Loading...
ស្ថាបនិក​ក្រុមហ៊ុន Ikea ទទួល​មរណភាព​ក្នុង​វ័យ ៩១​ឆ្នាំ
Cover
ថ្ងៃ​ចេញ​ផ្សាយ៖ មករា 29, 2018
ចំនួន​ទស្សនា៖ 829 លើក

នាំ​មក​ជូន​ដោយ​៖ ផ្ដល់​ភាព​​ស្រស់​ស្អាត​ប្រកប​ដោយ​ការ​ជឿ​ជាក់​សំរាប់​អ្នក Mey GlutaShop

ទីក្រុង Stockholm៖ ស្ថាបនិក​ក្រុមហ៊ុន Ikea លោក Ingvar Kamprad ដែល​ជា​អ្នក​បង្កើត​អាណាចក្រ​ពាណិជ្ជកម្ម​ខ្នាត​អន្តរជាតិ លើ​ផ្នែក​សង្ហារឹម​សម្រាប់​ផ្ទះល្វែង​នោះ បាន​ទទួល​មរណភាព​ហើយ​នៅ​ក្នុង​វ័យ ៩១​ឆ្នាំ នេះ​បើ​តាម​របាយការណ៍​ផ្លូវ​ការ​ ពី​ក្រុមហ៊ុនយក្ស​មួយ​នេះ បាន​ប្រកាស​កាល​ពី​ថ្ងៃ​ម្សិលមិញ។

របាយការណ៍​របស់​ក្រុមហ៊ុន​បាន​ធ្វើ​ការ​លើក​ឡើង​ថា "លោក Kamprad បាន​លា​ចាក​លោក​ដោយ​ភាព​ស្ងប់​សុខ និង​ហ៊ុមព័ទ្ធ​ទៅ​ដោយ​សាច់​ញាតិ​របស់​ខ្លួន នៅ​ឯ​គេហដ្ឋាន​របស់​លោក​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ស៊ុយអ៊ែត កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ ​ដោយ​ជរាពាធ។"

"កេរ្ដិ៍​តំណែល និង​ស្នាដៃ​របស់​លោក នឹង​ត្រូវ​បាន​ធ្វើ​ការ​កោត​សរសើរ​ដោយ​មនុស្ស​ជាច្រើន​នៅ​លើ​ពិភពលោក ហើយ​ទស្សនៈវិស័យ​របស់​លោក ក្នុង​ការ​ផ្ដល់​នូវ​ភាព​សុខ​ស្រួល​ដល់​ជីវិត​រស់​នៅ​របស់​មនុស្ស​ទូទៅ​នោះ នឹង​នៅ​តែ​ជា​ទស្សនៈវិស័យ​របស់​ក្រុមហ៊ុន ក្នុង​ការ​ផ្ដល់​ជូន​នូវ​ភាព​ល្អ​ឥត​ខ្ចោះ​ដល់​អតិថិជន​របស់​យើង។" នេះ​បើ​តាម​ប្រសាសន៍​របស់​លោក Jesper Brodin អគ្គនាយក​និង​ជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Ikea Group។

កើត​នៅ​ឆ្នាំ ១៩២៦ ក្នុង​ត្រកូល​ជា​កសិករ​នៅ​ភាគ​ខាងត្បូង​ប្រទេសស៊ុយអ៊ែត លោក​ Ingvar Kamprad បាន​បង្កើត​ក្រុមហ៊ុន Ikea នេះ​ឡើង​ពេល​ដែល​លោក​មាន​វ័យ​ត្រឹម​ ១៧​ឆ្នាំ​ប៉ុណ្ណោះ។ បើ​ទោះ​បី​ជា​ទទួល​បាន​នូវ​ភាព​ជោគជ័យ និង​ទ្រព្យ​សម្បត្តិ​មហាសាល​ក្ដី ប៉ុន្តែ​លោក​នៅ​តែ​មាន​ទម្លាប់​ចាយ​វាយ​តិចតួច​ ដូច​ទៅ​នឹង​មនុស្ស​ទូ​ទៅ​ដែរ។

នៅ​ក្នុង​ឆ្នាំ ១៩៧៣ លោក​បាន​ផ្លាស់​ប្ដូរ​ក្រុមហ៊ុន​ចេញ​ពី​ប្រទេស​ស៊ុយអ៊ែត ទៅ​កាន់​ប្រទេស​ដាណឺម៉ាក ដើម្បី​គេច​ពី​ច្បាប់​បង់​ពន្ធ​ដ៏​ធ្ងន់​ធ្ងរ​របស់​ប្រទេស​ស៊ុយអ៊ែត ហើយ​បន្ទាប់​មក​ទៀត​ក៏​បាន​ផ្លាស់​ចេញ​ពី​ប្រទេស​ដាណឺម៉ាក ​ទៅ​ប្រទេស​ស្វីស​ដែល​ជា​ប្រទេស​មាន​ច្បាប់​ពន្ធ​កាន់​តែ​តិច​ថែម​ទៀត។

តាំង​ពី​ឆ្នាំ ២០១០​មក លោក Kamprad ក្នុង​តួនាទី​ជា​ថ្នាក់​ដឹកនាំ​របស់​ក្រុមហ៊ុន បាន​ធ្វើ​ការ​ត្រួសត្រាយ​ផ្លូវ​សម្រាប់​កូន​ប្រុស​ទាំង​បី​របស់​លោក ហើយ​ចុង​ក្រោយ​លោក​ក៏​បាន​ត្រលប់​មក​រស់​នៅ​ក្នុង​ប្រទេស​ស៊ុយអ៊ែត​វិញ នៅ​ក្នុង​ឆ្នាំ ២០១៤។

នៅ​ក្នុង​ឆ្នាំ ២០១៣ លោក​បាន​ប្រកាស​នឹង​ចូល​និវត្តន៍​ពី​ក្រុមប្រឹក្សា​ភិបាល​របស់​ក្រុមហ៊ុន ហើយ​កូន​ប្រុស​ពៅ​របស់​លោក នឹង​ធ្វើ​ការ​នៅ​ក្នុង​ក្រុមហ៊ុន​ក្នុង​តួនាទី​ជា ​ប្រធាន​ក្រុមប្រឹក្សា​ភិបាល។

យោង​តាម​របាយការណ៍​ស៊ើប​អង្កេត​ហិរញ្ញវត្ថុ​ The Consortium of Investigative Journalists ដែល​ចេញ​ផ្សាយ​នៅ​ក្នុង​ឆ្នាំ ២០១៤ បាន​ធ្វើ​ការ​បញ្ចេញ​នូវ​ឯកសារ​បង់​ពន្ធ​បែក​ធ្លាយ​ចេញ​ពី​ទីក្រុង Luxembourg របស់​ក្រុមហ៊ុន Ikea ហើយ​បាន​បង្ហាញ​ថា ក្រុមហ៊ុន​ខ្នាត​យក្ស​មួយ​នេះ បាន​ធ្វើ​ការ​គេច​ពន្ធ​ក្នុង​ចំនួន​ដ៏​ច្រើន​សន្ធឹក​សន្ធាប់ ដោយ​បាន​ផ្លាស់​ប្ដូរ​ទីតាំង​ក្រុមហ៊ុន ទៅ​កាន់​ប្រទេស​ដែល​មាន​ពន្ធ​ទាប។

កាល​ពី​ឆ្នាំ​ទៅ គណៈកម្មការ​អឺរ៉ុប បាន​ចេញ​សេចក្ដី​ប្រកាស​ថា ខ្លួន​បាន​បើក​ការ​ស៊ើប​អង្កេត​លើ​ករណី​បង់​ពន្ធ​របស់​ក្រុមហ៊ុន Ikea នៅ​ក្នុង​ប្រទេស​ហូឡង់។ ដោយ​ក្នុង​នោះ​ គណៈកម្មការ​អ៊ឺរ៉ុប ទទូច​ថា​សកម្មភាព​របស់​ខ្លួន គឺ​អនុលោម​ទៅ​តាម​ច្បាប់​ពន្ធដារ របស់​ជាតិ​និង​អន្តរជាតិ​ប៉ុណ្ណោះ។

លោក Kamprad ក៏​ត្រូវ​បាន​គេ​ដឹង​ផង​ដែរ​ថា លោក​មាន​ទំនាក់​ទំនង​ជិតស្និទ​ជាមួយ​នឹង​គណបក្ស​ Nazi ក្នុង​ប្រទេស​ស៊ុយអ៊ែត​ពេល​ដែល​លោក​មាន​វ័យ​ក្មេង។ ​ទោះ​បី​ជា​បែប​ណា​នៅ​ក្នុង​សង្គ្រាម​លោក​លើក​ទី​ពីរ ប្រទេស​ស៊ុយអ៊ែត គឺ​រក្សា​គោល​ជំហរ​អព្យាក្រឹត ហើយ​គណបក្ស​ Nazi នៅ​ក្នុង​ប្រទេស​នេះ គឺ​នៅ​តែ​មាន​ដំណើរ​ការ​ធម្មតា ក្រោយ​សង្គ្រាម​ចប់​បន្ទាប់​ពី​ឆ្នាំ ១៩៤៥។ នៅ​ក្នុង​ឆ្នាំ ១៩៤៨ លោក​បាន​ផ្ដាច់​ទំនាក់​ទំនង​ទាំង​ស្រុង​ ហើយ​ឈប់​ចូល​រួម​កិច្ច​ប្រជុំ​នានា​របស់​គណបក្ស​នោះ​ផង​ដែរ៕


ប្រភព៖ Khmer Times
មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes