Loading...
រឿងរ៉ាវ ១៥​ចំណុច​ អ្នក​ក្រ​និង​មនុស្ស​បរាជ័យ​ចូល​ចិត្ត​ធ្វើ ហើយ​ជា​អ្វី​ដែល​​មនុស្ស​ជោគជ័យ​និង​សេដ្ឋី​មិន​ធ្វើ (ភាគ​ទី ២)
Cover2
ថ្ងៃ​ចេញ​ផ្សាយ៖ វិច្ឆិកា 05, 2017
ចំនួន​ទស្សនា៖ 1188 លើក

នាំ​មក​ជូន​ដោយ​៖ ដៃ​គូ​ដ៏​គួរ​អោយ​ទុក​ចិត្ត​ក្នុង​ការ​ទិញ​ / លក់​ទំនិញ​របស់​អ្នក DLi-MART (Home Delivery)

បញ្ជាក់៖ នេះជា​អត្ថបទ​ភាគ​ទី២

 

៦) ពួក​គេ​មិន​សូវ​មាន​អនាម័យ និង​មិន​សូវ​ចូល​ចិត្ត​សំអាត​ខ្លួន​ប្រាណ​អោយ​បាន​ញឹក​ញាប់​នោះ​ទេ

​បើ​តាម​ស្ដាប់​ពី​ដំបូង ចំណុច​នេះ​ហាក់​បី​ដូច​ជា ចំណុច​ដែល​គ្រាន់​តែ​ត្រូវ​បាន​ប្រឌិត​ឡើង​មក ក៏​ប៉ុន្តែ​តាម​ពិត​ទៅ​វា​គឺ​ជា​ការ​ពិត ហើយ​បើ​សិន​ជា​យើង​គិត​អោយ​បាន​ហ្មត់ចត់​ពី​វា នេះ​គឺ​ពិត​ជា​ចំណុច​ដែល​ត្រឹម​ត្រូវ​បំផុត។

ត្រូវ​ចាំ​ថា ការ​ងារ​ស្ទើរ​តែ​គ្រប់​ប្រភេទ​ ទំនាក់​ទំនង​ ​និង​ការ​ប្រាស្រ័យ​ទាក់​ទង​ផ្សេងៗ​នា​ពេល​បច្ចុប្បន្ន​នេះ គឺ​សុទ្ធ​តែ​ត្រូវ​ធ្វើ​ឡើង​ដោយ​ជួប​មុខ​ផ្ទាល់​ ដើម្បី​ធ្វើ​ការ​ផ្លាស់​ប្ដូរ​តម្លៃ​ដ៏​ជោគជ័យ រវាង​ភាគី​ទាំង​សង​ខាង។ ដូច្នេះ​សាក​គិត​បន្តិច​ទៅ​មើល៎ ប្រសិន​បើ​រាង​កាយ​របស់​អ្នក​គ្មាន​អនាម័យ ឬ​មាន​ក្លិន​មិន​ល្អ តើ​អ្នក​អាច​ទទួល​បាន​ភាព​ជោគជ័យ​នៅ​ក្នុង​ការ​ប្រាស្រ័យ​ទាក់​ទង និង​ប្រកប​ការ​ងារ​ទាំង​នោះ​ដែរ​ឬ​ទេ?

មនុស្ស​ទូទៅ​និង​មិន​សូវ​មាន​ជំនឿ​ចិត្ត ឬ​ចង់​ចំណាយ​ពេល​វេលា​ច្រើន​ជាមួយ​នឹង​មនុស្ស​ដែល​គ្មាន​អនាម័យ​នោះ​ទេ។ មូល​ហេតុ​បែប​នេះ​ហើយ ទើប​ជីវិត​របស់​មនុស្ស​ពួក​គេ​ត្រូវ​ជួប​ប្រទះ​នូវ​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង។ ប្រសិន​បើ​មនុស្ស​ទាំង​អស់​សុទ្ធ​តែ​មិន​ចង់​ចំណាយ​ពេល​ច្រើន​ជាមួយ​នឹង​អ្នក តើ​អ្នក​អាច​ស្រូប​ទាញ​អតិថិជន និង​ដៃគូ​បាន​ដោយ​របៀប​ណា​ទៅ?

គឺ​បែប​នេះ​ហើយ ត្រង់​ចំណុច​ទី​៦ ​នេះ​គឺ​ហាក់​បី​ដូច​ជា​គួរ​អោយ​អស់​សំណើច ប៉ុន្តែ​ជំហាន​ដំបូង​ក្នុង​ការ​ទទួល​បាន​ជោគជ័យ គឺ​ត្រូវ​រក្សា​អនាម័យ​ខ្លួន​ប្រាណ​របស់​អ្នក​អោយ​បាន​ស្អាត​ល្អ។

 

៧) ពួក​គេ​ចូល​ចិត្ត​បន្ទោស​អ្នក​ដទៃ​ពី​ផល​លំបាក​ផ្សេងៗ​ដែល​កើត​ឡើង​ក្នុង​ជីវិត​របស់​ខ្លួន

តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ ដែល​អ្នក​បាន​ស្គាល់​ នឹង​កំពុង​តែ​ធ្វើ​ការ​រអ៊ូ​រទាំ​ ឬ​បន្ទោស​អ្នក​ដទៃ​ ហើយ​មាន​លេស​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ចំពោះ​ជីវិត​ដែល​បរាជ័យ​របស់​ពួក​គេ​?

ពេល​ខ្លះ​យើង​អាច​និយាយ​បាន​ថា​រឿង​រ៉ាវ​មួយ​ចំនួន ខ្លួន​របស់​យើង​ផ្ទាល់​មិន​អាច​មាន​លទ្ធភាព​គ្រប់​គ្រង​វា​បាន​នោះ​ទេ ក៏​ប៉ុន្តែ​ត្រូវ​ចាំ​ថា ៩៩% នៃ​ហេតុការណ៍​ ​ដែល​បាន​កើត​ឡើង​ក្នុង​ជីវិត​របស់​ប្រិយមិត្ត​ គឺ​វា​បណ្ដាល​មក​ពី​ការ​សម្រច​ចិត្ត​ និង​សកម្មភាព​ដែល​ប្រិយមិត្ត​ជា​អ្នក​ប្រព្រឹត្ត​ដោយ​ផ្ទាល់​ខ្លួន​ឯង។ ត្រូវ​ចាំ​ថា​មាន​តែ​ខ្លួន​យើង​ផ្ទាល់​ប៉ុណ្ណោះ ដែល​ជា​អ្នក​មាន​លទ្ធភាព​អាច​កំណត់​នូវ​ជោគ​វាសនា​របស់​ខ្លួន​បាន។ គឺ​ខ្លួន​របស់​យើង​ផ្ទាល់​ ដែល​ជា​អ្នក​កំណត់​នឹង​ជ្រើសរើស​យក​ទំនាក់​ទំនង​ផ្សេងៗ​នៅ​ក្នុង​ជីវិត គឺ​ខ្លួន​របស់​យើង​ផ្ទាល់ ដែល​ជា​អ្នក​កំណត់​នូវ​សុខភាព​របស់​ខ្លួន ថា​តើ​យើង​ចង់​មាន​សុខភាព​ល្អ​ ឬ​មិន​ល្អ​ ហើយ​ប្រសិន​បើ​ប្រិយមិត្ត​មិន​ចូល​ចិត្ត​នូវ​ចំណុច​ណាមួយ​ដែល​ពាក់ព័ន្ធ​នឹង​ខ្លួន​ឯង នោះ​គឺ​មាន​តែ​ប្រិយមិត្ត​ខ្លួន​ឯង​ប៉ុណ្ណោះ​ដែល​ជា​អ្នក​ត្រូវ​ធ្វើ​ការ​ផ្លាស់​ប្ដូរ គ្មាន​នរណា​ម្នាក់​អាច​មក​ផ្លាស់​ប្ដូរ​អោយ​ប្រិយមិត្ត​បាន​នោះ​ទេ។

ភាព​ខុស​គ្នា​រវាង​អ្នក​មាន​និង​អ្នក​ក្រ​នោះ​គឺ នៅ​ពេល​ដែល​មាន​រឿង​មិន​ល្អ​ណា​មួយ​កើត​ឡើង អ្នក​ក្រ​ឬ​មនុស្ស​បរាជ័យ ចូល​ចិត្ត​ជ្រើស​រើស​យក​វិធី​ទួញ​សោក ​ចង់​អោយ​អ្នក​ដទៃ​អាណិត​អាសូរ ខណៈ​ដែល​អ្នក​មាន​ឬ​មនុស្ស​ជោគជ័យ ​សម្លឹង​មើល​ទៅ​លើ​រឿង​រ៉ាវ​មួយ​នេះ ហើយ​ធ្វើ​ការ​សិក្សា​ពី​វា ពួក​គេ​ចង់​ប្រាកដ​ក្នុង​ចិត្ត​ថា​តើ​មូល​ហេតុ​អ្វី​បាន​ជា​បញ្ហា​មួយ​នេះ​អាច​កើត​ឡើង​មក​បាន ហើយ​ចុង​ក្រោយ​ពួក​គេ​នឹង​ស្វែង​រក​នូវ​វិធីសាស្ដ្រ​ដើម្បី​ការ​ពារ​ខ្លួន​របស់​ពួក​គេ កុំ​អោយ​បញ្ហា​ដដែល​នេះ អាច​ធ្វើ​អោយ​ប៉ះពាល់​ដល់​ពួក​គេ​បន្ត​ទៀត​នា​ពេល​អនាគត។

ប្រិយមិត្ត​ឃើញ​ទេ នេះ​ហើយ​ជា​ចំនុច​ខុស​គ្នា ខណៈ​ដែល​ភាគី​ម្ខាង​ជ្រើស​រើស​ផ្លូវ​ធ្វើ​ខ្លួន​ជា​ជន​រង​គ្រោះ ភាគី​ម្ខាង​ទៀត​និង​ប្រើប្រាស់​បញ្ហា​ដូច​គ្នា​នេះ មក​ធ្វើ​ជា​ចលករ​ដើម្បី​ជំរុញ​អោយ​ជីវិត​របស់​ពួក​គេ​កាន់​តែ​ជោគជ័យ​ទៅ​វិញ។

 

៨) ពួកគេ​គ្មាន​ប្រាក់​សន្សំ​ ឬ​មិន​បាន​រៀប​ចំ​ប្រាក់​ទុក​បម្រុង​ខ្លះ​ទាល់​តែ​សោះ

ភាព​ខុស​គ្នា​មួយ​ រវាង​អ្នក​មាន​និង​អ្នក​ក្រ​នោះ​គឺ អ្នក​ក្រ​មិន​បាន​ត្រៀម​លក្ខណៈ​ទុក​ជាមុន​សម្រាប់​អនាគត​នោះ​ទេ។ ប្រិយមិត្ត​ត្រូវ​តែ​ដឹង​ថា ការ​ដែល​មាន​ប្រាក់​ទុក​បម្រុង​ខ្លះ ​គឺ​ជា​ផ្នែក​មួយ​ដែល​អនុញ្ញាតិ​អោយ​អ្នក រីក​ចម្រើន​ទៅ​មុខ​បន្ត​ទៅ​ទៀត​បាន។ ជា​ឧទាហរណ៍ ប្រសិន​បើ​ជីវិត​របស់​អ្នក​ជួប​នឹង​បញ្ហា ដូច​ជា​ជំងឺ​ដង្កាត់​ ការ​បាត់​បង់​ការ​ងារ ឬ​គ្រោះ​ថ្នាក់​ចរាចរណ៍​ ប្រសិន​បើ​ប្រិយមិត្ត​មាន​ប្រាក់​ដែល​ទុក​បម្រុង នោះ​អ្វី​ៗ​គ្រប់​យ៉ាង​គឺ​អាច​ដោះ​ស្រាយ​បាន​ដោយ​យក​ប្រាក់​ទាំង​នោះ​ទៅ​ប្រើប្រាស់ ប៉ុន្តែ​ប្រសិន​បើ​ប្រិយមិត្ត​គ្មាន​ប្រាក់​ទុក​សម្រាប់​បម្រុង​វិញ ហើយ​ស្ថាន​ភាព​គឺ​បន្ទាន់​ថែម​ទៀត​នោះ តើ​ប្រិយមិត្ត​ត្រូវ​ធ្វើ​បែប​ណា? អ្វី​ដែល​ប្រិយមិត្ត​អាច​ធ្វើ​បាន​នោះ គឺ​ធ្វើ​ការ​ដាក់​លក់​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ក្នុង​តម្លៃ​ទាប ឬ​ត្រូវ​ទៅ​ខ្ចី​ប្រាក់​ពី​ធនាគារ និង​អ្នក​ចង​ការ​ទាំង​បង្ខំ​ចិត្ត។

នេះ​ហើយ​ជា​ភាព​ខុស​គ្នា សម្រាប់​អ្នក​មាន​នៅ​ពេល​ដែល​បញ្ហា​បាន​រំលង​ផុត​ទៅ ពួក​គេ​នៅ​តែ​អាច​បន្ត​ជីវិត​រស់​នៅ​របស់​ខ្លួន​បាន​ជា​ធម្មតា​ ហើយ​អ្វី​ដែល​ពួក​គេ​បាត់​បង់​នោះ​គឺ​គ្រាន់​តែ​ជា​ប្រាក់​សន្សំ​ប៉ុណ្ណោះ ប៉ុន្តែ​បើ​ងាក​ទៅ​មើល​អ្នក​ក្រីក្រ​វិញ ជីវភាព​រស់​នៅ​របស់​ពួក​គេ​គឺ​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ ហើយ​ពេលវេលា​នឹង​ប្រាក់​ដែល​ពួក​គេ​រក​បាន ត្រូវ​បង់​រំលស់​សង​ទៅ​អ្នក​ដែល​ពួក​គេ​ជំពាក់​វិញ​ទាំង​ដើម​ទាំង​ការ។

​ឧទាហរណ៍​ខាង​លើ​អាច​ថា​អវិជ្ជមាន​ខ្លាំង​ពេក បើ​អញ្ចឹង​សាក​គិត​ពី​ឧទាហរណ៍​ដែល​វិជ្ជមាន​វិញ​ម្ដង ឧបមា​ថា​មាន​ឱកាស​ក្នុង​ការ​វិនិយោគ​ ដែល​ល្អ​មួយ​បាន​ចូល​មក​ដល់ អាច​ថា​ជា​ការ​ចូល​ហ៊ុន​បើក​ក្រុមហ៊ុន ឬ​ជា​ឱកាស​ក្នុង​ការ​ទិញ​បាន​អចលនទ្រព្យ​មួយ​កន្លែង​ក្នុង​តម្លៃ​សមរម្យ។ ចំពោះ​ឧទាហរណ៍​ថ្មី​នេះ សម្រាប់​អ្នក​ដែល​មាន​ប្រាក់​សន្សំ​និង​បម្រុង​ទុក ពួក​គេ​អាច​មានលទ្ធភាព​ធ្វើ​ការ​ពង្រីក​នូវ​ឱកាស ក៏​ដូច​ជា​ជីវភាព​រស់​នៅ​របស់​ខ្លួន​បាន ខណៈ​សម្រាប់​អ្នក​ដែល​គ្មាន​ប្រាក់​សន្សំ​ទុក​វិញ ត្រូវ​ធ្វើ​ការ​បោះ​បង់​នូវ​ឱកាស​ដ៏​កម្រ​នេះ​ចោល ទាំង​សោក​ស្ដាយ។

ឧទាហរណ៍​ទាំង​ពីរ​ខាង​លើ​នេះ​ហើយ គឺ​ជា​មូល​ហេតុ​ដ៏​ច្បាស់​លាស់​មួយ​ដែល​បង្ហាញ​នូវ​ចំណុច​ដែល​ថា អ្នក​ដែល​មាន​គឺ​កាន់​តែ​មាន ចំណែក​ឯ​អ្នក​ដែល​ក្រ​គឺ​កាន់​តែ​ក្រ ហើយ​វា​គឺ​ពិត​ជា​មិន​មែន​កំហុស​របស់​នរណា​ម្នាក់​ទេ។

 

៩) ពួក​គេ​ចូល​ចិត្ត​ចំណាយ​ប្រាក់ ឬ​ប្រើ​ឥណទាន​ទៅ​ធ្វើ​រឿង​ឥត​ប្រយោជន៍ និង​ទិញ​របស់​ដែល​ខ្លួន​មិន​សូវ​ត្រូវ​ការ​ចាំ​បាច់

ចំណុច​ខុស​គ្នា​ធំ​បំផុត​មួយ រវាង​អ្នក​មាន​ និង​អ្នក​ក្រ នោះ​គឺ​វិធី​នៅ​ក្នុង​ការ​ចំណាយ​ប្រាក់​របស់​ពួក​គេ។ ចំណុច​នេះ​ប្រិយមិត្ត​មួយ​ចំនួន ពិត​ជា​អាច​ប៉ានស្មាន​បាន​ត្រូវ​មុន​ថា ​​ ចង់​និយាយ​ពី​អ្វី។

ត្រង់​នេះ​វា​គឺ​ពិត​ជា​ចំណុច​ធម្មតា​មួយ​បំផុត អ្នក​មាន​ៗ និង​មនុស្ស​ជោគជ័​យ​ម្នាក់​ណា​ក៏​ដឹង​ដែរ​ថា ប្រសិន​បើ​យើង​យក​ប្រាក់​ដែល​មាន ឬ​ប្រើ​ឥណទាន​ ហើយ​យក​ទៅ​ចំណាយ​ទៅ​លើ​អ្វី​មួយ​ដែល​មិន​បាន​ ចំណេញ​ប្រាក់​មក​អោយ​យើង​វិញ​ទេ នោះ​ជា​ការ​វិនិយោគ​មួយ​ ដែល​ខាត​បង់​ដ៏​ធ្ងន់​ធ្ងរ​បំផុត។

ប្រិយមិត្ត​ត្រូវ​ចង​ចាំ​ថា ប្រសិន​បើ​ប្រិយមិត្ត​ចង់​ប្រើ​ឥណទាន​ (ការ​ខ្ចី ឬ​ចង​ការ​ប្រាក់)​ ប្រិយមិត្ត​ដាច់​ខាត​ត្រូវ​តែ​ប្រើ​ទៅ​លើ​ការ​វិនិយោគ​ (ដែល​ផ្ដល់​ជា​ប្រាក់​ត្រលប់​មក​វិញ) តែ​មួយ​មុខ​ប៉ុណ្ណោះ។ ប្រសិន​បើ​ប្រិយមិត្ត​ចង់​ប្រើ​ឥណទាន ទៅ​ទិញ​ទូរទស្សន៍​ស៊េរី​ទំនើប​ថ្មី​ ទៅ​ទិញ​ឡាន​ថ្មី ឬ​ទៅ​ទិញ​ទូរស័ព្ទ iPhone ថ្មីនោះ ដាច់​ខាត​ប្រិយមិត្ត​កុំ​សូម្បី​តែ​គិត។ ​បើ​ទោះ​បី​ជា​របស់​ថ្មី​ទាំង​នោះ​ អាច​អនុញ្ញាតិ​អោយ​ប្រិយមិត្ត​យក​មក​ប្រើ​ដើម្បី​បង្កើត​ប្រាក់​ត្រលប់​មក​វិញ​បាន ឧទាហរណ៍​ថា​ប្រិយមិត្ត​យក​រថយន្ដ​មក​រត់​តាក់ស៊ី ឬ​យក​ទូរស័ព្ទ​ iPhone មក​តេស្ដ​កម្មវិធី​ទូរស័ព្ទ​ថ្មី ដែល​ប្រិយមិត្ត​ទើប​បង្កើត​បាន ដើម្បី​ពង្រីក​មុខ​ជំនួញ​របស់​ខ្លួន​ក្ដី អ្វី​ដែល​ប្រិយមិត្ត​គួរ​ធ្វើ​ គឺ​ខំ​ប្រឹង​ប្រែង​សន្សំ​ប្រាក់​អោយ​បាន​គ្រប់​គ្រាន់ ដើម្បី​ទិញ​របស់​ទាំង​នោះ​ ដោយ​មិន​ប្រើ​ឥណទាន​ទើប​ជា​ការ​ប្រសើរ។

 

១០) ពួក​គេ​ឆាប់​មាន​កូនចៅ ហើយ​បើ​មាន​គឺ​មាន​ក្នុង​ចំនួន​ច្រើន​

ប្រិយមិត្ត​ដែល​មាន​គ្រួសារ ហើយ​និង​មាន​បុត្រ​រួច​ថែម​ទៀត​នោះ​ ប្រាកដ​ជា​អាច​ដឹង​យ៉ាង​ច្បាស់​ពី​ចំនុច​នេះ។ ​ប្រិយមិត្ត​ពិត​ជា​ដឹង​ហើយ​ថា ការ​ចំណាយ​ទៅ​លើ​ការ​ចិញ្ចឹម​កូន​ម្នាក់ៗ​ក្នុង​សម័យ​នេះ តើ​វា​ត្រូវ​ការ​ចំណាយ​ខ្លាំង​ប៉ុណ្ណា? នេះ​គឺ​គិត​ត្រឹម​ប្រទេស​យើង​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ផង ចុះ​ទម្រាំ​ការ​ចំណាយ​ក្នុង​ប្រទេស​ដែល​រីក​ចម្រើន​ខ្លាំង​ទៀត​នោះ?

ចំណុច​នេះ​ហើយ​ជា​ភាព​ខុស​គ្នា រវាង​អ្នក​មាន​និង​អ្នក​ក្រ។ សម្រាប់​អ្នក​ក្រ​ពួក​គេ​មិន​បាន​គិត​គូរ ឬ​កំណត់​គម្រោង​ការណ៍​អោយ​បាន​ច្បាស់​លាស់ ពី​ពេល​វេលា​ និង​ចំនួន​បុត្រ​ដែល​ពួក​គេ​ចង់​បាន​នោះ​ទេ នៅ​ពេល​ដែល​ពួក​គេ​ចង់​បាន គឺ​ចង់​បាន​ភ្លាម​ដោយ​មិន​បាន​រៀប​ចំ​ផែន​ការ ក៏​ដូច​ជា​ត្រៀម​ថវិកា​ខ្លះ​ទុក​ជា​មុន​នោះ​ទេ ហើយ​សម្រាប់​គូ​ស្វាមី​ភរិយា​ខ្លះ​ទៀត​មាន​កូន​ទាំង​ខ្លួន​នៅ​ក្មេង​ពេក ​ទាំង​ដែល​ខ្លួន​មិន​ទាន់​អាច​មាន​សមត្ថភាព​ទ្រទ្រង់​ជីវភាព​ខ្លួន​ឯង​អោយ​បាន​សមរម្យ​ផង។ នៅ​ពេល​ដែល​កូន​កើត​មក​ហើយ ជីវភាព​របស់​ពួក​គេ​នឹង​កាន់​តែ​ជួប​បញ្ហា ពី​ព្រោះ​បន្ទុក​ហើយ​នឹង​ការ​ចំណាយ​នៅ​ក្នុង​ក្រុម​គ្រួសារ​ត្រូវ​កើន​ឡើង​ទ្វេរ​ដង។

ផ្ទុយ​ពី​អ្នក​ក្រ សម្រាប់​អ្នក​មាន​វិញ ពួក​គេ​រង​ចាំ​ឱកាស​ល្អ នឹង​ប្រឹង​ប្រែង​អោយ​ជីវភាព​របស់​ខ្លួន ដំណើរ​ការ​ទៅ​មុខ​បាន​សមរម្យ​ជាមុន​សិន មុន​ពេល​ដែល​ពួក​គេ​គិត​គូរ​ពី​គម្រោង​យកកូន​ ពី​ព្រោះ​ពួក​គេ​ចង់​អោយ​អ្នក​ស្នង​ត្រកូល​របស់​ខ្លួន ទទួល​បាន​នូវ​បរិស្ថាន និង​លក្ខ័ណ្ឌ​រស់​នៅ​ដែល​ល្អ​បំផុត មុន​ពេល​ដែល​ពួក​គេ​ចាប់​កំណើត​មក​លើ​ផែន​ដី​នេះ។

 

(នៅមានត!!!)


មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes