា​ពេល​នៅ​ក្នុង​ការ​បង្កើត​គ្រួសារ រហូត​ទាល់​តែ​ខ្លួន​ឯង​ឈាន​ចូល​ដល់​វ័យ​ចំណាស់​។ បុគ្គល​ទាំង​អស់​នោះ មាន​គំនិត​ក្នុង​ការ​បង្កើត​គ្រួសារ​នៅ​ខណៈ​ពេល​ដែល​ពួក​គេ​ទទួល​បាន​ភាព​ជោគជ័យ ហើយ​នឹង​ទ្រព្យ​សម្បត្តិ​ច្រើន​តាម​អ្វី​ដែល​ពួក​គេ​ចង់​បាន​ជាមុន​ប៉ុណ្ណោះ។

ចំណុច​នេះ​ប្រហែល​ជា​ការលះបង់​ដ៏​សំខាន់​បំផុត​មួយ នៅ​ក្នុង​ជីវិត​របស់​បុគ្គល​ជោគជ័យ​ភាគ​ច្រើន នេះ​ក៏​ដោយ​សារ​តែ​នៅ​លើ​វិថី​ដែល​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​ផ្នែក​ហិរញ្ញវត្ថុ​ គឺ​ទាមទារ​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ ពេល​វេលា​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ បូក​រួម​និង​កិច្ច​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំងក្លា ដែល​នេះ​វា​ធ្វើ​អោយ​ពួក​គេ​គ្មាន​ពេល​វេលា​គ្រប់​គ្រាន់​ សម្រាប់​ចំណាយ​ទៅ​លើ​រឿង​គ្រួសារ និង​មនោសញ្ចេតនា​ផ្ទាល់​ខ្លួន។

បើ​មិន​ជឿ ប្រិយមិត្ត​អាច​ធ្វើ​ការ​សង្កេត​មើល​បាន​ថា មនុស្ស​ដែល​ជោគជ័យ និង​មាន​សេរីភាព​ផ្នែក​ហិរញ្ញវត្ថុ​ភាគ​ច្រើន គឺ​មិន​ងាយ​នឹង​រៀប​អាពាហ៍ពិពាហ៍​នោះ​ទេ ហើយ​ពិត​ណាស់​ដែល​ថា នៅ​ពេល​ដែល​ពួក​គេ​រៀប​ការ​រួច​ ក៏​ពួក​គេ​មិន​ងាយ​នឹង​បង្កើត​បុត្រ​នោះ​ដែរ។ ​​ ប្រហែល​ជា​ធ្លាប់​និយាយ​រួច​មក​ហើយ​ ​ទាក់​ទង​នឹង​រឿង​កូន​ចៅ​ជំនាន់​ក្រោយ​នេះ ដែល​ថា​ការ​មាន​កូន​ចៅ នៅ​សម័យ​នេះ គឺ​មិន​ដូច​នឹង​សម័យ​មុន​នោះ​ទេ ហើយ​ការ​ឆាប់​មាន​កូន​ពេក​នៅ​ពេល​ដែល​ប្ដីប្រពន្ធ​ពីរ​នាក់​មិន​ទាន់​មាន​លំនឹង ផ្នែក​ហិរញ្ញវត្ថុ​ជាមុន គឺ​វា​ប្រៀប​បី​ដូច​ជា​ការ​ធ្វើ​អត្តឃាត​ផ្នែក​ហិរញ្ញវត្ថុ​អញ្ចឹង ដែល​នេះ​នឹង​ធ្វើ​អោយ​ប្ដី​ប្រពន្ធ​ទាំង​ពីរ​នាក់​នោះ​ក្លាយ​ទៅ​ជា​ជន​រងគ្រោះ ហើយ​និង​ទាសករ​របស់​លុយ។

ចំណុច​មួយ​ផ្សេង​ទៀត​នោះ​គឺ នៅ​ពេល​ដែល​មនុស្ស​ម្នាក់​មាន​កូន ហើយ​ក្លាយ​ទៅ​ជា​ឪពុកម្ដាយ​របស់​គេ អ្វីៗ​ដែល​ពួក​គេ​ធ្វើ​គឺ​ដើម្បី​តែ​កូន​របស់​ខ្លួន​តែ​មួយ​មុខ​គត់ ដូច្នេះ​ពួក​គេ​គ្មាន​ពេល​វេលា​សម្រាប់​គិត​គូរ​ពី​ខ្លួន​ឯង​នោះ​ទេ ហើយ​នេះ​មិន​ចាំ​បាច់​និយាយ​ដល់​គោលដៅ ឬ​សេរីភាព​ផ្នែក​ហិរញ្ញវត្ថុ​ ដែល​ពួក​គេ​ធ្លាប់​កំណត់​ទុក​កាល​ពី​មុន​ទៅ​ទៀត​ផង​។

ផ្នែក​មួយ​ផ្សេង​ទៀត ដែល​ស្ថិត​នៅ​ក្នុង​ចំនុច​នេះ​ដដែល​នោះ​គឺ ការ​លះបង់​នូវ​ទំនាក់​ទំនង​របស់​អ្នក​ជាមួយ​នឹង​ក្រុមគ្រួសារ ហើយ​និង​សាច់​ញាតិ​។ ត្រូវ​ចាំ​ថា​ដើម្បី​ធ្វើ​អោយ​ទំនាក់​ទំនង​របស់​អ្នក មាន​ភាព​ល្អ​ប្រសើរជាមួយ​នឹង​ឪពុកម្ដាយ បងប្អូន ឬ​សាច់​ញាតិ អ្នក​ចាំ​បាច់​ត្រូវ​ធ្វើ​ការ​ចំណាយ​ពេល​វេលា កំលាំង​កាយ​ចិត្ត​ ហើយ​ពេល​ខ្លះ​ថែម​ទាំង​ត្រូវ​ចំណាយ​ហិរញ្ញវត្ថុ​ថែម​ទៀត។ ដែល​ការ​ចំណាយ​ដែល​បាន​លើក​ឡើង​ទាំង​ប៉ុន្មាន​ពី​ខាង​ដើម​នេះ អ្នក​គឺ​មិន​អាច​ផ្ដល់​អោយ​ពួក​គេ​បាន​គ្រប់​គ្រាន់​ឡើយ ប្រសិន​បើ​អ្នក​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល ដំបូង​លើ​វិថី​ឆ្ពោះ​ទៅ​កាន់​ភាព​ជោគជ័យ​របស់​អ្នក។

វា​គឺ​ពិត​ជា​រឿង​ដែល​ក្រៀម​ក្រំ​មួយ ដែល​អ្នក​គ្មាន​ពេល​គ្រប់​គ្រាន់​សម្រាប់​ចំនាយ​ជាមួយ​នឹង សាច់ញាតិ ហើយ​និង​ក្រុមគ្រួសារ​ ឬ​ត្រូវ​ពន្យា​ពេល​បង្កើត​គ្រួសារ​ខ្លួន​ឯង​នោះ ប៉ុន្តែ​នេះ​គឺ​ជា​ការ​ពិត​ដែល​មិន​អាច​ប្រកែក​បាន​មួយ ដែល​បុគ្គល និង​មនុស្ស​ជោគជ័យ​ជា​ច្រើន​ត្រូវ​តែ​ហ៊ាន​ធ្វើ​ការ​លះបង់​ មុន​ពេល​ដែល​ពួក​គេ​អាច​សម្រេច​នូវ​គោល​ដៅ​របស់​ខ្លួន​បាន។

 

២) សុខភាព

​ ប្រហែល​ជា​ធ្លាប់​និយាយ​ប្រាប់​ដល់​ប្រិយមិត្ត​ជា​ច្រើន​ដង​រួច​មក​ហើយ​ថា សុខភាព​គឺ​ពិត​ជា​ធាតុ​ផ្សំ​ដ៏​សំខាន់​សម្រាប់​ជីវិត​ដែល​ជោគជ័យ និង​សុភមង្គល។ ប៉ុន្តែ​ដោយ​សារ​តែ​អត្ថបទ​មួយ​នេះ ពួក​យើង​ចង់​ផ្ដោត​ទៅ​លើ​ការ​លះបង់​ ដើម្បី​ទទួល​បាន​នូវ​ទ្រព្យ​សម្បត្តិ​ ហើយ​និង​ភាព​ជោគជ័យ​ផ្នែក​ហិរញ្ញវត្ថុ​នោះ មតិ​មួយ​ដែល​លើក​ឡើង​ថា "មនុស្ស​ជា​ច្រើន​សុខ​ចិត្ត​លះបង់ សុខភាព ដើម្បី​ទទួល​បាន​ទ្រព្យ​សម្បត្តិ ប៉ុន្តែ​ចុង​ក្រោយ​ពួក​គេ​នឹង​ចាយ​ប្រាក់​ទាំង​នោះវិញ ដើម្បី​ទទួល​បាន​សុខភាព​ល្អ​" គឺ​ពិត​ជា​ត្រឹម​ត្រូវ។

ប្រិយមិត្ត​បាន​ដឹង​រួច​មក​ហើយ​ថា សម្រាប់​បុគ្គល​ជោគជ័យ​ដែល​ភាគ​ច្រើន​គឺ​ជា​សហគ្រិន​នោះ ពួក​គេ​ចូល​ចិត្ត​ចំណាយ​ពេល​ធ្វើ​ការ យ៉ាង​ហោច​ណាស់​រហូត​ដល់​ជាង ១៦​ម៉ោង​ឯណោះ​ក្នុង​មួយ​ថ្ងៃ បន្ទាប់​មក​នឹង​ចំណាយ​ពេល​ធ្វើ​កិច្ចការ​ផ្សេង​ទៀត ដែល​សឹង​តែ​រក​ពេលវេលា​ដើម្បី​សម្រាកគ្មាន។ ហើយ​ប្រាកដ​ណាស់​ថា នៅពេល​ដែល​ពួក​គេ​ព្យាយាម​ធ្វើ​បែប​នេះ​ជា​រៀងរាល់ថ្ងៃ​នោះ រាង​កាយ​ព្រម​ទាំង​សុខភាព​របស់​ពួក​គេ ក៏​ត្រូវ​រង​ផង​ប៉ះពាល់ ហើយ​និង​ទ្រុឌទ្រោម​ទៅ​តាម​នោះ​ដែរ។

ពួក​គេ​នឹង​ទទួល​អារម្មណ៍ ​នឿយ​ហត់ ហើយ​ពិបាក​ក្នុង​ការ​គេង​លក់ នេះ​ក៏​ដោយ​សារ​តែ​គោលដៅ និង​ បញ្ហា​រាប់​រយ​ជំពូក​ដែល​រង​ចាំ​វត្តមាន​របស់​ខ្លួន​ទៅ​ដោះ​ស្រាយ។ ជីវិត​រស់​នៅ​របស់​សហគ្រិន​ទូ​ទៅ​ជាច្រើន គឺ​ពោរពេញ​ទៅ​ដោយ​ភាព​តាន​តឹង ការ​ព្រួយ​បារម្ភ ហើយ​និង​បញ្ហា ហេតុ​ដូច​នេះ​ហើយ​ទើប​បាន​ជា​បុគ្គល​ជោគជ័យ​ភាគ​ច្រើន ភ្លេច​ថែទាំ​សុខភាព​ខ្លួន​ឯង​ ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​រក​ភាព​មាន​បាន​របស់​ខ្លួន។

 

៣) មិត្តភក្ដ

នៅ​ពេល​ដែល​មនុស្ស​ម្នាក់​ចង់​សម្រេច​គោលដៅ ហើយ​និង​ទទួល​បាន​ភាព​ជោគជ័យ​ផ្នែក​ហិរញ្ញវត្ថុ​ ពេល​នោះ​ជីវិត​របស់​ពួក​គេ​គឺ​គ្មាន​ពេល​វេលា​គ្រប់​គ្រាន់​សម្រាប់​ចំណាយ​ជាមួយ​នឹង​ទំនាក់​ទំនង​ក្នុង​សង្គម​បាន​នោះ​ទេ។ ក្រុម​មនុស្ស​ដែល​អ្នក​ចាំបាច់​ត្រូវ​ធ្វើ​ការ​លះបង់​ មុន​ដំបូង​គេ​បំផុត​ ប្រសិន​បើ​អ្នក​ចង់​ជោគជ័យ​នោះ​ គឺ​ក្រុម​មនុស្ស​ដែល​គ្មាន​ចិត្តចង់​អោយ​អ្នក​អាច​អភិវឌ្ឍន៍​ទៅ​មុខ​ទៀត​បាន ហើយ​មនុស្ស​ជំពូក​នេះ បើ​សិន​ជា​អាច​កាត់​ផ្ដាច់​បាន​លឿន​ប៉ុណ្ណា​គឺ​ល្អ​ប៉ុណ្ណឹង។ បន្ទាប់​ពី​មនុស្ស​ក្រុម​នេះ ក្រុម​បន្ទាប់​គឺ​ជា​មនុស្ស​ដែល​មិន​បាន​ជួយ​ ឬ​ជ្រោមជ្រែង​ដល់​គោលដៅ​របស់​អ្នក។

វា​គឺ​ជា​រឿង​ទូទៅ និង​ធម្មតា​មួយ​ទៅ​ហើយ ដែល​យើង​តែង​សង្កេត​ឃើញ​ថា​ មនុស្ស​ជោគជ័យ​ភាគ​ច្រើន​ចូល​ចិត្ត​កាត់​បន្ថយ​នូវ​ទំនាក់​ទំនង​របស់​ខ្លួន​ជាមួយ​នឹង​ មិត្តភក្ដ​ចាស់​ៗ​ក៏​ដូច​ជា មនុស្ស​ទូទៅ​ក្នុង​សង្គម ដែល​មិន​អាច​ជួយ​ជម្រុញ​ ឬ​លើក​ទឹក​ចិត្ត​ពួក​គេ​បាន ហើយ​ជំនួស​ដោយ​បុគ្គល​ដែល​មាន​ផ្នត់​គំនិត​ស្រដៀង​គ្នា ដែល​អាច​ផ្ដល់​ជាយោបល់​ និង​អាច​មាន​សមត្ថភាព​ អោយ​ពួក​គេ​អាច​រៀនសូត្រ​តាម​បាន។

ត្រូវ​ចាំ​ថា​ នៅ​លើ​វិថី​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ វា​គឺ​ពិត​ជា​ការ​ចាំបាច់​បំផុត ដែល​អ្នក​ត្រូវ​សេពគប់​ជាមួយ​នឹង​មនុស្ស​ដែល​យល់​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង ហើយ​និង​ការ​តស៊ូ​របស់​អ្នក ហើយ​យល់​ច្បាស់​ពី​មូលហេតុ ថា​តើ​មក​ពី​ហេតុ​អ្វី​បាន​ជា​អ្នក​ត្រូវ​ប្រឹងប្រែង​ដល់​កម្រិត​នេះ​។ គ្មាន​បុគ្គល​ណា ដែល​អាច​យល់​ពី​ការ​លះបង់ ហើយ​និង​កិច្ច​ប្រឹងប្រែង​របស់​សហគ្រិន​ម្នាក់ ក្រៅ​តែ​ពី​សហគ្រិន​ម្នាក់​ទៀត​នោះ​ទេ ហើយ​ប្រសិន​បើ​អ្នក​ពិត​ជា​ចង់​ជោគជ័យ​មែន​នោះ ដូច្នេះ​ក្រុម​មនុស្ស​ដែល​អ្នក​សេពគប់​ចាំ​បាច់​ត្រូវ​តែ​ពោរពេញ​ទៅ​ដោយ​មនុស្ស​ដែល​មាន​គុណភាព និង​ផ្ដល់​នូវ​គុណតម្លៃ ទោះ​ជា​មាន​ចំនួន​តិចតួច​ក៏​ដោយ។

 

៤) ចំណង់​ចំណូល​ចិត្ត

ត្រូវ​ចាំ​ថា ចំណង់​ចំណូល​ចិត្ត​គឺ​ផ្ដល់​ជា​អត្ថប្រយោជន៍ និង​គុណតម្លៃ​តិចតួច​បំផុត ត្រលប់​មក​អោយ​មនុស្ស​ម្នាក់​ ហើយ​និង​បរិស្ថាន​ជុំវិញ​ខ្លួន​ពួក​គេ។ មិន​ត្រឹម​តែ​ប៉ុណ្ណឹង ដើម្បី​រក្សា​នូវ​ទម្លាប់​ ឬ​ចំណង់​ចំណូល​ចិត្ត​ណាមួយ​នោះ គឺ​វា​ទាមទារ​នូវ​ការ​ចំណាយ​ពេលវេលា ការ​ផ្ដោត​អារម្មណ៍​យក​ចិត្ត​ទុក​ដាក់​ ហើយ​និង​ហិរញ្ញវត្ថុ​ថែម​ទៀត​ផង។

ប្រសិន​បើ​អ្នក​គឺ​ជា​បុគ្គល​ដែល​ចង់​ក្លាយ​ទៅ​ជា​អ្នក​មាន ហើយ​បច្ចុប្បន្ន​មិន​ទាន់​ស្ថិត​ក្នុង​ស្ថានភាព​ហិរញ្ញវត្ថុ​ដែល​ខ្លួន​ពេញ​ចិត្ត​នោះ អ្នក​គឺ​មិន​ទាន់​អាច​មាន​លទ្ធភាព​រក្សា​ ឬ​ធ្វើ​តាម​ចំណង់​ចំណូល​ចិត្ត​របស់​ខ្លួន​បាន​នោះ​ទេ។ នេះ​គឺ​ជា​ការ​ពិត​មួយ ដែល​អ្នក​ត្រូវ​ធ្វើ​ការ​លះបង់​នូវ​ចំណង់​ចំណូល​ចិត្ត​ផ្ទាល់​ខ្លួន ដើម្បី​ភាព​ជោគជ័យ​។ ជា​ឧទាហរណ៍​ចំណង់​ចំណូល​ចិត្ត​របស់​អ្នក​ អាច​ជា​ការ​លេង​ភ្លេង ការ​លេង​បាល់ ការ​លេង​ហ្គេម ឬ​ការ​គូររូប តើ​អ្នក​នៅ​ចង់​រក្សា​ចំណង់​ចំណូល​ចិត្ត​ទាំង​នោះ​ដល់​ពេល​ណា ប្រសិន​បើ​ពេល​នេះ អ្នក​កំពុង​តែ​ជួប​នឹង​បញ្ហា​ហិរញ្ញវត្ថុ ហើយ​មិន​ទាន់​ទាំង​អាច​ មើល​ថែ​ខ្លួន​ឯង​អោយ​បាន​ពេញ​លេញ​ផង​នោះ? ដូច្នេះ​វា​ជា​អ្វី​ដែល​អ្នក​គួរ​តែ​ព្យាយាម​កាត់​ចោល ដើម្បី​ទុក​ពេល​វេលា និង​ហិរញ្ញវត្ថុ​ដែល​នៅ​សេសសល់​ទៅ​លើ គោលដៅ​របស់​ខ្លួន​វិញ​ទើប​ជា​ការ​ប្រសើរ។

 

៥) ពេលវេលា

នៅ​លើ​វិថី ពី​ចំណុច​សូន្យ ឆ្ពោះ​ទៅ​កាន់​គោលដៅ​ដែល​ជា​ភាព​ជោគជ័យ​ផ្នែក​ហិរញ្ញវត្ថុ ទាមទារ​នូវ​ពេលវេលា​ជា​មធ្យម​យ៉ាង​ហោច​ណាស់​ចាប់​ពី ៧ ទៅ​ដល់​ ១០​ឆ្នាំ​ ហើយ​វា​ផ្អែក​ទៅ​លើ​វិស័យ​ដែល​អ្នក​កំពុង​តែ​ធ្វើ​ពាណិជ្ជកម្ម ភាព​ឈ្លាសវៃ​ បញ្ហា​ស្មារតី សមត្ថភាព​នៃ​ការ​ជ្រៀត​ចូល​ទីផ្សារ បូករួម​នឹង​ទំហំ​នៃ​ការ​ចំណាយ​កម្លាំង​កាយ​ចិត្ត និង​ពេលវេលា​របស់​អ្នក​ទៅ​ក្នុង​ការងារ​នោះ​ផង​ដែរ។

សម្រាប់​ពេល​វេលា​ដែល​អ្នក​ចំណាយ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់ អង្គុយ​នៅ​ពី​មុខ​កុំព្យូទ័រ ដើម្បី​ធ្វើ​ការ​ចរចារ​ជាមួយ​នឹង​អ្នក​ផ្គត់ផ្គង់ ក៏​ដូច​ជា​ឆ្លើយ​តប​ទៅ​កាន់​អតិថិជន​របស់​អ្នក​នោះ វា​ប្រហែល​ជា​ពេល​វេលា​ដែល​លំបាក​បំផុត នៅ​ក្នុង​ជីវិត​រស់​នៅ​របស់​អ្នក ក៏​ប៉ុន្តែ​ទាំង​អស់​នេះ វា​គឺ​ជា​ការលះបង់​ដ៏​មាន​សារៈសំខាន់​បំផុត ប្រសិន​បើ​បុគ្គល​ម្នាក់​ពិត​ជា​មាន​មហិច្ឆតា​ក្នុង​ការ​ទទួល​បាន​ជោគជ័យ​ផ្នែក​ហិរញ្ញវត្ថុ​ដោយ​ពិត​ប្រាកដ។ នេះ​ក៏​ដោយ​សារ​តែ​ពេលវេលា​ដែល​អ្នក​ចំណាយ​ទាំង​ប៉ុន្មាន​នោះ​ វា​នឹង​ហុច​ផល បូក​រួម​និង​ផ្លែ​ផ្កា​ត្រលប់​មកវិញ។

សម្រាប់​រយៈពេល​ ៧ឆ្នាំ ពេល​ស្ដាប់​ដំបូង​ទៅ​ហាក់​បី​ដូច​ជា​ពេល​វេលា​ដែល​យូរ​ខ្លាំង​ណាស់ ហើយ​ក៏​ប្រហែល​ជា​ពោរពេញ​ទៅ​ដោយ​ការ​ចងចាំ​ដែល​ជូរចត់​ថែម​ទៀត​ផង ក៏​ប៉ុន្តែ​អ្វី​ដែល​ ​​ អាច​ប្រាប់​ទៅ​ដល់​ប្រិយមិត្ត​បាន​នោះ​គឺ ទោះ​ជា​ប្រិយមិត្ត​ធ្វើ​អ្វី​ក៏​ដោយ ពេលវេលា​វា​គង់​តែ​ដើរ​ទៅ​មុខ ហើយ​រយៈពេល​ ៧​ឆ្នាំ​នេះ វា​នឹង​កន្លង​ទៅ ដូច្នេះ​វា​មិន​មែន​ជា​ការ​ប្រសើរ​ទេ​ឬ ប្រសិន​បើ​ប្រិយមិត្ត​ប្រើ​ពេល​វេលា​ដ៏​យូរ​នេះ ធ្វើ​ការ​វិនិយោគ​ទៅ​លើ​ក្ដី​សុបិន្ត ហើយ​និង​ភាព​ជោគជ័យ​ផ្នែក​ហិរញ្ញវត្ថុ​របស់​ខ្លួន ជាជាង​អង្គុយ​ចាំ​មើល​លទ្ធផល​?

 

៦) សុភមង្គល

នៅ​ត្រង់​ចំណុច​នេះ វា​ប្រហែល​ជា​ការ​លះបង់​ដ៏​ធំ​ធេង​មួយ បន្ទាប់​ពី​គ្រួសារ។ ហើយ​ប្រិយមិត្ត​ប្រហែល​ជា​ធ្លាប់​បាន​លឺ​ពាក្យ​មួយ​ឃ្លា​ដែល​គេ​និយាយ​ថា "មាន​ប្រាក់​មិន​ប្រាកដ​ថា​អាច​ទិញ ​សុភមង្គល​បាន​នោះ​ទេ ក៏​ប៉ុន្តែ​ដើម្បី​ទទួល​បាន​ប្រាក់ អ្នក​ចាំ​បាច់​ត្រូវ​តែ​ធ្វើ​ការ​លះបង់​សុភមង្គល​ខ្លះ"។ បើ​ទោះ​បី​ជា​កិច្ចការ​ដែល​អ្នក​កំពុង​តែ​ធ្វើ គឺ​ជា​អ្វី​ដែល​អ្នក​ស្រលាញ់ ឬ​ចូល​ចិត្ត​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ ក៏​គ្មាន​មនុស្ស​ណា​ម្នាក់​ដែល​អាច​មាន​អារម្មណ៍​រីករាយ​បាន​គ្រប់​ពេល​វេលា ហើយ​មាន​លទ្ធភាព​ធ្វើ​ការ​ពី​ ១៤ ទៅ ១៦​ម៉ោង បាន​ជារៀងរាល់​ថ្ងៃ​នោះ​ដែរ។

ហេតុ​ដូច​នេះ​ហើយ ទើប​បាន​ជា​មនុស្ស​គ្រប់​រូប​ចាំ​បាច់​ត្រូវ​ស្វែង​រក​អោយ​ឃើញ នូវ​តុល្យភាព​រវាង​សុភមង្គល ហើយ​និង​ទ្រព្យ​សម្បត្តិ​ដែល​ខ្លួន​ចង់​បាន​ ថា​តើ​សុភមង្គល​កម្រិត​ណា​ដែល​ពួក​គេ​អាច​ធ្វើ​ការ​លះបង់​បាន ដើម្បី​ទទួល​បាន​នូវ​ទ្រព្យ​សម្បត្តិ។ ត្រូវ​ចាំ​ថា ប្រសិន​បើ​ប្រិយមិត្ត​ធ្វើ​ការ​លះបង់​ច្រើន​ខ្លាំង​ពេក ប្រិយមិត្ត​ប្រហែល​ជា​មិន​អាច​សម្រប​ខ្លួន​បាន​ភ្លាមៗ​នោះ​ទេ ក៏​ប៉ុន្តែ​សូម​ចាំ​ថា ប្រសិន​បើ​អ្នក​អាច​ធ្វើ​ការ​លះបង់​សុភមង្គល​រយៈពេល​ខ្លី​នេះ​បាន នោះ​នា​ពេល​អនាគត​អ្នក​គឺ​អាច​មាន​លទ្ធភាព​ទទួល​បាន​នូវ​សុភមង្គល​ដែល​យូរអង្វែង និង​ខុសប្លែក​ពី​អ្វី​ដែល​អ្នក​ធ្លាប់​បាន​ជួប​ពី​មុន​មក​ក៏​ថា​បាន។ ជា​ឧទាហរណ៍​ជាក់ស្ដែង​ សុភមង្គល​ដែល​អ្នក​នឹង​ទទួល​បាន​ អាច​ជា​ការ​ធ្វើ​ដំណើរ​កម្សាន្ដ ឬ​ចំណាយ​ពេល​វេលា​បាន​ច្រើន​ជាមួយ​នឹង​ក្រុមគ្រួសារ ឬ​កូនចៅ​របស់​អ្នក​ ដោយ​មិន​ចាំ​បាច់​ព្រួយបារម្ភ ពី​បញ្ហា​ហិរញ្ញវត្ថុ​ដូច​បច្ចុប្បន្ន​នោះ​ឡើយ។ នេះ​ហើយ​ជា​មូលហេតុ​តូច​មួយ ដែល​អ្នក​គួរ​តែ​លះបង់​នូវ​សុភមង្គល​រយៈពេល​ខ្លី​ដែល​នៅ​ចំពោះ​មុខ​នេះ​ចោល​ខ្លះ។

 

៧) ដំណេក

​ ធ្លាប់​និយាយ​ប្រាប់​ប្រិយមិត្ត​ច្រើន​ដង​ហើយ​ថា បុគ្គល​ជោគជ័យ អ្នក​មាន ហើយ​និង​មហាសេដ្ឋី​ពួក​គេ​ទទួល​ទាន​ដំណេក​តិចតួច​បំផុត ហើយ​សម្រាប់​ប្រិយមិត្ត​ក៏​ដូច​គ្នា ប្រិយមិត្ត​មិន​អាច​ចំណាយ​ពេល​គេង​ច្រើន​ពេក​នោះ​ទេ មាន​តែ​មនុស្ស​បរាជ័យ ឬ​សត្វ​ជ្រូក​ប៉ុណ្ណោះ ដែល​មាន​ទម្លាប់​ដេក​ច្រើន​ស្ទើរ​តែ​ពេញ​មួយ​ថ្ងៃ។

ត្រូវ​ចាំ​ថា ដើម្បី​អោយ​ខ្លួន​ឯង អាច​មាន​លទ្ធភាព​ឆាប់​ទៅ​ដល់​គោលដៅ​ ប្រិយមិត្ត​ត្រូវ​តែ​ធ្វើ​ការ​សម្រេច​ចិត្ត​លះបង់​ការ​ទទួល​ទាន​ដំណេក​ច្រើន​ពេក​ចោល​ខ្លះ។ នៅ​ពេល​ដែល​អ្នក​គេង​ច្រើន​ម៉ោង​ពេក អ្នក​អាច​មាន​ភាគរយ​ខ្ពស់​បំផុត​ក្នុង​ការ​ខកខាន​ចាប់​យក​ ឱកាស​ដ៏​មាន​សារៈសំខាន់​ណាមួយ ឬ​ខក​ខាន​ក្នុង​ការ​យក​ពេល​ដែល​គេង​នោះ​ទៅ​ធ្វើ​រឿង​ដែល​ផ្ដល់​នូវ​គុណតម្លៃ​អ្វី​ផ្សេង។

ទោះ​បី​ជា​បែប​ណា បើ​និយាយ​ពី​ចំណុច​ដែល​ទាក់​ទង​នឹង​ការ​ទទួល​ទាន​ដំណេក​នេះ អាច​មាន​ការ​ខ្វែង​មតិ​គ្នា​បន្តិច ពី​ព្រោះ​បុគ្គល​ជោគជ័យ​ខ្លះ​និយាយ​ថា ពួកគេ​ត្រូវ​ការ​គេង​អោយ​បាន​គ្រប់​គ្រាន់​ដើម្បី​អោយ​ផលិតភាព​ការងារ​របស់​ពួក​គេ​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់ ប៉ុន្តែ​ក្នុង​នោះ ក៏​មាន​បុគ្គល​ជោគជ័យ​មួយ​ចំនួន​ទៀត​ (ឧទាហរណ៍​ដូច​ជា​លោក Elon Musk ជា​ដើម​) ដែល​ចំណាយ​ពេល​គេង​តិចតួច​បំផុត ក្នុង​ន័យ​ទុក​ពេល​វេលា​នោះ សម្រាប់​ធ្វើ​ការ​ងារ​ដែល​មាន​ប្រយោជន៍​ផ្សេង។ សម្រាប់​ការ​ខ្វែង​គំនិត​គ្នា​នេះ អាច​ថា​មាន​អំណះអំណាង​និង​ភាព​ត្រឹម​ត្រូវ​របស់​វា​ដូច​គ្នា ក៏​ប៉ុន្តែ​ ​​ អាច​វិភាគ​បង្ហាញ​ដល់​ប្រិយមិត្ត​បាន​ថា ការ​ចំណាយ​ពេល​គេង​តិច គឺ​អាច​អនុញ្ញាតិ​អោយ​យើង​យក​ពេល​ដែល​នៅ​សល់​ទាំង​នោះ ទៅ​ធ្វើ​កិច្ចការ​ដែល​មាន​គុណភាព​ផ្សេង ហើយ​វា​ពិត​ជា​ខាតបង់ និង​អត់​ប្រយោជន៍​បំផុត បើ​មនុស្ស​ម្នាក់​ចំណាយ​ពេល​គេង​តិច ប៉ុន្តែ​បែរ​ជា​យក​ពេល​ដែល​នៅ​សល់នោះ ​ទៅ​ធ្វើ​ការងារ​ដែល​គ្មាន​គុណតម្លៃ​ទៅ​វិញ។

ការ​កាត់​បន្ថយ​ការ​ទទួល​ទាន​ដំណេក គឺ​ជា​រឿង​ដំបូង​ដែល​បុគ្គល​ជោគជ័យ​មួយ​រូប​ត្រូវ​តែ​ធ្វើ​ការ​លះបង់ នៅ​ពេល​ដែល​ពួក​គេ​សម្រេច​ចិត្ត​ថា​ដើរ​នៅ​លើ​ផ្លូវ​ដ៏​លំបាក​មួយ​នេះ។ ទោះ​បី​ជា​បែប​ណា ​​ អាច​ប្រាប់​ប្រិយមិត្ត​បាន​ថា ការ​ទទួល​ទាន​ដំណេក​ត្រឹម ៦​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ អាច​អនុញ្ញាតិ​អោយ​រាង​កាយ​ និង​ខួរក្បាល​របស់​យើង​ទទួល​យក​បាន។

 

៨) ភាព​ជា​ខ្លួន​ឯង

ប្រសិន​បើ​អ្នក​ពិត​ជា​ចង់​ក្លាយ​ទៅ​ជា​អ្នក​មាន ពិត​ជា​ចង់​ក្លាយ​ជា​មនុស្ស​ដែល​ជោគជ័យ អ្នក​ចាំបាច់​ត្រូវ​តែ​ធ្វើ​ការលះបង់​នូវ​អ្វី​ដែល​ជា​ខ្លួន​ឯង ដើម្បី​អាច​មាន​លទ្ធភាព​ធ្វើ​ការ​ផ្លាស់ប្ដូរ​ទៅ​ជា​មនុស្ស​ម្នាក់​ថ្មី ដែល​អ្នក​ចង់​បាន។ ចំណុច​នេះ​អ្នក​អាច​សាក​គិត​ថា ខ្លួន​ឯង​នា​ពេល​បច្ចុប្បន្ន​នេះ​គឺ​ប្រៀប​បី​ដូច​ជា​ Software ដែល​កំពុង​តែ​ស្ថិត​ក្នុង​ដំណាក់​កាល​កំពុង​តែ​ត្រូវ​បាន​ផលិត​ឡើង ក៏​ប៉ុន្តែ​កុំ​មាន​ចិត្ត​ភ័យ​ខ្លាច​ក្នុង​ការ Update ធ្វើ​អោយ​ Software នោះ​កាន់​តែ​ប្រសើរ។

ត្រូវ​ចាំ​ថា ស្ថានភាព​នាពេល​បច្ចុប្បន្ន​នេះ​គឺ​មិន​អាច​ធ្វើ​អោយ​អ្នក​ក្លាយ​ទៅ​ជា​អ្នក​មាន ឬ​ទទួល​បាន​ភាព​ជោគជ័យ​ផ្នែក​ហិរញ្ញវត្ថុ​បាន​ទេ ហេតុ​ដូច​នេះ​ហើយ វា​ពិត​ជា​រឿង​ចាំបាច់​បំផុត​ ដែល​អ្នក​ត្រូវ​តែ​ធ្វើ​កិច្ចការ​មួយ​ចំនួន ដើម្បី​កែប្រែ​វា។ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ គឺ​ធ្វើ​ការ​វាយតម្លៃ​ថា​អ្នក​គឺ​ជា​មនុស្ស​បែប​ណា បញ្ហា​អ្វី​ខ្លះ​ដែល​កំពុង​តែ​រារាំង​ដល់​ដំណើរការ​របស់​អ្នក ហើយ​កិច្ចការ​អ្វី​ខ្លះ​ដែល​បច្ចុប្បន្ន​នេះ អ្នក​មិន​អាច​មាន​លទ្ធភាព​ធ្វើ​បាន បន្ទាប់​ពី​ធ្វើ​ការ​វាយតម្លៃ​ទាំង​អស់​នេះ​ហើយ ត្រូវ​តែ​ស្វែង​រក​វិធី​ដើម្បី​ធ្វើ​ការ​ផ្លាស់ប្ដូរ​រឿង​ទាំង​អស់​នោះ​ចេញ។

ទិដ្ឋភាព​ជាក់​ស្ដែង​មួយ ដែល​អ្នក​អាច​អភិវឌ្ឍន៍​អោយ​ប្រសើរ​បាន​នោះ​គឺ ការ​កំណត់​និង​ដាក់​វិន័យ​អោយ​ខ្លួន​ឯង ប្រសិន​បើ​អ្នក​ជា​មនុស្ស​ដែល​ខ្វះ​ខាត​វិន័យ​ចំពោះ​ខ្លួន​ឯង អ្នក​ក៏​ពិបាក​នឹង​ទទួល​បាន​ជោគជ័យ​ដូច​គ្នា​។ មូលហេតុ​គឺ​ដោយ​សារ​តែ​ភាពជោគជ័យ គ្រប់​រូប​ភាព​ទាំង​អស់ គឺ​ទទួល​បាន​ពី​ការ​បញ្ចេញ​សកម្មភាព និង​ធ្វើ​កិច្ចការ​ណា​មួយ​ដោយ​មិន​ឈប់​ឈរ ដែល​ផ្ដល់​ជា​លទ្ធផល​បន្តិចម្ដងៗ​ ហើយ​មាន​តែ​មនុស្ស​ដែល​មាន​វិន័យ​ចំពោះ​ខ្លួន​ឯង​ប៉ុណ្ណោះ ដែល​អាច​ធ្វើ​កិច្ចការ​ទាំង​នេះ​ បាន​ដោយ​មិន​ធុញ​ទ្រាន់។

 

៩) ការ​កម្សាន្ដ

នេះ​គឺ​ជា​ចំណុច​បន្ទាប់​ពី​ការ​ទទួល​ទាន​ដំណេក ដែល​បុគ្គល​ជោគជ័យ​គួរ​តែ​ធ្វើ​ការ​លះបង់​ចោល។ វា​គឺ​ពិត​ជា​គ្មាន​ហេតុ​ផល​អ្វី ដែល​អ្នក​ត្រូវ​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​ទៅ​ទស្សនា រឿងភាគ​តាម​ទូរទស្សន៍ ឬ​ធ្វើ​កិច្ចការ​ណា​ដែល​មិន​ផ្ដល់​តម្លៃ​ត្រលប់​មក​អោយ​អ្នក​វិញ​នោះ​ទេ។ សម្រាប់​មនុស្ស​បរាជ័យ ពួក​គេ​តែង​តែ​ចូល​ចិត្ត​ធ្វើ​កិច្ចការ​ដែល​គ្មាន​ប្រយោជន៍ ហើយ​ចូលចិត្ត​បង្ហាញ​ពី​ភាព​ត្រឹម​ត្រូវ​ថា ទង្វើ​របស់​ខ្លួន​គឺ​ជា​រឿង​ដែល​មាន​ប្រយោជន៍ និង​ផ្ដល់​គុណតម្លៃ​ត្រលប់​មក​វិញ។

ប្រសិន​បើ​អ្នក​ ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ដំបូង​នៃ​ដំណើរ​ឆ្ពោះ​ទៅ​រក​ភាព​រីកចម្រើន ហើយ​និង​ជោគជ័យ​ផ្នែក​ហិរញ្ញវត្ថុ លោក​អ្នក​ត្រូវ​ប្រញាប់​ធ្វើ​ការ​កាត់​បន្ថយ​នូវ​សកម្មភាព​ទាំង​ឡាយ​ណា ដែល​ចាត់​ចូល​ជា​សកម្មភាព​បែប​កម្សាន្ដ​ដែល​មិន​ផ្ដល់ ឬ​ផ្ដល់​នូវ​គុណតម្លៃ​តិចតួច​ត្រលប់​មក​អោយ​ខ្លួន​អ្នក​ចោល​ភ្លាម។ នៅ​ត្រង់​ចំនុច​នេះ មិន​មែន​មាន​ន័យ​ថា អ្នក​មិន​អាច​ស្វែង​រក​ការ​កម្សាន្ដ ឬ​ធ្វើ​សកម្មភាព​ដែល​ធ្វើ​អោយ​អ្នក​សប្បាយចិត្ត​បាន​នោះ​ទេ ក៏​ប៉ុន្តែ​អ្នក​គប្បី​ធ្វើ​តែ​សកម្មភាព​កម្សាន្ដ​ណា ដែល​ជួយ​ជម្រុញ​នូវ​គោលដៅ ក៏​ដូច​ជា​ផ្ដល់​ប្រយោជន៍​អោយ​អ្នក​បាន​ច្រើន​បំផុត​ប៉ុណ្ណោះ។ ជាឧទាហរណ៍ លើក​លែង​តែ​អ្នក​គឺ​ជា​ អ្នក​លេង​ហ្គេម​អាជីព វា​គ្មាន​មូលហេតុ​ណា​មួយ​ដែល​អ្នក​ត្រូវ​ចំណាយ​ពេល​លេង​ហ្គេម​រាប់​ម៉ោង​នោះ​ទេ ហើយ​អ្នក​ក៏​មិន​គួរ​ចំណាយ​ពេល​មើល​កីឡា ឬ​ខ្សែ​ភាពយន្ដ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ ប្រសិន​បើ​អ្នក​មិន​មែន​ជា​បុគ្គល​ដែល​ត្រូវ​បង្ហាញ​មុខ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​នោះ​ដែរ។

ត្រូវ​ចង​ចាំ​ថា វា​គឺ​ជា​ការ​ចាំ​បាច់​បំផុត ដែល​អ្នក​ត្រូវ​ចំណាយ​កម្លាំង​កាយ​ចិត្ត និង ពេលវេលា​ដ៏​មាន​តម្លៃ​ទៅ​ធ្វើ​កិច្ចការ​ណា​ ដែល​ផ្ដល់​ជា​គុណតម្លៃ និង​ដើម្បី​សម្រេច​នូវ​គោលដៅ​របស់​ខ្លួន។

 

១០) ស្ថិរភាព

ប្រិយមិត្ត​គប្បី​ត្រូវ​ដឹង​ថា វិថី​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ ហើយ​និង​ទ្រព្យ​សម្បត្តិ​គឺ​គ្មាន​ឡើយ​ពាក្យ​ថា​ស្ថិរភាព វា​ប្រៀប​បី​ដូច​ជា​ការ​ជិះ​រថភ្លើង Roller Coaster នៅ​ឯ​សួន​កម្សាន្ដ​យ៉ាង​អញ្ចឹង ជួន​កាល​វា​ឡើង​ទៅ​ខាង​លើ ហើយ​ជួន​កាល​ទៀត​ត្រូវ​ដាំ​ក្បាល​ចុះ​ក្រោម​ក៏​មាន។

ហេតុ​ដូច​នេះ​ហើយ បើ​សិន​ជា​អ្នក​ចង់​ជោគជ័យ ស្ថិរភាព​គឺ​ជា​រឿង​មួយ​ដែល​អ្នក​ត្រូវ​តែ​ត្រៀម​លក្ខណៈ​ផ្លូវ​ចិត្ត​ដើម្បី​លះបង់​វា ពី​ព្រោះ​គ្មាន​នរណា​ដឹង​ថា​នៅ​ថ្ងៃ​ស្អែក ឬ​អនាគត​តើ​នឹង​មាន​រឿង​អ្វី​កើត​ឡើង​ខ្លះ​នោះ​ទេ ហើយ​អ្នក​ក៏​មិន​អាច​នៅ​សុខៗ​ក៏​ទទួល​បាន​ភាព​ជោគជ័យ​ដែរ។ ដាច់​ខាត​អ្នក​ត្រូវ​តែ​បញ្ចេញ​សកម្មភាព ​ត្រៀម​លក្ខណៈ​ផ្លូវ​កាយ​ផ្លូវចិត្ត ពង្រីក​បណ្ដាញ​ទំនាក់​ទំនង សេពគប់​មនុស្ស​ជោគជ័យ​ដទៃ​ទៀត ចរចារ​ជាមួយ​ដៃគូ ឬ​អតិថិជន​របស់​អ្នក ហើយ​ចំណុច​សំខាន់​នោះ អ្នក​គឺ​ត្រូវ​តែ​ធ្វើ​រឿង​ទាំង​អស់​នេះ​ដោយ​ខ្លួន​ឯង ពីព្រោះ​ថា​នៅ​លើ​ផ្លូវ​នេះ គ្មាន​នរណា​ម្នាក់​នៅ​ចាំ​ជួយ​អ្នក​បាន​ក្រៅ​តែ​ពី​ខ្លួន​ឯង​នោះ​ទេ។

នៅ​ក្នុង​ករណី​ដែល​អ្នក​យល់​ថា បរិស្ថាន​ឬ​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន​របស់​អ្នក គឺ​កំពុង​តែ​ធ្វើ​ការ​រាំង​ស្ទះ​ទៅ​ដល់​គោលដៅ ឬ​មហិច្ឆតា​របស់​អ្នក អ្នក​ចាំ​បាច់​ត្រូវ​តែ​ធ្វើ​ការ​លះបង់​វា​ចោល អ្នក​អាច​ផ្លាស់​ប្ដូរ​ទី​លំនៅ ឬ​ទៅ​ជួល​កន្លែង​ស្នាក់​នៅ​ផ្សេង​ណា​ ដែល​ហ៊ុមព័ទ្ធ​ទៅ​ដោយ​មនុស្ស​ដែល​មាន​គំនិត​ស្រដៀង​គ្នា​ជាមួយ​អ្នក។ ត្រូវ​ចាំ​ថា​អ្នក​គឺ​ជា​ម្ចាស់​ការ​លើ​ជីវិត​ខ្លួន​ឯង ហើយ​លទ្ធផល​ក្នុង​ជីវិត​ដែល​អ្នក​ទទួល​បាន នោះ​គឺ​បាន​មក​ពី​ការ​សម្រេច​ចិត្ត​ និង សកម្មភាព​ដែល​អ្នក​បាន​ធ្វើ ហើយ​ក្នុង​ករណី​ដែល​លទ្ធផល​នោះ​វា​មិន​ល្អ អ្នក​មិន​អាច​បន្ទោស​នរណា​ម្នាក់​បាន​ទេ អ្វីៗ​គឺ​ជា​កំហុស​របស់​អ្នក​តែ​មួយ​មុខ​គត់។

បើ​ទោះ​បី​ជា​ដំណើរ​នៅ​លើ​វិថី​មួយ​នេះ គឺ​វា​មាន​ភាព​លំបាក​ដូច​ជា​ការ​ជិះ Roller Coaster ក្ដី​ក៏​ប៉ុន្តែ​វា​គឺ​ពិត​ជា​ដំណើរ​ដែល​ពោរពេញ​ដោយ​គុណតម្លៃ ហើយ​នៅ​គោលដៅ​ចុង​ក្រោយ លទ្ធផល​ដែល​អ្នក​នឹង​ទទួល​បាន​ក៏​អស្ចារ្យ​ជាង​លទ្ធផល​ទូទៅ​ដែរ។

 

១១) ប្រាក់​ចំណូល

មាន​ប្រិយមិត្ត​ខ្លះ​ប្រហែល​ជា​មិន​ចង់​លឺ​ចំនុច​នេះ​ប៉ុន្មាន​នោះ​ទេ ក៏​ប៉ុន្តែ​អ្វី​ដែល​ជា​ការពិត​នោះ​គឺ ទម្រាំ​តែ​អាច​ទៅ​ដល់​គោល​ដៅ​ដែល​អ្នក​បាន​កំណត់​ទុក​បាន អ្នក​ចាំ​បាច់​ត្រូវ​តែ​ធ្វើ​ការ​លះបង់​នូវ​ប្រាក់​ចំណូល​ស្ទើរ​តែ​មួយ​រយ​ភាគ​រយ​របស់​ខ្លួន។ ពេល​ដែល​អ្នក​ទទួល​បាន​ចំណូល អ្នក​ត្រូវ​បង្ខំ​ចិត្ត​ដាក់​វា​ត្រលប់​ចូល​ទៅ​ក្នុង​ពាណិជ្ជកម្ម​របស់​ខ្លួន​វិញ​ភ្លាម ដើម្បី​ធ្វើ​ការ​ទូទាត់​នូវ​ការ​ចំណាយ​ផ្សេងៗ។

នេះ​គឺ​ជា​រឿង​ដែល​ជៀស​មិន​ផុត ហើយ​ក៏​គ្មាន​វិធី​ផ្សេង​ក្រៅ​ពី​នេះ​ដែរ។ រាល់​ប្រាក់​ចំណូល​ដែល​អ្នក​ទទួល​បាន ​គឺ​នឹង​ត្រូវ​យក​ទៅ​ប្រើ​តាម​ផែន​ការ​ដែល​បាន​រៀបចំ​ទុក​យ៉ាង​ប្រុងប្រយ័ត្ន ដើម្បី​អោយ​ការ​ចំណាយ​នោះ​ទទួល​បាន​នូវ​ប្រសិទ្ធភាព​ខ្ពស់ និង ជម្រុញ​ដល់​ការ​លូតលាស់​នៃ​ដំណើរ​ការ​ក្រុមហ៊ុន​របស់​អ្នក។ ហើយ​សម្រាប់​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​របស់​អ្នក​វិញ​នោះ ជា​ទូទៅ​គឺ​វា​ស្ថិត​នៅ​ក្រោយ​គេ​បង្អស់​ឯណោះ នៅ​ក្នុង​បញ្ជី​ផែនការ​នេះ។

 

១២) សេចក្ដី​សុខ

ពេល​ដែល​ប្រិយមិត្ត​បាន​មើល​ឃើញ​មនុស្ស​ជោគជ័យ ឬ​មហាសេដ្ឋី​ណា​ម្នាក់​ដែល​ពួក​គាត់​អាច​មាន​លទ្ធភាព រស់​នៅ​ក្នុង​វិមាន​ដ៏​ធំ​ស្កឹមស្កៃ បើក​បរ​រថយន្ដ​ប្រណីត មាន​យន្ដហោះ​ផ្ទាល់​ខ្លួន អាច​ធ្វើ​ដំណើរ​កំសាន្ដ​នៅ​ជុំវិញ​ពិភពលោក ទាំង​អស់​នេះ​វា​គឺ​ជា​លទ្ធផល​ចុងក្រោយ​នៃ​គោលដៅ​ដែល​ពួក​គាត់​បាន​កំណត់​ទុក ក៏​ប៉ុន្តែ​សូម​កុំ​ភ្លេច​ថា ពួក​គាត់​គឺ​ត្រូវ​ប្រឹងប្រែង អត់​ធ្មត់ ខំ​ធ្វើការ​ទាំង​យប់​ទាំង​ថ្ងៃ​សឹង​តែ​គ្មាន​ពេល​សម្រាក​ ហើយ​ត្រូវ​រស់​នៅ​ក្នុង​ជីវភាព​ដ៏​សែន​យ៉ាប់​យឺន​អស់​រយៈពេល​រាប់​សិប​ឆ្នាំ ទម្រាំ​តែ​អាច​មាន​ថ្ងៃ​បែប​នេះ។

លើក​លែង​តែ​អ្នក គឺ​ជា​ទាយាទ​ដែល​កើត​មក​ក្នុង​គ្រួសារ​ដែល​មាន​ទ្រព្យ​សម្បត្តិ​ហូរហៀរ​ស្រាប់ ​បើ​មិន​ដូច្នោះ​ទេ អ្នក​ចាំ​បាច់​ត្រូវ​តែ​តស៊ូ​ពុះពារ​គ្រប់​បែប​យ៉ាង​មុន​ពេល​អ្នក​អាច​ជោគជ័យ​ ហើយ​សំខាន់​បំផុត​នោះ ការ​លះបង់​ធំធេង​មួយ​ចំនួន​ដាច់​ខាត​អ្នក​ត្រូវ​តែ​ធ្វើ។ វិធី​ងាយ​ស្រួល​ជាង​គេ​បំផុត​ដើម្បី​ជោគជ័យ​នោះ គឺ​ការ​លះបង់​នូវ​សេចក្ដី​សុខ ហើយ​ចំណាយ​ទ្រព្យ​ធន​ដែល​អ្នក​មាន យក​ទៅ​អភិវឌ្ឍន៍ និង​ធ្វើ​អោយ​ខ្លួន​អ្នក​កាន់​តែ​រីក​ចម្រើន​ជាង​មុន។

វា​គឺ​ពិត​ជា​រឿង​ដែល​សោក​សៅ​ខ្លាំង​បំផុត ដែល​មនុស្ស​ទូទៅ​ភាគ​ច្រើន ចូល​ចិត្ត​យក​ទ្រព្យ​ធន​បន្តិចបន្តួច​ដែល​ខ្លួន​មាន ទៅ​ចំណាយ​លើ​កិច្ចការ ឬ​ទិញ​សម្ភារៈ​ដើម្បី​យក​មក​បំពេញ​នូវ​អ្វី​ដែល​ពួក​គេ យល់​ថា​គឺ​ជា​សេចក្ដី​សុខ​ផ្ទាល់​ខ្លួន។ ជា​ឧទាហរណ៍​ជាក់​ស្ដែង និយាយ​ពី​រឿង​ទូរស័ព្ទ​ដៃ ក្រុមហ៊ុន​ iPhone ឬ Samsung បញ្ចេញ​លក់​ទូរស័ព្ទ​ជំនាន់​ថ្មី​របស់​ខ្លួន​មិន​ទាំង​បាន​ប៉ុន្មាន​នាទី​ផង មនុស្ស​រាប់​សែន​រាប់​លាន​នាក់ ដណ្ដើម​គ្នា​ទៅ​ទិញ​វា​យក​មក​ធ្វើ​ជា​កម្មសិទ្ធ ទាំង​ដែល​ទូរស័ព្ទ​ដៃ​ដែល​ខ្លួន​កំពុង​តែ​កាន់​ប្រើ​នោះ មិន​ទាន់​ទាំង​មាន​បញ្ហា​ហើយ​នៅ​ដំណើរ​ការ​ជា​ប្រក្រតី​សោះ។

អ្វី​ដែល​អ្នក​គួរ​ធ្វើ​ គឺ​កាត់​បន្ថយ​នូវ​ការ​ចំណាយ​ដែល​គ្មាន​ប្រយោជន៍​ចោល​អោយ​អស់​ ហើយ​យក​វា​ទៅ​ប្រើ​លើ​កិច្ចការ​ដែល​ផ្ដល់​ជា​ប្រយោជន៍ និង​គុណតម្លៃ​ដល់​អ្នក​នា​ពេល​អនាគត​វិញ នោះ​ទើប​ជា​ការ​ប្រសើរ។

 

១៣) តម្រូវ​ការ​អោយ​អ្នក​ដទៃ​ចូល​ចិត្ត

ត្រង់​ចំណុច​នេះ បើ​និយាយ​ដោយ​សំអាង​ទៅ​លើ​ស្ថិតិ​វិញ យើង​សង្កេត​ឃើញ​ថា មនុស្ស​ដែល​មិន​ចូល​ចិត្ត​សម្រប​តាម​អ្នក​ដទៃ​ច្រើន​ ហើយ​ធ្វើ​កិច្ចការ​ដែល​ខុស​ប្លែក​ពី​គេ​ ជា​ធម្មតា​តែង​តែ​ជោគជ័យ​ជាង​មនុស្ស​ទូទៅ​ដែល​ចូល​ចិត្ត​ជឿ​តាម​អ្នក​ដទៃ។ នេះ​គឺ​ជា​ការ​ពិត មិន​មែន​ជា​គំនិត​ផ្ទាល់​របស់​ ​​ នោះ​ទេ។

យើង​អាច​ពិនិត្យ​ទាំង​អស់​គ្នា​ថា ជា​ធម្មតា​ដើម្បី​ធ្វើ​អោយ​អ្នក​ដទៃ​ចូល​ចិត្ត មនុស្ស​ម្នាក់​ត្រូវ​តែ​ធ្វើ​ការ​លះបង់ ផល​ប្រយោជន៍​របស់​ខ្លួន​ឯង ​ទៅ​អោយ​អ្នក​ដទៃ (នេះ​គឺ​ជា​ការ​ពិត)។ ហើយ​នៅ​ចុង​បញ្ចប់​បន្ទាប់​ពី​ធ្វើ​រឿង​នេះ​ហើយ តើ​អ្នក​ណា​ជា​អ្នក​រីកចម្រើន? អ្នក​លះបង់​ផល​ប្រយោជន៍​ខ្លួន​ឯង ដើម្បី​អោយ​គេ​ចូលចិត្ត ឬ​អ្នក​ដែល​នៅ​ចាំ​ទទួល​ផល​ប្រយោជន៍​ពី​គេ?

ត្រង់​ចំណុច​នេះ​មិន​មែន​ ​​ ចង់​ណែ​នាំ​អោយ​អ្នក​ទាំង​អស់​គ្នា​ក្លាយ​ទៅ​ជា​មនុស្ស​អាក្រក់ អត្មានិយម មិន​ចេះ​ធ្វើ​បុណ្យ​ដាក់​ទាន​នោះ​ទេ ក៏​ប៉ុន្តែ​រាល់​អ្វីៗ​ដែល​ប្រិយមិត្ត​គួរ​ធ្វើ​នោះ​គឺ ត្រូវ​តែ​គិត​គូរ​ពី​ផល​ប្រយោជន៍​របស់​ខ្លួន​ឯង​អោយ​បាន​មុន រួច​សឹម​គិត​គូរ​ពី​ផល​ប្រយោជន៍​របស់​អ្នក​ដទៃ​ជា​ក្រោយ។ ពេល​ខ្លះ​ការ​គិត​និង​ធ្វើ​បែប​នេះ អាច​មិន​សូវ​ជា​មាន​ប្រជា​ប្រិយ ឬ​ទទួល​បាន​ការ​ចូល​ចិត្ត​ពី​សំណាក់​មនុស្ស​ទូទៅ​ដែល​នៅ​ជុំវិញ​ខ្លួន​របស់​អ្នក​នោះ​ទេ ក៏​ប៉ុន្តែ​ការ​លះបង់​នូវ​តម្រូវ​ការ​ធ្វើ​អោយ​អ្នក​ដទៃ​ចូលចិត្ត ជំនួស​ដោយ​ការ​ធ្វើ​អ្វី​មួយ​ដែល​ផ្ដល់​ជា​ប្រយោជន៍​សម្រាប់​ខ្លួន​ឯង​មុន​នោះ វា​មិន​មែន​ជា​រឿង​ខុស​នោះ​ទេ នរណាៗ​ក៏​ត្រូវ​គិត​ពី​ខ្លួន​ឯង​អោយ​បាន​មុន​ដែរ។ ហេតុអ្វី​អ្នក​ចាំ​បាច់​ត្រូវ​ធ្វើ​អ្វីៗ​ដើម្បី​ផ្គាប់​ចិត្ត​អ្នក​ដទៃ​នោះ ត្រូវ​ទេ?

 

១៤) អំណួត

ត្រូវ​ចាំ​ថា ទោះ​ជា​អ្នក​ត្រូវ​ធ្លាក់​ខ្លួន​ទៅ​ធ្វើ​កិច្ចការ​ដែល​លំបាក ឬ​កិច្ចការ​ដែល​មនុស្ស​ជា​ច្រើន​យល់​ថា​មិន​សូវ​ជា​ថ្លៃ​ថ្នូរ​បែប​ណា​ក៏​ដោយ អោយ​តែ​វា​ជា​កិច្ចការ​ដែល​មិន​ខុស​នឹង​ច្បាប់ ហើយ​អាច​ជួយ​អ្នក​អោយ​បាន​ទៅ​ដល់​គោលដៅ​នោះ គឺ​វា​គ្រប់​គ្រាន់​ហើយ ចង់​អ្នកដទៃ​និយាយ​បែប​ណា​គឺ​ជា​គំនិត​ផ្ទាល់​ខ្លួន​របស់​ពួក​គេ។

ប្រសិន​បើ​អ្នក​មាន​អំណួត​ចំពោះ​ខ្លួន​ឯង​ខ្លាំង​ពេក ហើយ​មិន​សុខ​ចិត្ត​ទ្រាំ​ធ្វើ​កិច្ចការ​លំបាក​ដើម្បី​ទ្រទ្រង់​ជីវភាព​ប្រចាំ​ថ្ងៃ ក្នុង​ដំណាក់​កាល​ដែល​អ្នក​កំពុង​តែ​ដើរ​លើ​វិថី​ឆ្ពោះ​ទៅ​កាន់​គោលដៅ​របស់​ខ្លួន​ទេ​ នោះ​អ្នក​ក៏​ប្រហែល​ជា​គ្មាន​ថ្ងៃ​បាន​ទៅ​ដល់​គោលដៅ​មួយ​នោះ​ដែរ។ ត្រូវ​ចាំ​ថា អំណួត​គឺ​ជា​សត្រូវ​របស់​ផលិតភាព

អ្វី​ក៏​ដោយ​ដែល​អ្នក​ធ្វើ អ្នក​គប្បី​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​គោលដៅ​របស់​ខ្លួន ហើយ​ធ្វើ​អោយ​ក្ដី​សុបិន្ត​មួយ​នោះ​ក្លាយ​ទៅ​ជា​ការពិត មិនមែន​នៅ​ខ្វាយ​ខ្វល់​ពី​គំនិត​ឬ​យោបល់​របស់​អ្នក​ដទៃ​នោះ​ទេ ចង់​ពួក​គេ​និយាយ​បែប​ណា​ក៏​ជា​រឿង​របស់​ពួក​គេ ពីព្រោះ​មាន​តែ​ខ្លួន​អ្នក​ប៉ុណ្ណោះ ដែល​ដឹង​យ៉ាង​ច្បាស់​ថា​ខ្លួន​គឺ​កំពុង​តែ​ធ្វើ​អ្វី ហើយ​ចង់​បាន​អ្វី​ពិត​ប្រាកដ។ សូម​ជឿជាក់​ចុះ​ថា នៅ​ពេល​ដែល​អ្នក​អាច​សម្រេច​នូវ​គោលដៅ​បាន ហើយ​ទទួល​បាន​នូវ​ភាព​ជោគជ័យ មនុស្ស​ដែល​ធ្លាប់​តែ​និយាយ​មិន​ល្អ​ពី​អ្នក​នោះ នឹង​ត្រលប់​មក​មើល​អ្នក​ក្នុង​ផ្លូវ​ផ្សេង​ហើយ​ជួន​កាល​អាច​នឹង​មាន​ការ​គោរព​ចំពោះ​អ្នក​ថែម​ទៀត​ផង។

ដូច្នេះ​អ្វី​ដែល​អ្នក​គួរ​ធ្វើ គឺ​កុំ​ខ្វាយ​ខ្វល់​ពី​សម្ដី​អ្នក​ដទៃ​ច្រើន បន្ទន់​ឥរិយាបថ​ ដាក់​ខ្លួន លះបង់​នូវ​អំណួត​របស់​ខ្លួន​ចោល ហើយ​ប្រឹងប្រែង​ធ្វើ​កិច្ចការ​ដើម្បី​គោលដៅ​របស់​អ្នក​វិញ​ទើប​ជា​ការ​ប្រសើរ។

 

១៥) លទ្ធផល​ភ្លាមៗ

មនុស្ស​ទូទៅ​ភាគ​ច្រើន គឺ​ចូលចិត្ត​រំពឹង​លទ្ធផល​ភ្លាមៗ ចេញ​ពី​កិច្ច​ប្រឹងប្រែង​បន្តិច​បន្តួច​របស់​ខ្លួន ដូច្នេះ​បើ​សិន​ជា​អ្នក​ជា​មនុស្ស​ដែល​ចង់​ជោគជ័យ កុំព្យាយាម​គិត​សាមញ្ញ និង​ ធម្មតាៗ​បែប​នេះ។ ចំណុច​នេះ​ហើយ ដែល​ជា​បន្ទាត់​បែងចែក​នូវ​ភាព​ខុសគ្នា រវាង​មនុស្ស​ជោគជ័យ​ពិត​ប្រាកដ ជាមួយ​និង​មនុស្ស​ធម្មតា ដែល​ចូល​ចិត្ត​បង្ហាញ​អោយ​គេ​ឃើញ​ថា ​ខ្លួន​ក៏​ជា​មនុស្ស​ជោគជ័យ​នឹង​គេ​ដែរ។

ប្រសិន​បើ​អ្នក​ធ្វើ​អ្វីៗ​ទៅ​តាម​ផែនការ ប្រឹងប្រែង​ធ្វើ​ការ​ដោយ​មិន​ឈប់​ឈរ នឹង​ខិតខំ​អភិវឌ្ឍន៍​នូវ​អ្វី​ដែល​ខ្លួន​ធ្វើ​អោយ​កាន់​តែ​ល្អឡើងៗ​នោះ ភាព​ជោគជ័យ​គឺ​ស្ថិត​នៅ​ជិត​បង្កើយ​ ដំណើរ​ការ​បែប​នេះ គឺ​គ្មាន​អ្វី​ដេល​ជា​អាថ៍កំបាំង​នោះ​ទេ។ ហើយ​នៅ​កាលៈទេសៈ​ដែល​អ្នក​ទទួល​បាន​លទ្ធផល​បន្តិចបន្តួច​នោះ កុំ​អនុញ្ញាតិ​អោយ​វា​ក្លាយ​ទៅ​ជា​អន្ទាក់ រារាំង​អ្នក​មិន​អោយ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​អោយ​សោះ។ ត្រូវ​ចាំ​ថា​នៅ​ពេល​ដែល​អ្នក អនុញ្ញាតិ​អោយ​ ភាពជោគជ័យ​ត្រឹម​បន្តិចបន្តួច​ ធ្វើ​អោយ​អ្នក​ក្អេងក្អាង ហើយ​គិត​ថា​ខ្លួន​ឯង​ជា​មនុស្ស​អស្ចារ្យ​នោះ វា​នឹង​ធ្វើ​អោយ​អ្នក​បាត់​បង់​ទស្សនវិស័យ​វែង​ឆ្ងាយ​របស់​ខ្លួន ហើយ​គិត​ថា​ខ្លួន​អាច​មាន​សមត្ថភាព​ជោគជ័យ​បាន​ត្រឹម​តែ​ប៉ុណ្ណឹង​ឯង ទាំង​ដែល​ការ​ពិត​ លទ្ធផល​នេះ​គឺ​វា​តិចតួច​ប៉ុណ្ណោះ។

ឧស្សាហ៍​សួរ​ខ្លួន​ឯង ថា​តើ​លទ្ធផល​ដែល​អ្នក​ទទួល​បាន​នេះ គឺ​វា​គ្រប់​គ្រាន់​សម្រាប់​អ្នក​ដែរ​ឬ​ទេ? តើ​អ្នក​ត្រឹម​ចង់​ជោគជ័យ​តូចតាច ឬ​ក៏​ចង់​ទទួល​ជោគជ័យ​ធំធេង? បើ​អ្នក​ចង់​ជោគជ័យ​ធំធេង ត្រូវ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​បន្ថែម ហើយ​កុំអនុញ្ញាតិ​អោយ​លទ្ធផល​ភា្លមៗ​បន្តិចបន្តួច​នោះ មក​បិទបាំង​ភ្នែក​របស់​អ្នក​អោយ​សោះ។

 

នេះ​ប្រហែល​ជា​អត្ថបទ​ដែល​វែង​ខ្លាំង​បន្តិច​ហើយ​ សម្រាប់​ប្រិយមិត្ត​ទាំង​អស់​គ្នា ហើយ​ក៏​ប្រហែល​ជា​ពោរពេញ​ទៅ​ដោយ​សំណេរ ដែល​មិន​សូវ​ជា​ត្រូវ​ចិត្ត​ប្រិយមិត្ត​មួយ​ចំនួន​ប៉ុន្មាន​ដែរ ប៉ុន្តែ​សូម​ចាំ​ថា នេះ​គឺ​ជា​ច្បាប់​ដើម្បី​ភាព​ជោគជ័យ​ផ្នែក​ហិរញ្ញវត្ថុ។ អ្នក​ខ្លះ​ប្រហែល​ជា​គិត​ថា ចង់​ស្វែង​រក​វិធី​ដែល​ងាយៗ ឬ​ផ្លូវ​កាត់​ដើម្បី​ធ្វើ​អោយ​ខ្លួន​ឯង​ឆាប់​ជោគជ័យ ឬ​ឆាប់​មាន​ទ្រព្យសម្បត្តិ​ធូរធារ ប៉ុន្តែ ​​ ហ៊ាន​អះអាង​ថា សម្រាប់​បុគ្គល​ជោគជ័យ​ដែល​ឈាន​ទៅ​ដល់​ដំណាក់​កាល​កំពូល​ទាំង​អស់​ គឺ​សុទ្ធសឹង​តែ​ជា​មនុស្ស​ដែល​មាន​ភាព​ឈ្លាសវៃ មាន​មហិច្ឆតា មាន​គោលដៅ មាន​វិន័យ​ច្បាស់​លាស់ ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​កិច្ចការ​របស់​ខ្លួន ហើយ​ជាពិសេស​នោះ ពួក​គេ​គឺ​សុខចិត្ត​ធ្វើ​ការ​លះបង់​កិច្ចការ​មួយ​ចំនួន​ធំ ដែល​ ​​ បាន​លើក​ឡើង​ក្នុង​អត្ថបទ​មួយ​នេះ។ ត្រូវ​ចាំ​ថា ដើម្បី​ជោគជ័យ​ហើយ​និង​ទ្រព្យ​សម្បត្តិ ចាំ​បាច់​អ្នក​ត្រូវ​ធ្វើ​ការ​លះបង់​ច្រើន​ណាស់ ដូច្នេះ​អ្នក​ត្រូវ​តែ​ប្រាកដ​ក្នុង​ចិត្ត​ជាមុន ថា​តើ​អ្នក​ពិត​ជា​ចង់​ដើរ​នៅ​លើ​វិថី​នេះ​ពិត​ប្រាកដ​ដែរ​ឬ​ទេ៕

 


មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes