Loading...
ជោគវាសនា​សម្រាប់​អ្នក​កើត​ឆ្នាំ​រោង តាម​ខែ​កំណើត
C1 5
ថ្ងៃ​ចេញ​ផ្សាយ៖ មករា 12, 2018
ចំនួន​ទស្សនា៖ 1534 លើក

នាំ​មក​ជូន​ដោយ​៖ ដៃ​គូ​ដ៏​គួរ​អោយ​ទុក​ចិត្ត​ក្នុង​ការ​ទិញ​ / លក់​ទំនិញ​របស់​អ្នក DLi-MART (Home Delivery)

ឆ្នាំ​ឆ្លូវ​ ជា​ឆ្នាំ​ទី​ប្រាំ ក្នុង​ចំណោម​ឆ្នាំ​កំណើត​ចិន​ទាំង​១២ ហើយ​តំណាង​ដោយ​សត្វ​នាគរាជ។ អ្នក​ដែល​មាន​ឆ្នាំ​រោង​គឺ​ជា​អ្នក​កើត​នៅ​ក្នុង​ឆ្នាំ 1928, 1940, 1952, 1964, 1976, 1988, 2000, 2012...។

​នៅ​ក្នុង​ជំនឿ​របស់​ជន​ជាតិ​ចិន សត្វ​នាគ​ត្រូវ​បាន​ចាត់​ទុក​គឺ​ជា​សត្វ​ដែល​ខ្ពង់​ខ្ពស់​ និង​ ស្ថិត​នៅ​ទី​កំពូល ហើយ​ពួក​គេ​ចាត់​ទុក​ខ្លួន​ឯង​ ថា​ជា​អ្នក​ជំនាន់​ក្រោយ​របស់​ពូជ​ពង្ស​នាគរាជ​ថែម​ទៀត​ផង។ នៅ​ក្នុង​រឿង​ព្រេង​ឬ រឿង​ទេវកថា សត្វ​នាគ​ត្រូវ​បាន​ជឿ​ថា​ជា​សត្វ​ដែល​អាច​ហោះ​ហើរ​លើ​មេឃ និង​មាន​កម្លាំង​ថាមពល​ដ៏​មហស្ចារ្យ។ វា​គឺ​ជា​សត្វ ​ដែល​តំណាង​នូវ​អំណាច សេចក្ដី​ថ្លៃ​ថ្នូរ កិត្តយស ភាព​ជោគជ័យ សំណាង​ល្អ ហើយ​នឹង​សមត្ថភាព​អង់អាច។ អធិរាជ​ចិន​បុរាណ ច្រើន​ប្រៀប​ធៀប​ខ្លួន​ឯង​ប្រដូច​ទៅ​នឹង​សត្វ​នាគ​នេះ​ផង​ដែរ។ ខែ​កំណើត​ដែល​ល្អ​បំផុត​សម្រាប់​បុគ្គល​ដែល​កើត​នៅ​ក្នុង​ឆ្នាំ​រោងនេះ គឺ​ខែ កុម្ភៈ មីនា មេសា ឧសភា កក្កដា សីហា និង​ខែ​កញ្ញា។

ខាង​ក្រោម​នេះ គឺ​ជា​ជោគ​វាសនា​របស់​បុគ្គល​ដែល​កើត​នៅ​ក្នុង​ឆ្នាំ​រោង​នេះ តាម​ខែ​កំណើត​នីមួយៗ៖

 

១) ខែ​មករា

បុគ្គលឆ្នាំ​រោងដែល​កើត​នៅ​ក្នុង​ខែ​នេះ នឹង​កើត​មក​ជាមួយ​នូវ​គោលដៅ​ធំ រួម​នឹង​ទេពកោសល្យ​ពី​ធម្មជាតិ ដើម្បី​សម្រេច​កិច្ចការ​ធំ​នោះ​បាន​ផង​ដែរ។ ក៏​ប៉ុន្តែ​ទោះ​បី​ជា​បែប​ណា ដោយ​សារ​តែ​គ្មាន​ការ​ជួយ​ទំនុក​បម្រុង​ពី​សាច់​ញាតិ និង​អ្នក​ដទៃ ហើយ​ថែម​ទាំង​គ្មាន​ឱកាស​ក្នុង​ការ​បញ្ចេញ​នូវ​ទេពកោសល្យ​របស់​ខ្លួន​ទៀត​នោះ​ បាន​ធ្វើ​អោយ​គោល​ដៅ​ដែល​ពួក​គេ​មាន​ គឺ​ពិបាក​ក្នុង​ការ​សម្រេច​បាន​ជា​ទី​បំផុត។

មនុស្ស​ក្រុម​នេះ​ក៏​មិន​សូវ​ខ្វាយ​ខ្វល់​ពី​រឿង​គ្រួសារ ឬ​គូ​ស្រករ​ដែរ ហេតុ​ដូច​នេះ​ហើយ​ទើប​ពួក​គេ​ច្រើន​រៀប​ការ​នៅ​ពេល​ដែល​ខ្លួន​មាន​វ័យ​ចំណាស់​បន្តិច​ទៅ​ហើយ។

 

២) ខែ​កុម្ភៈ

បុគ្គលឆ្នាំ​រោងដែល​កើត​នៅ​ក្នុង​ខែ​នេះ គឺ​ជា​មនុស្ស​ដែល​ទទួល​បាន​នូវ​ការ​ប្រទាន​ពរ​ពី​ឋានសួគ៌។ ពួក​គេ​មាន​ទេពកោសល្យ​ពី​ធម្មជាតិ ទាំង​ផ្នែក​ស៊ីវិល និង​ផ្នែក​យោធា។ ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង និង​ទំនុក​បម្រុង​ដ៏​មាន​សក្ដានុពល​ពី​អ្នក​ដទៃ ជីវិត​ការងារ​របស់​ពួក​គេ​ប្រៀប​បី​ដូច​ជា​សត្វនាគ ដែល​ហោះ​លើ​មេឃ ខ្ពស់​ទៅ​ៗ​យ៉ាង​ដូច្នោះ​ដែរ ហើយ​វា​បាន​ផ្ដល់​អោយ​ពួក​គេ​នូវ​ទ្រព្យសម្បត្តិ​ស្ដុកស្ដម​យ៉ាង​ច្រើន​ថែម​ទៀត​ផង។ ពួក​គេ​នឹង​រស់​នៅ​ក្នុង​ជីវភាព ដែល​សម្បូរសប្បាយ​ដោយ​គ្មាន​ឧបសគ្គ​ឬ​គ្រោះថ្នាក់​ធំដំ​ចូល​មក​រក​ពួក​គេ​ឡើយ ហើយ​នឹង​ត្រូវ​បាន​មនុស្ស​ជាច្រើន​គោរព និង​កោត​សរសើរ​ផង​ដែរ។

 

៣) ខែ​មីនា

បុគ្គលឆ្នាំ​រោងដែល​កើត​នៅ​ក្នុង​ខែ​នេះ គឺ​ជា​មនុស្ស​ដែល​មាន​ប្រាជ្ញា​ឈ្លាសវៃ ពោរពេញ​ដោយ​ចំនេះ​ដឹង មាន​ភាព​ក្លាហាន ចេះ​តស៊ូ មាន​មហិច្ឆតា​ធំ ហើយ​ពោរពេញ​ទៅ​ដោយ​ទេពកោសល្យ​ពី​ធម្មជាតិ​ក្នុង​ការ​រៀប​ចំ និង​ធ្វើ​ជា​អ្នក​ដឹកនាំ​ដ៏​កំពូល​មួយ​រូប។ មនុស្ស​ក្រុមនេះ​ភាគ​ច្រើន មាន​ការ​ងារ​ទាក់​ទង​នឹង​ផ្នែក​ផ្ដល់​សេវាកម្ម​ស៊ីវិល ហើយ​អាច​ទទួល​បាន​ជោគជ័យ​ខ្ពស់​ក្នុង​ការ​ងារ​រដ្ឋ។

 

៤) ខែ​មេសា

បុគ្គលឆ្នាំ​រោងដែល​កើត​នៅ​ក្នុង​ខែ​នេះ នឹង​ទទួល​បាន​នូវ​កេរ្ដិ៍​ឈ្មោះ និង​ភាព​ល្បី​ល្បាញ​ពេញ​នៅ​ក្នុង​មួយ​ជីវិត​របស់​ខ្លួន។ ពួក​គេ​ជា​មនុស្ស​ដែល​មាន​មហិច្ឆតា​ខ្ពស់ មាន​ទេពកោសល្យ​ពី​ធម្មជាតិ មាន​សុខភាព​ល្អ ស្វាហាប់​ រឹងមាំ ហើយ​ជា​មនុស្ស​ដែល​ស្មោះ​ត្រង់​ជា​ទី​បំផុត។ ប្រសិន​បើ​ជា​មនុស្ស​ប្រុស មនុស្ស​ក្រុម​នេះ អាច​មាន​ភាគ​រយ​ច្រើន​ក្នុង​ការ​ចូល​បម្រើ​ក្នុង​ជួរ​កងទ័ព ហើយ​បាន​ចូល​រួម​ចំណែក​យ៉ាង​សម្បើម​នៅ​ក្នុង​កិច្ចការ​ពារ​ប្រទេស​ជាតិ​របស់​ពួក​គេ ថែម​ទៀត​ផង។

 

៥) ខែឧសភា

បុគ្គលឆ្នាំ​រោងដែល​កើត​នៅ​ក្នុង​ខែ​នេះ គឺ​ជា​មនុស្ស​ដែល​ពោរពេញ​ដោយ​ទេពកោសល្យ និង​មាន​ភាព​ប៉ិន​ប្រសព្វ​បំផុត​ក្នុង​ការ​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​នឹង​អ្នក​ដទៃ។ ពួក​គេ​អាច​ទទួល​បាន​នូវ​ភាព​ជោគជ័យ​ខ្លាំង នៅ​ក្នុង​ការ​ងារ​ផ្នែក​រដ្ឋ ហើយ​អាច​ក្លាយ​ជា​សសរ​ទ្រូង​ដ៏​រឹងមាំ នៅ​ក្នុង​ស្ថប័ន​កំពូល​របស់​ជាតិ​បាន​ថែម​ទៀត​ផង។

នៅ​លើ​វិថី ឆ្ពោះ​ទៅ​រក​ទ្រព្យ​សម្បត្តិ​របស់​មនុស្ស​ក្រុមនេះ ក៏​មាន​ដំណើរ​ការ​ទៅ​មុខ​ដោយ​រលូន​ដែរ ហើយ​នេះ​ជា​មូល​ហេតុ​ដែល​ធ្វើ​អោយ​ពួក​គេ​អាច​មាន​ជីវិត​រស់​នៅ​ដោយ​ភាព​ស្ដុកស្ដម។ ទោះ​បី​ជា​បែប​ណា ពួក​គេ​ជា​មនុស្ស​ដែល​ងាយ​នឹង​ច្រឡោត​ខឹង​បំផុត ហើយ​ភាគ​ច្រើន​ចូល​ចិត្ត​ធ្វើ​កិច្ចការ​ណា​មួយ​ដោយ​ខ្លួន​ឯង ដោយ​មិន​សូវ​ខ្វាយ​ខ្វល់​ពី​អ្នក​ដទៃ​នោះ​ទេ។

ប្រសិន​បើ​មនុស្ស​ក្រុម​នេះ មិន​ព្យាយាម​កែ​លម្អ​នូវ​ចរិក​ឆេវឆាវ ហើយ​និង​វិធីសាស្ដ្រ​គ្រប់​គ្រង​អ្នក​ក្រោម​បង្គាប់​អោយ​ល្អ​ជាង​មុន​ទេ នោះ​ជីវិត​ពួក​គេ​អាច​នឹង​ត្រូវ​ជួប​នូវ​ឧបសគ្គ​ច្រើន ជាក់​ជា​មិន​ខាន។

 

៦) ខែមិថុនា

បុគ្គលឆ្នាំ​រោងដែល​កើត​នៅ​ក្នុង​ខែ​នេះ គឺ​ជា​មនុស្ស​ដែល​ឆ្លាត មាន​ចំនេះ​ដឹង ប៉ុន្តែ​ជានិច្ចកាល​តែង​តែ​ខកខាន ក្នុង​ការ​ចាប់​យក​ឱកាស​ជោគជ័យ​មក​ធ្វើ​ជា​របស់​ខ្លួន​ជានិច្ច។ ប្រសិន​បើ​ពួក​គេ​បើក​ដំណើរ​ការ មុខ​ជំនួញ​ដោយ​ខ្លួន​ឯង នោះ​មុខ​ជំនួញ​នោះ​នឹង​ជួប​ប្រទះ​ទាំង​សំណាង​ល្អ ហើយ​និង​អាក្រក់ ធ្វើ​អោយ​ស្ថានភាព​ជីវិត​របស់​ពួក​គេ​ត្រូវ​ឡើង​ចុះ មិន​ទៀង​ទាត់​ដូច​គ្នា​ដែរ។ បើ​ទោះ​បី​ជា​ជីវភាព​របស់​ពួក​គេ គឺ​មិន​ខ្វះខាត​មុខ​ក្រោយ​យ៉ាង​ណា​ក្ដី ក៏​ពួក​គេ​មិន​អាច​អភិវឌ្ឍន៍​ទៅ​មុខ​បាន​ខ្លាំង​ប៉ុន្មាន​ដែរ ហើយ​បើ​ទោះ​ជា​បាន​ទៅ​មុខ ក៏​ងាយ​នឹង​ត្រលប់​មក​រក​កម្រិត​ដើម​វិញ​ដដែល​។

 

៧) ខែកក្កដា

បុគ្គលឆ្នាំ​រោងដែល​កើត​នៅ​ក្នុង​ខែ​នេះ នឹង​រស់​នៅ​ក្នុង​ជីវិត​ដែល​ពោរពេញ​ដោយ​សុភមង្គល ហើយ​នឹង​ភាព​រុងរឿង។ ពួក​គេ​គឺ​ជា​មនុស្ស​ឆ្លាត មាន​សមត្ថភាព ក្លាហាន និង​ពោរពេញ​ដោយ​ទេពកោសល្យ។ ពួក​គេ​ក៏​ជា​មនុស្ស​ដែល​អាច​ស្នើ​សុំ​ជំនួយ ពី​សាច់​ញាតិ ហើយ​និង​អ្នក​ដទៃ​បាន​ដោយ​ងាយ​បំផុត។ ប្រការ​នេះ​ហើយ​ ដែល​ធ្វើ​អោយ​ពួក​គេ​អាច​ទទួល​បាន​នូវ​ភាព​ជោគជ័យ​ក្នុង​ការ​ងារ ក៏​ដូច​ជា​សម្រេច​បាន​នូវ​គោលដៅ​ដែល​ពួក​គេ​បាន​កំណត់​ទុក​ដូច​គ្នា​ដែរ។

 

៨) ខែ​សីហា

បុគ្គលឆ្នាំ​រោងដែល​កើត​នៅ​ក្នុង​ខែ​នេះ គឺ​ជា​មនុស្ស​ដែល​មាន​រូបរាង មុខ​មាត់​ស្រស់​ស្អាត និង​ជា​មនុស្ស​ដែល​មាន​ទេពកោសល្យ​ពិសេស​ពី​ធម្មជាតិ។ ពួក​គេ​គឺ​ជា​មនុស្ស​ដែល​ទន់​ភ្លន់ ស្រស់​ស្អាត ហើយ​និង​ទទួល​បាន​នូវ​ការ​គោរព​ស្រលាញ់ ពី​អ្នក​ដទៃ​ច្រើន​បំផុត។

មនុស្ស​ក្រុម​នេះ​ច្រើន​ជា​មនុស្ស ដែល​ស្រលាញ់​ធម្មជាតិ ហើយ​ចូល​ចិត្ត​ធ្វើ​ដំណើរ​កម្សាន្ដ ទៅ​កាន់​ទីកន្លែង​ដែល​សម្បូរ​ទៅ​ដោយ​ធម្មជាតិ​ស្រស់​ស្អាត។ ពួក​គេ​គឺ​ជា​មនុស្ស​ដែល​មាន​គោលដៅ​ដ៏​មហិមា ហើយ​ដោយ​សារ​មាន​ជំនួយ​ពី​អ្នក​ដទៃ ពួក​គេ​អាច​សម្រេច​នូវ​គោល​ដៅ​របស់​ខ្លួន​នោះ​បាន ហើយ​ថែម​ទាំង​អាច​ទទួល​បាន​ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន​ថែម​ទៀត​ផង។

និយាយ​ជារួម​ ជីវិត​របស់​ពួក​គេ គឺ​ល្អ​ឥតខ្ចោះ ហើយ​ពោរពេញ​ដោយ​សុភមង្គល និង​សន្តិភាព។

 

៩) ខែ​កញ្ញា

បុគ្គលឆ្នាំ​រោងដែល​កើត​នៅ​ក្នុង​ខែ​នេះ គឺ​ជា​មនុស្ស​ដែល​ស្មោះ​ត្រង់ ហើយ​និង​ទន់​ភ្លន់។ ប៉ុន្តែ​ពេល​ខ្លះ​ ពួក​គេ​ហាក់​ខឹង​ឆេវឆាវ និង​ពោរពេញ​ដោយ​កំហឹង ដែល​នេះ​ធ្វើ​អោយ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​នឹង​អ្នក​ដទៃ ត្រូវ​ភ្ញាក់​ផ្អើល​ផង​ដែរ។ ដោយ​សារ​តែ​មាន​ការ​ជួយ​ជ្រោមជ្រែង​ ពី​អ្នក​ដទៃ ហើយ​នឹង​អត្តចរិត​មិន​ចេះ​ចុះ​ញ៉ម​ពី​កំណើត​របស់​ខ្លួន មនុស្ស​ក្រុម​នេះមាន​លទ្ធភាព​សម្រេច​នូវ​ក្ដី​សុបិន្ដ​របស់​ខ្លួន​បាន។ បើ​ទោះ​ជា​ពេល​ខ្លះ ពួក​គេ​ត្រូវ​ជួប​នឹង​ឧបសគ្គ ឬ​បញ្ហា​ណា​មួយ​ក៏​ដោយ ក៏​ពួក​គេ​អាច​មាន​លទ្ធភាព​ក្រោក​ឈរ​ឡើង​វិញ​បាន​យ៉ាង​ងាយ។ ហេតុ​ដូច្នេះ​ហើយ ទើប​ជីវិត​របស់​ពួក​គេ​ គឺ​ពោរពេញ​ទៅ​ដោយ​សុភមង្គល ហើយ​និង​ភាព​មាន​បាន។

 

១០) ខែ​តុលា

បុគ្គលឆ្នាំ​រោងដែល​កើត​នៅ​ក្នុង​ខែ​នេះ ភាគ​ច្រើន​ជា​បុគ្គល ដែល​ងប់​ងល់​ជាមួយ​នឹង​ខ្លួន​ឯង​ជ្រុល​ហួសហេតុ​ខ្លាំង​ពេក ហើយ​មិន​ចូល​ចិត្ត​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​អ្នក​ដទៃ ឬ​សង្គម​ខាង​ក្រៅ​ប៉ុន្មាន​នោះ​ទេ។ បើ​ទោះ​ជា​ពួក​គេ គឺ​ជា​មនុស្ស​ដែល​មាន​ចំនេះ​ដឹង​ជ្រៅជ្រះ​ក្ដី ប៉ុន្តែ​ពួក​គេ​ជា​មនុស្ស​ដែល​ខ្ជិល​ច្រអូស​ខ្លាំង​បំផុត សូម្បី​តែ​រឿង​ខិតខំ​ដើម្បី​អនាគត​របស់​ខ្លួន។ ពួក​គេ​ជា​មនុស្ស​ដែល​មាន​ជំនឿ​លើ​រឿង​អបិយជំនឿ​ជ្រុល​ ហើយ​តែង​គិត​ថា​វាសនា​របស់​មនុស្ស​ម្នាក់​ៗ គឺ​ត្រូវ​បាន​ទេវតា​ឬ​ព្រហ្មលិខិត ចារ​ទុក​រួច​ជា​ស្រេច​ទៅ​ហើយ តាំង​ពី​ពេល​ចាប់​កំណើត​មក​ម៉្លេះ ហេតុ​ដូច​នេះ​ហើយ​បើ​ទោះ​ជា​ខំ​យ៉ាង​ណា ក៏​មិន​អាច​កែ​ប្រែ​អ្វី​បាន​ដែរ (​​ ហ៊ាន​អះអាង​ថា ការ​គិត​បែប​នេះ គឺ​ខុស​ធ្ងន់ធ្ងរ​បំផុត)។

និយាយ​ជារួម មនុស្ស​ក្រុម​នេះ អាច​រស់​នៅ​ក្នុង​ជីវភាព​ធម្មតា និង​មាន​ក្ដី​សុខ​បាន ប៉ុន្តែ​មិន​អាច​រីកចម្រើន​ខ្លាំង ឬ​អាច​ក្លាយ​ទៅ​ជា​អ្នក​មាន​បាន​នោះ​ទេ។

 

១១) ខែ​វិច្ឆិកា

បុគ្គលឆ្នាំ​រោងដែល​កើត​នៅ​ក្នុង​ខែ​នេះ ភាគ​ច្រើន​ជា​មនុស្ស​ដែល​កើត​មក​ជាមួយ​នូវ​មហិច្ឆតា​ ហើយ​នឹង​ទេពកោសល្យ​ខ្ពស់។ ក៏​ប៉ុន្តែ​ពួក​គេ​មាន​ការ​លំបាក​បំផុត ក្នុង​ការ​សម្រេច​អោយ​បាន​នូវ​មហិច្ឆតា​ទាំង​នោះ មូលហេតុ​គឺ​ដោយ​សារ​តែ​ពួក​គេ​មិន​ពូកែ​ក្នុង​ការ​ មើល​ពី​ឱកាស​ហើយ​ខិតខំ​ស្រវា​ចាប់ ឬ​ជួន​កាល​ត្រូវ​សត្រូវ និង​មនុស្ស​មិន​ល្អ ផ្ដល់​យោបល់​ខុស​ នាំ​អោយ​ពួក​គេ​ត្រូវ​ខកខាន​ឱកាស​ល្អ​ទាំង​នោះ​ទៅវិញ។

ដើម្បី​អោយ​ជីវិត​ទទួល​បាន​នូវ​ភាព​ជោគជ័យ ពួក​គេ​ត្រូវ​ប្រឹង​ប្រែង​បង្កើត​ទំនាក់​ទំនង​ ជាមួយ​នឹង​មនុស្ស​ ឬ​មិត្តភក្ដ​វិជ្ជមាន​អោយ​បាន​ច្រើន ហើយ​ត្រូវ​ធ្វើ​កិច្ចការ​ដោយ​ប្រុងប្រយ័ត្ន​ម្ដង​មួយ​ជំហានៗ សម​ស្រប​ទៅ​តាម​ពេល​វេលា ព្រម​ទាំងចាំបាច់ ​ត្រូវ​មាន​ផែនការ​លម្អិត​ច្បាស់​លាស់​មុន​ធ្វើ​អ្វី​មួយ​ផង​ដែរ។

 

១២) ខែ​ធ្នូ

សម្រាប់​បុគ្គល​ឆ្នាំ​រោង ខែ​កំណើត​មួយ​នេះ គឺ​ជា​ខែ​ដែល​មិន​ល្អ​ទាល់​តែ​សោះ​សម្រាប់​ពួក​គេ។ បុគ្គលឆ្នាំ​រោងដែល​កើត​នៅ​ក្នុង​ខែ​នេះ ភាគ​ច្រើន​ជា​មនុស្ស​ដែល​មាន​គោលដៅ​ធំ ប៉ុន្តែ​ពួក​គេ​កម្រ​អាច​សម្រេច​គោល​ដៅ​ទាំង​នោះ​បាន​ខ្លាំង​ណាស់។ ចំពោះ​ជីវិត​ការ​ងារ ពួក​គេ​ត្រូវ​ចាប់​ផ្ដើម​យឺត​ជា​អ្នក​ដទៃ​ ហើយ​ក៏​មិន​អាច​ទទួល​បាន​ទ្រព្យ​សម្បត្តិ​ច្រើន​ពី​ការ​ងារ​របស់​ខ្លួន​ដែរ។

ប្រការ​ចាំ​បាច់​បំផុត​ សម្រាប់​មនុស្ស​ក្រុមនេះ ពួក​គេ​ត្រូវ​តែ​មាន​ចិត្ត​អំណត់​ ហើយ​និង​ភាព​តស៊ូ​ខ្ពស់ ដើម្បី​ឆ្លងកាត់​នូវ​រាល់​ពេល​វេលា​លំបាក​និង​ឧបសគ្គ​ទាំង​ឡាយ ត្រូវ​ព្យាយាម​សេពគប់​ជាមួយ​និង​មនុស្ស​ជោគជ័យ​ឬ​វិជ្ជមាន​អោយ​បាន​ច្រើន ហើយ​ចុង​ក្រោយ​ត្រូវ​ប្រឹង​កែលម្អ​អត្តចរិត​មិន​ល្អ​ទាំង​ឡាយ​របស់​ខ្លួន​ចោល។

ប្រសិន​បើ​ពួក​គេ​អាច​ធ្វើ​តាម​ចំណុច​ខាង​លើ​ទាំង​អស់​នេះ​បាន នោះ​ជីវិត​ការងារ​របស់​ពួក​គេ​អាច​នឹង​ប្រសើរឡើង ហើយ​ប្រហែល​ជា​អាច​ជោគជ័យ​បាន​ខ្លាំង​ថែម​ទៀត​ផង។

 

សារចុងក្រោយ​ពី ​​៖ ប្រិយមិត្ត​អាច​ធ្វើ​ការ​អាន​អត្ថបទ​នេះ​ ទុក​ត្រឹម​ជា​ការ​កម្សាន្ដ​បាន​ហើយ ប្រសិន​បើ​ជឿ​គួរ​គប្បី​កុំ​ជឿ​ស៊ប់​ងប់​ងល់​ ១០០% ខ្លាំង​ពេក។ ពី​ព្រោះ​ ​​ មាន​ជំនឿ​យ៉ាង​មុត​មាំ​ថា រាល់​ជោគ​វាសនា​នៅ​ក្នុង​ជីវិត​របស់​មនុស្ស​យើង​ម្នាក់ៗ គឺ​ស្ថិត​នៅ​លើ​ដៃ​ទាំង​ពីរ របស់​យើង​ទៅ​វិញ​ទេ​។ សូម​អរគុណ៕


មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes