Loading...
មេរៀន​ជោគជ័យ​ ១៨​ចំណុច ពី​ Sir Richard Branson
Cover
ថ្ងៃ​ចេញ​ផ្សាយ៖ តុលា 30, 2017
ចំនួន​ទស្សនា៖ 1590 លើក

នាំ​មក​ជូន​ដោយ​៖ ដៃ​គូ​ដ៏​គួរ​អោយ​ទុក​ចិត្ត​ក្នុង​ការ​ទិញ​ / លក់​ទំនិញ​របស់​អ្នក DLi-MART (Home Delivery)

Sir Richard Branson គឺ​ជា​ពាណិជ្ជករ​និង​អ្នក​វិនិយោគ​ជនជាតិ​អង់គ្លេស។ លោក​គឺ​ជា​ស្ថាបនិក​ក្រុមហ៊ុន​ Virgin Group ដែល​ជា​ក្រុមហ៊ុន​មេ ដែល​មាន​ក្រុមហ៊ុន​ជា​បុត្រសម្ព័ន្ធ​ជាង​ ៤០០ ក្រុមហ៊ុន​ផ្សេង​ទៀត។ នៅ​ពេល​ដែល​លោក​ចាប់​ផ្ដើម​ដំណើរ​ការ ក្រុមហ៊ុន​ Virgin ដំបូង​ លោក​មាន​អាយុ​ត្រឹម​ ២០​ឆ្នាំ​ប៉ុណ្ណោះ។

ក្រុមហ៊ុន​ Virgin ចាប់​ដំណើរ​ការ​ដំបូង​ត្រឹម​ជា​ក្រុមហ៊ុន និង​ផលិតកម្ម​ចម្រៀង​តូច​តាច​មួយ​ប៉ុណ្ណោះ ប៉ុន្តែ​លោក Richard មិន​បាន​កំណត់​គោល​ដៅ​អោយ​ក្រុមហ៊ុន​របស់​ខ្លួន ត្រឹម​ជា​ផលិតកម្ម​មួយ​តែ​ប៉ុណ្ណឹង​ទេ។ រូប​គាត់​បាន​បង្កើត​សាខា និង​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ជា​ច្រើន​ ដែល​មាន​ដូច​ជា​ ក្រុមហ៊ុន Virgin Atlantic Airways ក្រុមហ៊ុន Virgin Media ក្រុមហ៊ុន Virgin Games និង​ក្រុមហ៊ុន​ជាច្រើន​ផ្សេង​ទៀត។ បច្ចុប្បន្ន​រូប​លោក​គឺ​ជា​មហាសេដ្ឋី​មួយ​រូប និង​ជា​មហាសេដ្ឋី​ដែល​មាន​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម​ម្នាក់​ក្នុង​ចំណោម​មហាសេដ្ឋី​ដទៃ​ទៀត​នៅ​លើ​ពិភព​លោក។

ខាងក្រោម​នេះ ​​ សូម​ធ្វើ​ការ​បង្ហាញ​ជូន​ប្រិយមិត្ត នូវ​មេរៀន និង​ដំបូន្មាន​ជោគជ័យ ១៨​ចំណុច ពី​រូប​លោក​ផ្ទាល់​៖

 

១) កុំ​ធ្វើ​កិច្ចការ​ណា ដែល​អ្នក​មិន​ចូល​ចិត្ត​ធ្វើ

ចំណុច​នេះ​គឺ​មិន​មែន​ជា​អាថ៍​កំបាំង​ទៀត​នោះ​ទេ ការ​ដំណើរ​ការ​មុខ​ជំនួញ​ណា​មួយ​ក៏​ដោយ គឺ​មិន​មែន​ជា​គម្រោង​ដែល​ងាយ​ស្រួល​នោះ​ទេ ពី​ព្រោះ​អ្នក​ត្រូវ​ការ​ធ្វើ​ការ​បន្ថែម​ខ្លាំងក្លា ជាង​ពេល​ដែល​អ្នក​ធ្វើ​ជា​បុគ្គលិក​អោយ​អ្នក​ដទៃ។ វា​ត្រូវ​ការ​ពេល​សម្រាប់​ធ្វើ​ការ​អាច​រហូត​ដល់​យប់​ជ្រៅ​ និង​ពី​ព្រលឹម​ខ្លាំង ហើយ​ចំណុច​ដែល​សំខាន់​បំផុត​នោះគឺ វា​ទាម​ទារ​នូវ​ ការប្ដេជ្ញា​ចិត្ត និង​ការ​អត់​ធ្មត់​ខ្ពស់​។

សម្រាប់​លោក Branson គាត់​មាន​អត្តចរិត​ និង​គំនិត​ដែល​ត្រូវ​គ្នា​ជាមួយ​នឹង​ការ​ដំណើរ​ការ​មុខ​ជំនួញ​មួយ ដែល​គំនិត​របស់​គាត់​ចង់​ធ្វើ​បែបណា​ដើម្បី​ជួយ​សម្រួល​ទៅ​ដល់​ ការ​ធ្វើ​អោយ​ប្រសើរ​ឡើង​នូវ​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ក្នុង​លោក នេះ​ហើយ​គឺ​ជា​ការ​ទទួល​បាន​ដែល​លោក​មាន​មោទនភាព​បំផុត។

ភាព​ជោគជ័យ​ស្រដៀង​គ្នា​នៃ​ក្រុមហ៊ុន​របស់​លោក គឺ​ដូច​ទៅនឹង​ភាព​ជោគជ័យ​របស់​ក្រុមហ៊ុន Google និង Facebook ដែរ នោះ​គឺ​លោក Branson មិន​មែន​ចាប់​ផ្ដើម​មុខ​ជំនួញ​ដើម្បី​បង្កើត​អាណាចក្រ​ពាណិជ្ជកម្ម​មួយ​នោះ​ទេ។ គាត់​ផ្ដើម​ធ្វើ​អាជីវកម្ម​នោះ​ ក៏​ព្រោះ​តែ​លោក​មាន​ចិត្ត​ស្រលាញ់​ចំពោះ​ការ​ដំណើរ​ការ​ក្រុមហ៊ុន​ដែល​ជា​របស់​ខ្លួន និង​ពុះពារ​ជាមួយ​នឹង​បញ្ហា​ហើយ​និង​ឧបសគ្គ​ប៉ុណ្ណោះ។

 

២) ប្រសិន​បើ​មាន​មនុស្ស​និយាយ​ថា​គំនិត​របស់​អ្នក​ គឺ​មិន​អាច​ទៅ​រួច​ គ្រាន់​តែ​សងសឹក​ពួក​គេ​ ដោយ​អោយ​ពួក​គេ​មើល​ឃើញ​ពី​ភាព​ជោគជ័យ​របស់​អ្នក​ទៅ​គឺ​បាន​ហើយ

ដោយ​គ្រាន់​តែ​ឈ្មោះ​របស់​អ្នក ចាប់​ផ្ដើម​ត្រូវ​បាន​គេ​ស្គាល់​បន្តិច​បន្តួច​ភ្លាម ជានិច្ចកាល​គឺ​តែង​តែ​មាន​មនុស្ស​ដែល​ចង់​មាន​បញ្ហា​ជាមួយ​នឹង​អ្នក​ភ្លាម​ដូច​គ្នា​ដែរ។ នេះ​អាច​ដោយ​សារ​តែ​មនុស្ស​ទាំង​អស់​នោះ​ ជា​មនុស្ស​ដែល​ច្រណែន​នឹង​អ្នក ព្រោះ​ពួក​គេ​ជា​មនុស្ស​ដែល​គ្មាន​ការ​ងារ​ធ្វើ​ ឬ​អាច​ប្រហែល​មក​ពី​ពួក​គេ​គឺ​ជា​ក្រុម​ហ៊ុន​ដែល​ប្រកួត​ប្រជែង​ជាមួយ​នឹង​អ្នក ហើយ​មាន​ភាព​ភ័យ​ខ្លាច​ថា ក្រុមហ៊ុន​របស់​អ្នក​អាច​យក​ឈ្នះ​ក្រុមហ៊ុន​របស់​ពួក​គេ​បាន។

ពាក្យ​សម្ដី​របស់​លោក Branson ផ្ទាល់​បាន​លើក​ឡើង​ថា «ខ្ញុំ​គិត​ថា​រឿង​ដែល​ល្អ​បំផុត​ដែល​អ្នក​គួរ​តែ​ធ្វើ​ ​អោយ​មនុស្ស​ដែល​ពូកែ​រិះគន់​អ្នក​បាន​ឃើញ គឺ​អោយ​ពួក​គេ​ឃើញ​ពី​ភាព​ជោគជ័យ​របស់​អ្នក ហើយ​អោយ​ពួក​គេ​លេប​សំដី​របស់​ពួក​គេ​ខ្លួន​ឯង​វិញ»។

 

៣) អ្នក​មិន​អាច​ដំណើរ​ការ​មុខ​ជំនួញ​ណា​មួយ​បាន​ល្អ ដោយ​មិន​ជួប​ប្រទះ​ឧបសគ្គ ហើយ​ទទួល​យក​ហានិភ័យ​នោះ​ទេ

ត្រូវ​ចាំ​ថា​នៅ​ក្នុង​ពិភព​នៃ​ការ​ធ្វើ​មុខ​ជំនួញ និង​ពាណិជ្ជកម្ម គឺ​ពោរពេញ​ទៅ​ដោយ​ហានិភ័យ ហើយ​នៅ​ក្នុង​ជីវិត​រស់​នៅ​អ្នក​មិន​អាច​គេច​ផុត​ពី​ពួក​វា​បាន​រហូត​នោះ​ទេ ពីព្រោះ​បើ​អ្នក​មិន​ព្រម​ទទួល​យក​ហានិភ័យ​ទេ អ្នក​ក៏​គ្មាន​ថ្ងៃ​ទៅ​ដល់​គោល​ដៅ​ដែល​ខ្លួន​ស្រមៃ​ចង់​បាន​ដូច​គ្នា​ដែរ។

វា​គឺ​ពិត​ជា​មាន​ការ​លំបាក​ខ្លាំង​បំផុត ប្រសិន​បើ​អ្នក​ចង់​ទទួល​បាន​នូវ​ភាព​ជោគជ័យ ដោយ​គ្រាន់​តែ​ធ្វើ​រឿង​ដែល​អ្នក​គិត​ថា​មាន​សុវត្ថិភាព​ហើយ​គ្មាន​ហានិភ័យសោះ។ ត្រូវ​ដឹង​ថា សូម្បី​តែ​យើង​ដើរ​ចេញ​ពី​ផ្ទះ ក៏​ជីវិត​របស់​យើង​ត្រូវ​ប្រឈម​នឹង​ហានិភ័យ​រួច​ទៅ​ហើយ​ដែរ។

 

៤) កុំ​រិះគិត​តែ​ដោយ​ខ្លួន​ឯង ត្រូវ​ស្វែង​រក​គំនិត​ទី​ពីរ និង​ទីបី​ផ្សេង​ទៀត ពី​ដៃ​គូ​និង​មនុស្ស​ជោគជ័យ​នៅ​ជុំវិញ​ខ្លួន

មនុស្ស​យើង​ម្នាក់​គឺ​មិន​មែន​ជា​អាទិទេព ឬ​ព្រះ​ជា​ម្ចាស់​នោះ​ទេ ដូច្នេះ​ហើយ​ពេល​ខ្លះ​យើង​សម្រេច​ចិត្ត​ទៅ​តាម​អារម្មណ៍​ ដែល​ពេល​ខ្លះ​អាច​ជា​ការ​សម្រេច​ចិត្ត​មិន​ត្រឹម​ត្រូវ។ ដូច្នេះ​ការ​ស្វែង​រក​គំនិត​ និង​មតិ​យោបល់​ពី​មនុស្ស​ជោគជ័យ​ដទៃ​ទៀត គឺ​ពិត​ជា​ជម្រើស​ដ៏​ល្អ​ប្រសើរ។

លោក​ Branson បាន​ពន្យល់​ថា ប្រសិន​បើ​អ្នក​ចង់​ក្លាយ​ជា​មនុស្ស​ដែល​ជោគជ័យ​បំផុត អ្នក​ត្រូវ​តែ​រៀន​ស្ដាប់​អោយ​បាន​ច្រើន​ជាង​និយាយ។ បើ​និយាយ​ទៅ ភាព​ជោគជ័យ​នៅ​ក្នុង​មុខ​ជំនួញ មិន​មែន​គ្រាន់​តែ​យើង​ត្រូវ​មាន​អារម្មណ៍​សប្បាយ​រីករាយ​តែ​ប៉ុណ្ណឹង​ទេ វា​ត្រូវ​តែ​ធ្វើ​អោយ​អ្នក​ដទៃ​រីករាយ​ដូច​គ្នា​ដែរ។ ម៉្យាង​ទៀត​ការ​ស្វែង​រក​ការ​ប្រឹក្សា​ និង​គំនិត​ជោគជ័យ​ទាំង​អស់​នោះ អាច​ជួយ​អោយ​អ្នក​កាត់​បន្ថយ​ការ​ចំណាយ និង​ពេល​វេលា​បាន​មួយ​កម្រិត​ថែម​ទៀត​ផង។

 

៥) កុំ​ចុះ​ចាញ់

សឹង​តែ​គ្រប់​មនុស្ស​ និង​សហគ្រិន​ដែល​ជោគជ័យ​ទាំង​ឡាយ នឹង​ប្រាប់​អ្នក​នូវ​ពាក្យ​សំដី​មួយ​ម៉ាត់​នេះ។ ក៏​ប៉ុន្តែ​ទោះ​បី​ជា​បែប​នេះ​ក្ដី មាន​មនុស្ស​ជា​ច្រើន​ដែល​សុខ​ចិត្ត​ចុះ​ចាញ់ នេះ​ក៏​ដោយ​សារ​តែ​ពួក​គេ​រំពឹង​លទ្ធផល​ក្នុង​រយៈ​ពេល​ខ្លី ហើយ​នៅ​ពេល​ដែល​មិន​ឃើញ​ទទួល​បាន​លទ្ធផល​អ្វី ពួក​គេ​ក៏​បញ្ឈប់​ហើយ​ព្រម​ចុះ​ចាញ់។

ត្រូវ​ចង​ចាំ​ទុក​ថា ការ​ដំណើរ​ការ​ក្រុមហ៊ុន​មួយ​អោយ​ទទួល​បាន​ជោគជ័យ ហើយ​មាន​តម្លៃ​រាប់​រយ​ពាន់​លាន​ដុល្លា គឺ​មិន​មែន​ជា​ការ​ងារ​ដែល​ងាយ​ស្រួល​នោះ​ទេ បើ​សិន​ជា​ស្រួល​ហើយ​ប្រើ​ពេល​ខ្លី​នោះ ម៉្លេះ​សម​មនុស្ស​គ្រប់​គ្នា​អាច​ក្លាយ​ជា​អ្នក​ជោគជ័យ​បាន​គ្រប់​រូប​បាត់​ទៅ​ហើយ មិន​អញ្ចឹង?

ប៉ុន្តែ​ដើម្បី​ជោគជ័យ​ គឺ​វា​ត្រូវ​ការ​ទាមទារ​នូវ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ខ្ពស់ ហើយ​ពេល​ខ្លះ​អ្នក​អាច​ទទួល​អារម្មណ៍​ថា​ចង់​ចុះ​ចាញ់ ប៉ុន្តែ​មាន​តែ​អ្នក​ជោគជ័យ​ពិត​ប្រាកដ​ប៉ុណ្ណោះ ដែល​នឹង​មិន​រុញ​រា​ចំពោះ​ឧបសគ្គ​ចំពោះ​មុខ ហើយ​ប្រឹង​ប្រែង​បន្ត​ទៅ​ទៀត។

 

៦) ផ្ទះ​បាយ​របស់​អ្នក​ គឺ​ធំ​ទូលាយ​ហើយ​មាន​សាឡុង​អង្គុយ

ពាក្យ​សំដី​របស់​លោក​ត្រង់​ចំណុច​នេះ​ហាក់​មាន​ភាព​ស្មុគស្មាញ និង​ពិបាក​យល់​បន្តិច ប៉ុន្តែ​បើ​តាម​ការ​យល់​ឃើញ​របស់​ ​​ គាត់​ចង់​មាន​ន័យ​ថា​សុភមង្គល​នៅ​ក្នុង​ក្រុម​គ្រួសារ គឺ​ពិត​ជា​មាន​សារៈ​សំខាន់។ ព្រោះ​ប្រសិន​បើ​ផ្ទះ​បាយ​របស់​អ្នក​ធំទូលាយ អាច​ដាក់​សាឡុង​ អាច​ដាក់​គ្រែ​គេង​បាន និង​មាន​ដៃ​គូ​ដែល​យល់​ចិត្ត​អ្នក​ទៀត​នោះ​ នោះ​អ្នក​មិន​ចាំ​បាច់​ត្រូវ​ការ​អ្វី​មក​បន្ថែម​ទៀត​ទេ។

 

៧) ត្រូវ​ទទួល​ទូរស័ព្ទ​របស់​អ្នក

ការ​ទទួល​ទូរស័ព្ទ​អាច​និយាយ​ថា​រៀង​ចង់​ហួស​សម័យ​បន្តិច បើ​ប្រៀបធៀប​ជាមួយ​នឹង​ អ៊ីម៊ែល SMS Skype និង​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ផ្សេង​ទៀត ក៏​ប៉ុន្តែ​ការ​និយាយ​តាម​ទូរស័ព្ទ គឺ​វា​នៅ​តែ​ជា​វិធីសាស្ដ្រ​នៅ​ក្នុង​ទំនាក់​ទំនង​យ៉ាង​មាន​សារៈ​សំខាន់​ដដែល។

វា​គឺ​ជា​វិធីសាស្ដ្រ​តែ​មួយ ដែល​អាច​អនុញ្ញាតិ​អោយ​អ្នក​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​នឹង​អ្នក​ដទៃ បាន​ដោយ​សេរី និង​ឆាប់​រហ័ស​ មិនថា​អ្នក​ចង់​ទាក់​ទង​ទៅ​អ្នក​ណា​ក៏​ដោយ។

លោក​ Branson យល់​ថា មាន​មនុស្ស​ជាច្រើន​ព្យាយាម​គេច​វេស មិន​ចង់​ call តាម​ទូរស័ព្ទ ឬ​ទទួល​ទូរស័ព្ទ​របស់​ខ្លួន ពីព្រោះ​ពួក​គេ​ចង់​ប្រើ​ប្រាស់​ការ​ទំនាក់​ទំនង​បែប​ផ្សេង ដូច​ជា email ជាដើម​ ព្រោះ​ពួក​គេ​យល់​ថា​វា​គឺ​មាន​ប្រសិទ្ធភាព​ជាង។ ប៉ុន្តែ​ត្រូវ​ចង​ចាំ​ថា មាន​បញ្ហា​ជា​ច្រើន​សុទ្ធ​តែ​អាច​ត្រូវ​ដោះ​ស្រាយ​បាន តាម​រយៈ​ការ​ call ទូរស័ព្ទ ជាជាង​ការ​ផ្ញើរ​ អ៊ីម៊ែល ទៅ​វិញ​ទៅ​មក ដែល​ជា​ការ​ខាត​បង់​ពេល​វេលា​ទៅ​វិញ។

 

៨) ត្រូវ​ធ្វើ​ការ​ផ្សព្វផ្សាយ​ពី​ខ្លួន​ឯង

មាន​មហាសេដ្ឋី​ផ្នែក​អាកាសចរណ៍​អង់គ្លេស​មួយ​រូប​ ធ្លាប់​និយាយ​ប្រាប់​លោក Branson នូវ​ពាក្យ​ទូន្មាន​ដ៏​មាន​តម្លៃ​មួយ​ឃ្លា មុន​ពេល​ដែល​លោក​ចាប់​ផ្ដើម​ដំណើរ​ក្រុមហ៊ុន Virgin Atlantic របស់​ខ្លួន ហើយ​ពាក្យ​ទូន្មាន​មួយ​ឃ្លា​នោះ​គឺ៖

«ចាំ​បាច់​បំផុត​ ដែល​លោក​គួរ​តែ​ប្រកាស​ប្រាប់​ពិភពលោក​ពី​ខ្លួន​ឯង ហើយ​នឹង​ក្រុមហ៊ុន​របស់​លោក។ ទោះ​ជា​លោក​មើល​ទៅ​ដូច​ជា​មនុស្ស​ឆ្កួត​ម្នាក់​ក៏ដោយ ពីព្រោះ​បើ​លោក​មិន​អាច​ផ្សព្វផ្សាយ​ពី​ខ្លួន​ឯង​អោយ​ អតិថិជន​បាន​ឃើញ​ទេ​ ក្រុមហ៊ុន​របស់​លោក​គឺ​មិន​អាច​ជោគជ័យ​បាន​ទេ។»

នេះ​គឺ​ជា​ពាក្យ​សំដី​ដ៏​មាន​តម្លៃ​ និង​ល្អ​បំផុត តើ​មាន​វិធី​ផ្សេង​ណា​ទៀត​ដែរ​ឬ​ទេ ប្រសិន​បើ​អ្នក​ចង់​ផ្សព្វផ្សាយ​ពី​ខ្លួន​ឯង និង​ក្រុមហ៊ុន​របស់​ខ្លួន​នោះ?

 

៩) គ្មាន​អ្វី​ដែល​ល្អ​ឥត​ខ្ចោះ​នោះ​ទេ ហើយ​អ្នក​ក៏​មិន​អាច​ធ្វើ​អ្វី​មួយ​អោយ​ល្អ​ឥត​ខ្ចោះ​បំផុត​បាន​ដែរ

មនុស្ស​ជា​ច្រើន​យល់​ឃើញ​ថា នៅ​ពេល​ដែល​ពួក​គេ​បាន​ធ្វើ​នូវ​កិច្ចការ​ណា​មួយ បាន​ល្អឥត​ខ្ចោះ​ហើយ​នោះ ពួក​គេ​នឹង​ដក​ឃ្លា ហើយ​កាត់​បន្ថយ​ការ​ធ្វើ​ការ។ ប៉ុន្តែ​ត្រូវ​ចង​ចាំ​ថា ខណៈ​ពេល​ដែល​អ្នក​សម្រាក ហើយ​ចំណាយ​ពេល​ចោល​ឥត​ប្រយោជន៍ គឺ​នៅ​មាន​មនុស្ស​ជាច្រើន​ផ្សេង​ទៀត ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ការ​យ៉ាង​សកម្ម ហើយ​មិន​យូរ​មិន​ឆាប់ មនុស្ស​ទាំង​អស់​នោះ​ ពិត​ជា​អាច​មាន​លទ្ធភាព​យក​ឈ្នះ លើ​កិច្ចការ​ដែល​អ្នក​ធ្លាប់​យល់​ថា​ល្អឥត​ខ្ចោះ​នោះ​ជាក់​ជាមិនខាន។

 

១០) ជឿជាក់​លើ​គំនិត​របស់​ខ្លួន ហើយ​ជឿ​ថា​វា​ជា​អ្វី​ដែល​ល្អ​បំផុត

តើ​មាន​ប្រយោជន៍​អ្វី​ បើ​អ្នក​ប្រឹង​ប្រែង​ធ្វើ​កិច្ចការ​ណា​មួយ​យ៉ាង​ខ្លាំង​ក្លា​ហើយ ប៉ុន្តែ​អ្នក​បែរ​ជា​គ្មាន​ជំនឿ​លើ​វា​ផង​នោះ? ហើយ​បើ​អ្នក​មិន​ទាំង​ជឿ​វា​ផង តើ​អោយ​អ្នក​ដទៃ​ជឿ​លើ​គំនិត​ពាណិជ្ជកម្ម​មួយ​នោះ​បាន​ដោយ​របៀប​ណា?

វា​ជា​ការ​ចាំ​បាច់​បំផុត ដែល​អ្នក​ត្រូវ​តែ​មាន​មហិច្ឆតា ចំពោះ​អ្វី​ដែល​អ្នក​ធ្វើ ជឿជាក់​ខ្លាំង​បំផុត​លើ​គំនិត​នៃ​មុខ​ជំនួញ​របស់​ខ្លួន ហើយ​ត្រូវ​ជឿ​ថា​រូប​អ្នក​ពិត​ជា​អាច​ជោគជ័យ និង​សម្រេច​ក្ដី​ស្រមៃ​ដែល​ខ្លួន​ធ្លាប់​បាន​គិត​បាន។

 

១១) ការ​មាន​គំនិត​សុទិដ្ឋ​និយម គឺ​ជា​រឿង​ដែល​ល្អ​ប្រសើរ​បំផុត

សម្រាប់​លោក Branson ផ្ទាល់​ គឺ​ជា​មនុស្ស​ដែល​វិជ្ជមាន និង​សុទិដ្ឋនិយម​បំផុត ជានិច្ចកាល​អោយ​តែ​លោក​មើល​ឃើញ​ឱកាស​ លោក​នឹង​ស្រវា​ចាប់​យក​វា​ទាំង​អស់។ លោក​បាន​បញ្ជាក់​ថា​អោយ​តែ​មនុស្ស​យើង​គិត​វិជ្ជមាន ទោះ​ជា​បញ្ហា​ធំ​ប៉ុណ្ណា​ក៏​ដោយ សុទ្ធ​តែ​អាច​ប្រែ​ក្លាយ​អោយ​ទៅ​ជា​ឱកាស និង​ផល​ចំណេញ​បាន​ជានិច្ច។ ដោយ​មិន​គិត​ពី​លទ្ធផល​ថា​តើ អាច​ចាញ់​ឬ​ក៏​ឈ្នះ វា​គឺ​ពិត​ជា​ប្រសើរ​បើ​អ្នក​ស្រលាញ់​កិច្ចការ​ ដែល​អ្នក​កំពុង​តែ​ធ្វើ។

 

១២) ការ​ធ្វើ​មុខ​ជំនួញ គឺ​ជា​ការ​ធ្វើ​អ្វី​ដែល​ជា​ខ្លួន​ឯង និង​ធ្វើ​អ្វី​ដែល​ខ្លួន​ចង់​ធ្វើ

មាន​មនុស្ស​ជា​ច្រើន​ បាន​ចាប់​ផ្ដើម​បង្កើត​មុខ​ជំនួញ​ ទាំង​មាន​គំនិត​ខុស​ឆ្គង​មួយ​គឺ ​ពួក​គេ​ចង់​អួត​ ឬ​បង្ហាញ​ពី​ស្ថានភាព​របស់​ខ្លួន​ទៅ​កាន់​អ្នក​ដទៃ ហើយ​និង​បុគ្គលិក​របស់​ខ្លួន។

ប៉ុន្តែ​ជា​ការ​ពិត​ទៅ ការ​បង្កើត​មុខ​ជំនួញ​មួយ នោះ​គឺ​ជា​ការ​ធ្វើ​ការ​ងារ​ផ្អែក​ទៅ​លើ​គំនិត​ផ្ទាល់​ខ្លួន​របស់​មនុស្ស​ម្នាក់​ទៅ​វិញ​ទេ ដែល​មាន​មហិច្ឆតា​ចង់​ធ្វើ​រឿង​នោះ​អោយ​សម្រេច និង​ទទួល​បាន​នូវ​ភាព​ជោគជ័យ។

 

១៣) វិធី​ដែល​ល្អ​បំផុត​ក្នុង​ការ​រៀន​ពី​អ្វី​មួយ នោះ​គឺ​ការ​អនុវត្តន៍​ផ្ទាល់

អ្នក​ប្រហែល​អាច​ធ្លាប់​បាន​អាន និង​បាន​លឺ​ពី​ចំណុច​មួយ​នេះ​ តាម​រយៈ​ពាក្យសំដី​និង​ទម្រង់​ផ្សេង​ៗ​ទៀត ប៉ុន្តែ​ចុង​ក្រោយ​យើង​អាច​សង្ខេប​វា​មក​ចំនុច​រួម​មួយ​បាន​គឺ៖ គ្រូ​បង្រៀន​ដែល​ល្អ​បំផុត​នោះ គឺ​បទពិសោធន៍​ដែល​អ្នក​ទទួល​បាន​មក​ពី​ការ​អនុវត្តន៍។

លោក​ Branson បាន​សង្កត់​ធ្ងន់​ថា ការ​ធ្វើ​កិច្ចការ​ណាមួយ​ដោយ​ខ្លួន​ឯង រៀន​ពី​វា ទទួល​លទ្ធផល​បរាជ័យ ហើយ​បន្ត​ស្វែង​រក​ដំណោះ​ស្រាយ​ វិធី​ទាំង​អស់​នេះ​ហើយ គឺ​ជា​វិធីសាស្ដ្រ​រៀន​សូត្រ​ដែល​ល្អ​បំផុត។

ត្រូវ​ចាំ​ថា​មិន​ថា​អ្នក​រៀន​បាន​ច្រើន​កម្រិត​ណា ប៉ុន្តែ​បើ​អ្នក​មិន​យក​មក​អនុវត្តន៍​ទេ នោះ​អ្នក​នឹង​មិន​ចេះ​ពី​ជំនាញ​ដែល​អ្នក​រៀន​នោះ​បាន​ពិត​ប្រាកដ​ឡើយ។

 

១៤) ​កំណត់​គោល​ដៅ​លំបាកៗ​អោយ​ខ្លួន​ឯង​ (និង​ប្រៀបធៀប​លទ្ធផល​ដែល​ជា​របស់​ខ្លួន​ឯង)

ជា​ឧទាហរណ៍​ នៅ​ពេល​ដែល​អ្នក​ទៅ​កន្លែង​ហាត់​ប្រាណ នោះ​គឺ​អ្នក​ចង់​ទទួល​បាន​នូវ​សុខភាព​ល្អ និង​ហាត់​ដើម្បី​ពង្រីក​សាច់​ដុំ​របស់​ខ្លួន។ អ្នក​ប្រាកដ​ជា​បាន​ឃើញ​ថា​ មាន​មនុស្ស​ជាច្រើន​ទៀត​ក៏​ទៅ​កន្លែង​ហាត់​ប្រាណ ដើម្បី​ធ្វើ​រឿង​ទាំង​អស់​នោះ​ដែរ ក៏​ប៉ុន្តែ​គឺ​មាន​មនុស្ស​ត្រឹម​តែ​ពីរ​ទៅ​បី​នាក់​ប៉ុណ្ណោះ ដែល​ទទួល​បាន​នូវ​រូបរាង​ដែល​ពួក​គេ​ប៉ង​ប្រាថ្នា។

ឧទហរណ៍​ខាង​លើ​នេះ​គឺ​ចង់​និយាយ​ថា អ្នក​មិន​អាច​យក​ខ្លួន​ឯង​ទៅ​ប្រៀប​ធៀប​ជាមួយ​នឹង​អ្នក​ដទៃ​បាន​ទេ។ មនុស្ស​ដែល​អ្នក​គួរ​តែ​យក​មក​ប្រៀប​ធៀប​ជាមួយ​នឹង​ខ្លួន​ឯង​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ គឺ​រូប​អ្នក​កាល​ពី​អតីតកាល។

គ្មាន​អ្វី​ដែល​មាន​សេចក្ដី​សុខ​ជាង ការ​កំណត់​គោល​ដៅ​ណាមួយ​ហើយ ប្រឹងប្រែង​ធ្វើ​កិច្ចការ​នោះ​ទាល់​តែ​បាន​សម្រេច​នោះ​ទេ។

 

១៥) ភាព​ស្មោះ​ត្រង់​នៅ​ក្នុង​មុខ​ជំនួញ​គឺ​ជា​រឿង​ដែល​សំខាន់​បំផុត

អាច​មាន​ពេល​មួយ​ដែល​មុខ​ជំនួញ​របស់​អ្នក អាច​ជួប​នឹង​ឧបសគ្គ​និង​ការ​បរាជ័យ​ធ្ងន់​ធ្ងរ ប្រសិន​បើ​ដៃគូ ឬ​បុគ្គលិក​របស់​អ្នក​គ្មាន​ភាព​ស្មោះ​ត្រង់​ចំពោះ​ក្រុមហ៊ុន។ ត្រូវ​ចាំ​ថា សេចក្ដី​ស្មោះ​ត្រង់​គឺ​ពិត​ជា​មាន​សារៈសំខាន់​ណាស់​នៅ​ក្នុង​ពាណិជ្ជកម្ម​មួយ​។

ទោះ​បី​មាន​ពេល​ខ្លះ ភាព​ស្មោះ​ត្រង់​មិន​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ធាតុ​ផ្សំ​ដែល​សំខាន់​ប៉ុន្មាន ប៉ុន្តែ​សម្រាប់​សហគ្រិន​ទាំង​ឡាយ​គួរ​តែ​យក​ចិត្ត​ទុក​ដាក់ ពី​ភាព​ស្មោះ​ត្រង់​នេះ​អោយ​បាន​ខ្លាំង​បំផុត នៅ​ពេល​ដែល​អ្នក​បម្រុង​ជួល​បុគ្គលិក​ណា​ម្នាក់​អោយ​មក​ធ្វើ​ការ​ជាមួយ។ ត្រូវ​ចាំ​ថា​មាន​តែ​មនុស្ស​ដែល​មាន​គំនិត​ដូច​គ្នា​ប៉ុណ្ណោះ ដែល​អាច​ជួយ​ជម្រុញ​អោយ​ក្រុមហ៊ុន​មួយរីកចម្រើន​ទៅ​មុខ​បាន ដូច្នេះ​អ្នក​ត្រូវ​តែ​ប្រាកដ​ថា សមាជិក​នីមួយ​ៗ​នៅ​ក្នុង​ក្រុមហ៊ុន​របស់​អ្នក គឺ​ជា​មនុស្ស​ស្មោះ​ត្រង់ ដែល​ត្រៀម​ខ្លួន​ជាស្រេច​ឈរ​នៅ​ខាង​អ្នក នឹង​មាន​គំនិត​ធ្វើ​អ្វី​ជា​រួម​ដើម្បី​ក្រុមហ៊ុន។

 

១៦) ត្រូវ​មាន​ភាព​ក្លាហាន​ធ្វើ​នូវ​កិច្ចការ​ដែល​មនុស្ស​ភាគ​ច្រើន​មិន​ចង់​ធ្វើ

អ្នក​ណា​ក៏​អាច​រត់​ចំងាយ​ផ្លូវ​ ១គ.ម បាន​ដែរ អ្នក​ខ្លះ​អាច​រត់​បាន ១០គ.ម ប៉ុន្តែ​គ្មាន​មនុស្ស​ណា​ម្នាក់​ដែល​ហ៊ាន​សាក​ល្បង​រត់​ចំងាយ​ផ្លូវ​ ១០០​គ.ម​នោះ​ទេ។

ត្រូវ​ចាំ​ថា​ភាព​ជោគជ័យ គឺ​ជា​ភាព​ក្លាហាន​ធ្វើ​នូវ​កិច្ចការ​ដែល​គ្មាន​នរណា​ហ៊ាន​ធ្វើ ដើម្បី​ទទួល​បាន​លទ្ធផល​លើស​មនុស្ស​ទាំង​នោះ​ដូច​គ្នា​ដែរ។ មនុស្ស​ដែល​ធ្វើ​នូវ​ការ​ងារ​ ដើម្បី​អោយ​មាន​ការ​ផ្លាស់​ប្ដូរ គឺ​ជា​មនុស្ស​ម្នាក់​ដែល​ហ៊ាន​ហែល​ឆ្លង​ទឹក​កួច​ ​ឆ្ពោះ​ទៅ​រក​ច្រាំង។ ជាការ​ពិត​ពេល​ខ្លះ​កិច្ចការ​ទាំង​នោះ គឺ​ពិត​ជា​កិច្ចការ​ដែល​មិន​ងាយ​ស្រួល​នោះ​ទេ ក៏​ប៉ុន្តែ​បើ​អ្នក​មិន​ហ៊ាន​ធ្វើ អ្នក​ក៏​នឹង​មិន​អាច​ទៅ​ដល់​គោលដៅ​ដែល​ខ្លួន​បាន​កំណត់​ដូច​គ្នា​ដែរ។

 

១៧) វិនិយោគ​ប្រាក់​របស់​អ្នក ទៅ​លើ​ការ​បណ្ដាក់​ទុន​ផ្សេងៗ​ទៀត

ត្រូវ​ចាំ​ ប្រាក់​គឺ​អាច​ប្រើ​ដើម្បី​ទាញ​យក​ប្រាក់​មក​បន្ថែម​ទៀត​បាន ប្រសិន​បើ​អ្នក​ប្រើ​វា​អោយ​បាន​ត្រឹម​ត្រូវ។ សហគ្រិន​ដែល​ពោរពេញ​ទៅ​ដោយ​មហិច្ឆតា និង​មិន​អង្គុយ​ទំនេរ​ចោល ហើយ​ខ្ជិល​ច្រអូស​មិន​ធ្វើ​អ្វី​សោះ​នោះ​ទេ។

ពួក​គេ​គឺ​ជា​មនុស្ស​ដែល​គិត​ពី​លទ្ធភាព​ពង្រីក​ មុខ​ជំនួញ​និង​ពាណិជ្ជកម្ម​របស់​ខ្លួន​ ព្រម​ទាំង​ខិត​ខំ​ប្រឹង​ប្រែង​ម្ដង​ហើយ​ម្ដង​ទៀត​ដើម្បី​អោយ​ផលិតផល និង​សេវាកម្ម​របស់​ខ្លួន អាច​ទៅ​ដល់​ដៃ​អតិថិជន​ថ្មីៗ​ជាប់​ជានិច្ច។ ការ​វិនិយោគ​ ក្នុង​ការ​បណ្ដាក់​ទុន​ផ្សេង​ៗ​ទៀត គឺ​ជា​វិធីសាស្ដ្រ​មួយ​ ក្នុង​ការ​ពង្រីក និង​ទទួល​បាន​នូវ​អតិថិជន​ថ្មីៗ​ទាំង​នោះ។

ការ​មាន​ប្រាក់​នៅ​ក្នុង​ដៃ​ហើយ ប៉ុន្តែ​ទុក​ប្រាក់​នោះ​ចោល ដោយ​មិន​យក​ទៅ​ធ្វើ​វិនិយោគ គឺ​ពិត​ជា​មិន​ល្អ​សោះ​ឡើយ​។ ប្រាក់​ចំណេញ​ដែល​ទទួល​បាន​ គឺ​ត្រូវ​យក​ទៅ​ដាក់​ធ្វើ​វិនិយោគ​បន្ត ដើម្បី​អោយ​ការ​រីក​ចម្រើន​នៅ​តែ​អាច​កើត​មាន​ឡើង!

 

១៨) ពេល​ខ្លះ​ ត្រូវ​ទុក​ទូរស័ព្ទ​របស់​អ្នក​ចោល​ខ្លះ (ទូរស័ព្ទ​គួរ​តែ​ប្រើ​ដើម្បី​តែ​ការ​ call ទំនាក់​ទំនង​ការ​ងារ​ទៅ​គឺ​បាន​ហើយ)

សព្វ​ថ្ងៃ​នេះ យើង​សង្កេត​ឃើញ​ថា​មាន​មនុស្ស​ជាច្រើន ដែល​បាន​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​របស់​ខ្លួន ទៅ​លើ​ការ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម ដោយ​ឥត​ប្រយោជន៍។ ហើយ​ចំណែក​អ្នក​ខ្លះ​ទៀត​បើ​មិន​រវល់​ជាមួយ​នឹង​ការ​លេង​បណ្ដាញ​សង្គម​ទេ គឺ​រវល់​ឆ្លើយ​តប​ អ៊ីម៊ែល SMS និង​សារ​ផ្សេងៗ ហើយ​ព្យាយាម​ឆ្លើយ​តប​គ្រប់​សារ​ទាំង​អស់ ដែល​ជា​ការ​ខាត​ពេល​វេលា​ធ្ងន់​ធ្ងរ​បំផុត។

លោក Branson បាន​ពន្យល​ប្រាប់​ដល់​អ្នក​ដឹកនាំ​ និង​សហគ្រិន​គ្រប់​រូប​ថា ពួក​គេ​មិន​គួរ​ឈ្លក់​វង្វេង​នឹង បច្ចេកវិទ្យា​ ហើយ​យក​ពេលវេលា​ចំណាយ​លើ​ពួក​វា​ហួស​ហេតុ​ខ្លាំង​ពេក​នោះ​ទេ។ ប្រការ​ដែល​ត្រឹម​ត្រូវ​បំផុត​នោះ គួរ​គប្បី​បែង​ចែក​ពេល​វេលា​អោយ​បាន​ច្បាស់​លាស់ និង​ធ្វើ​ការ​កំណត់​ពី​រយៈពេល​នៃ​ការ​ប្រើប្រាស់​ របស់​ទាំង​អស់​នោះ ជា​ជាង​ព្យាយាម​តាម​ដាន​ និង​ឆ្លើយ​តប​គ្រប់​ពេល​វេលា៕


មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes