Loading...
មេរៀន​ជោគជ័យ​ ១០​ចំណុច ពី​កំពូល​​អ្នក​វិនិយោគ​ភាគ​ហ៊ុន​និង​មូលប័ត្រ លោក Warren Buffett
Cover
ថ្ងៃ​ចេញ​ផ្សាយ៖ តុលា 29, 2017
ចំនួន​ទស្សនា៖ 1378 លើក

នាំ​មក​ជូន​ដោយ​៖ ផ្ដល់​ភាព​​ស្រស់​ស្អាត​ប្រកប​ដោយ​ការ​ជឿ​ជាក់​សំរាប់​អ្នក Mey GlutaShop

លោក​ Warren Buffett គឺ​ជា​ឈ្មោះ​ដែល​តំណាង​នូវ​ភាព​ជោគជ័យ ជា​ពិសេស​លោក​គឺ​ជា​អាទិទេព​នៅ​ក្នុង​ការ​ធ្វើ​វិនិយោគ​មូលបត្រ និង​ភាគ​ហ៊ុន។ បច្ចុប្បន្ន​នេះ លោក​មាន​ទ្រព្យ​សម្បត្តិ​សរុប​ប្រមាណ​ជាង ៧០​ពាន់​លាន​ដុល្លា និង​ជា​មហាសេដ្ឋី​កំពូល​មួយ​រូប​ក្នុង​ចំណោម​កំពូល​មហាសេដ្ឋី​កំពូល​ៗ​នានា​ នៅ​លើ​លោក។

ទ្រព្យ​សម្បត្តិ​ដ៏​មហាសាល​ភាគ​ច្រើន​របស់​លោក គឺ​ទទួល​បាន​មក​ពី​ការ​ធ្វើ​វិនិយោគ​ឆ្លាត​វៃ នៅ​ក្នុង​វិស័យ​មូល​ប័ត្រ​និង​ទីផ្សារ​ភាគ​ហ៊ុន ហើយ​អ្វី​ដែល​សំខាន់​នោះ​លោក​ត្រូវ​បាន​ពិភព​លោក​ទាំង​មូល ចាត់​ទុក​ថា​ជា​វិនិយោគិន​ដែល​ឆ្លាត​វៃ​ជាង​គេ​ បំផុត​នា​ពេល​បច្ចុប្បន្ន​នេះ។

ចំពោះ​អត្ថបទ​មួយ​នេះ​ ​​ សូម​ធ្វើ​ការ​បង្ហាញ​ជូន​ប្រិយមិត្ត​ នូវ​ដំបូន្មាន​ល្អ​ៗ​របស់​លោក Warren Buffett ​ចំនួន​១០​ចំណុច​ខាង​ក្រោម ដើម្បី​ទទួល​បាន​ភាពជោគជ័យ៖

 

១) ចំណាយ​ថវិកា​របស់​អ្នក​ដោយ​ភាព​ឈ្លាសវៃ

ដំបូន្មាន​ដំបូង​របស់​លោក​គឺ នៅ​ពេល​ដែល​អ្នក​ចំណាយ​លុយ​របស់​ខ្លួន​ អ្នក​ចាំ​បាច់​គួរ​តែ​ចំណាយ​ដោយ​ភាព​ឈ្លាសវៃ។ នេះ​គឺ​មាន​ន័យ​ថា អ្នក​ពុំ​គួរ​ចំណាយ​ប្រាក់​ខ្ជះខ្ជាយ​ទៅ​លើ​រឿង ឬ​របស់​របរ​ដែល​អ្នក​មិន​សូវ​ត្រូវ​ការ​នោះ​ទេ ប៉ុន្តែ​គួរ​តែ​ចំណាយ​ទៅ​លើ​អ្វី​ដែល​អ្នក​ត្រូវ​ការ​ជា​ចាំ​បាច់​ពិត​ប្រាកដ។ ពី​ព្រោះ​ប្រាក់​ដែល​នៅ​សល់​ពី​ការ​ចំណាយ​ឥត​ប្រយោជន៍​ទាំង​នោះ អាច​ផ្ដល់​អោយ​អ្នក​នូវ​លទ្ធភាព​ក្នុង​ការ​ធ្វើ​វិនិយោគ​នា​ពេល​ក្រោយ​បាន។

 

២) ត្រូវ​ប្រុង​ប្រយ័ត្ន​នៅ​ពេល​ដែល​អ្នក​ខ្ចី​ប្រាក់

ប្រសិន​បើ​អ្នក​ជា​មនុស្ស​ដែល​ចូល​ចិត្ត​ខ្ចី​ប្រាក់​ ឬ​យក​ឥណទាន​ពី​ធនាគារ ហើយ​ចូល​ចិត្ត​ប្រើ​កាត​ឥណទាន​ដោយ​មិន​សំចៃ​នោះ នា​ពេល​អនាគត​អ្នក​មិន​អាច​ក្លាយ​ទៅ​ជា​អ្នក​មាន​បាន​ទេ។ អ្នក​នឹង​ក្លាយ​ទៅ​ជា​បុគ្គល​ដែល​ហ៊ុមព័ទ្ធ​ទៅ​ដោយ​បំណុល ដែល​កាន់​តែ​កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ហើយ​ចុង​ក្រោយ​វា​នឹង​ធ្វើ​អោយ​អ្នក​ក្ស័យ​ធន​បាន។

សម្រាប់​លោក Buffett ផ្ទាល់​ គាត់​មិន​ដែល​ខ្ចី​ប្រាក់​ក្នុង​ចំនួន​ច្រើន​សន្ធឹក​សន្ធាប់​នោះ​ទេ ហើយ​គាត់​ផ្ដល់​ជា​យោបល់​ដល់​មនុស្ស​ទាំង​ឡាយ​ផ្សេង​ទៀត​ ដែល​កំពុង​តែ​ជាប់​បំណុល ត្រូវ​ប្រញាប់​ប្រញាល់​សង​បំណុល​ទាំង​នោះ​អោយ​អស់ ហើយ​ចាប់​ផ្ដើម​ធ្វើ​ការ​សន្សំ​អោយ​បាន​កាន់​តែ​ឆាប់​កាន់​តែ​ល្អ ដើម្បី​ទុក​សម្រាប់​ធ្វើ​ការ​វិនិយោគ​នា​ពេល​អនាគត​បាន

 

៣) ត្រូវ​កំណត់​អោយ​ច្បាស់​លាស់​នូវ​ភាព​ជោគជ័យ​ ដែល​ខ្លួន​ចង់​បាន

អ្វី​ដែល​ប្រិយមិត្ត​គួរ​តែ​កត់​សម្គាល់​នោះ​គឺ បើ​ទោះ​បី​ជា​សព្វ​ថ្ងៃ​លោក Buffett គឺ​ជា​មហាសេដ្ឋី​ដែល​មាន​ទ្រព្យ​សម្បត្តិ​មហា​សាល​មួយ​រូប​ក្ដី ក៏​ប៉ុន្តែ​រូប​លោក​មិន​បាន​ធ្វើ​ការ​វាស់​ស្ទង់​នូវ​ភាព​ជោគជ័យ​របស់​ខ្លួន​ ដោយ​ផ្អែក​ទៅ​លើ​ទ្រព្យ​សម្បត្តិ​ទាំង​អស់​នោះ​ទេ។

ផ្ទុយ​ទៅ​វិញ​ ភាព​ជោគជ័យ​សម្រាប់​លោក Buffett គឺ​ការ​មាន​មនុស្ស​ជាច្រើន​នៅ​ជុំវិញ​ខ្លួន​ ដែល​មនុស្ស​ទាំង​នោះ​គោរព​ស្រលាញ់​លោក​យ៉ាង​ពិត​ប្រាកដ ហើយ​លោក​ក៏​ស្រលាញ់​ពួក​គេ​វិញ​ដែរ។

ដូច្នេះ​សម្រាប់​ប្រិយមិត្ត​ផ្ទាល់​វិញ ក៏​ត្រូវ​តែ​ធ្វើ​ការ​កំណត់​នូវ​និយមន័យ​នៃ​ពាក្យ​ជោគជ័យ​នេះ​ សម្រាប់​ខ្លួន​ឯង​អោយ​បាន​ច្បាស់​លាស់​ផង ថា​តើ​អ្វី​ជា​គោលដៅ និង​ការ​ស្រមៃ​ពិត​ប្រាកដ​ដែល​ប្រិយមិត្ត​ចង់​បាន។

 

៤) កុំ​មាន​ការ​ភ័យ​ខ្លាច ក្នុង​ការ​ធ្វើ​អ្វី​ដែល​ខុស​ពី​អ្នក​ដទៃ

អ្វី​ដែល​ជា​ការ​ពិត​នោះ​គឺ​ មនុស្ស​ភាគ​ច្រើន​ចូល​ចិត្ត​ធ្វើ​អ្វី​មួយ​ដែល​ ចម្លង​តាម​មនុស្ស​ផ្សេង​ទៀត​ដែល​ទទួល​បាន​ជោគជ័យ​រួច​ទៅ​ហើយ។ នេះ​ក៏​មិន​អាច​បន្ទោស​ពួក​គេ​បាន​ដែរ សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់ ពេល​ខ្លះ​ក៏​ធ្វើ​នូវ​រឿង​រ៉ាវ​ទាំង​នោះ​ដែរ ក៏​ប៉ុន្តែ​អ្វី​ដែល​ប្រាកដ​នោះ​គឺ វា​មិន​មែន​ជា​វិធី​ដែល​ល្អ ហើយ​ក៏​មិន​អាច​ស្ថិត​ស្ថេរ​បាន​យូរ​នោះ​ដែរ។ ត្រូវ​ចាំ​ថា​ ប្រសិន​បើ​អ្នក​ចាំ​តែ​ចម្លង​ពី​អ្នក​ដទៃ​រហូត​នោះ អ្នក​គ្មាន​ថ្ងៃ​អាច​ផ្ដល់​អោយ​អតិថិជន​របស់​ខ្លួន នូវ​ភាព​ជា​ខ្លួន​របស់​អ្នក​បាន​នោះ​ទេ។

ជានិច្ចកាល​ សម្រាប់​មនុស្ស​ដែល​ធ្វើ​រឿង​ខុស​ប្លែក​ពី​អ្នក​ដទៃ មិន​ចម្លង​តាម​គេ មនុស្ស​ទាំង​អស់​នេះ​ហើយ​គឺ​ជា​អ្នក​ដែល​អាច​ស្វែង​រក​ឃើញ នូវ​របស់​ថ្មី​អ្វី​ម៉្យាង​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​បាន។ លោក Warren ធ្លាប់​បាន​លើក​ឡើង​ថា មនុស្ស​កម្រិត​មធ្យម​គឺ​ជា​មនុស្ស​ដែល​ចូល​ចិត្ត​ចម្លង​តាម​អ្នក​ដទៃ​គ្រប់​ពេល​វេលា ប៉ុន្តែ​សម្រាប់​លោក​វិញ លោក​មិន​ចង់​ធ្វើ​ជា​មនុស្ស​មធ្យម​ដូច​គេ​ដូច​ឯង​ទេ លោក​ចង់​ធ្វើ​នូវ​កិច្ចការ​ទាំង​ឡាយ​ណា​ដែល​ខុស​ពី​គេ ហើយ​គឺ​ខ្លួន​លោក​ផ្ទាល់​គឺ​ជា​អ្នក​វិនិច្ឆ័យ​នូវ​សកម្មភាព​ទាំង​អស់​នោះ។

 

៥) ពេល​ដែល​អ្នក​ទទួល​បាន​ផល​ចំណេញ ត្រូវ​យក​ផល​ចំណេញ​ទាំង​នោះ​ទៅ​វិនិយោគ​បន្ត​ទៀត

នៅ​ក្នុង​មុខ​ជំនួញ និង​ពាណិជ្ជកម្ម​ទាំង​ឡាយ ការ​យក​ផល​ចំណេញ​ដែល​ទទួល​បាន​ទាំង​ឡាយ ទៅ​ដាក់​វិនិយោគ​បន្ត​ទៅ​ទៀត​នោះ គឺ​ជា​គន្លឹះ​នៅ​ក្នុង​ការ​ពង្រីក​ខ្លួន ហើយ​ជា​ពិសេស​គឺ​ការ​យក​ផល​ចំណេញ​ទៅ​ធ្វើ​វិនិយោគ​ទៅ​លើ​ទី​ផ្សារ​ភាគហ៊ុន​បន្ត​ទៀត។ ពី​ព្រោះ​ថា ប្រសិន​បើ​អ្នក​ទទួល​បាន​ផល​ចំណេញ​ពី​ភាគ​ហ៊ុន​ហើយ ប៉ុន្តែ​អ្នក​បែរ​ជា​យក​ទៅ​ចំណាយ​ចោល ដោយ​មិន​យក​វា​ទៅ​វិនិយោគ​បន្ត​ទៀត​នោះ មាន​ន័យ​ថា​ ទំហំ​វិនិយោគ​របស់​អ្នក​គឺ​នៅ​ដដែល​ ហើយ​អ្វី​ដែល​អ្នក​ខាត​នោះ​គឺ ពេល​វេលា ហើយ​វា​មិន​អាច​ធ្វើ​អោយ​អ្នក​រីក​ចម្រើន​ទៅ​មុខ​បាន​បន្ត​ទៀត​នោះ​ទេ។

ជា​ឧទាហរណ៍​ពី​ការ​ធ្វើ​វិនិយោគ​របស់​លោក Buffet ផ្ទាល់​នោះ​គឺ ការ​វិនិយោគ​ដំបូង​របស់​លោក​គឺ​ការ​ចូល​ហ៊ុន​គ្នា​ទិញ​ម៉ាស៊ីន​លេង​ហ្គេម Pinball ចំនួន​មួយ​គ្រឿង​ដាក់​នៅ​ក្នុង​ហាង​កាត់​សក់​មួយ​កន្លែង ហើយ​នៅ​ពេល​ដែល​លោក​ទទួល​បាន​ផល​ចំណេញ ពី​ម៉ាស៊ីន​ហ្គេម​ទីមួយ​នោះ លោក​មិន​បាន​យក​វា​ទៅ​ចំណាយ​ផ្ដេសផ្ដាស​នោះ​ទេ អ្វី​ដែល​លោក​ធ្វើ​គឺ​លោក​យក​វា​ទៅ​ទិញ​ម៉ាស៊ីន​ទីពីរ ហើយ​ដាក់​នៅ​ក្នុង​ហាង​កាត់​សក់​ផ្សេង​មួយ​ទៀត លោក​ធ្វើ​របៀប​នេះ​ដដែល​ៗ​ជា​បន្ត​បន្ទាប់​។ ហើយ​នៅ​ពេល​ដែល​លោក​ទទួល​បាន​ផល​ចំណេញ​ពី​ម៉ាស៊ីន​ហ្គេម​ Pinball ទាំង​អស់​របស់​លោក លោក​យក​វា​ទៅ​វិនិយោគ​ក្នុង​ទី​ផ្សារ​ភាគ​ហ៊ុន​បន្ត​ទៀត ហើយ​ការ​វិនិយោគ​របស់​លោក​គឺ​រីក​ចម្រើន​ជា​បន្ត​បន្ទាប់។

 

៦) ការ​តស៊ូ​គឺ​ជា​គន្លឹះ​យ៉ាង​មាន​សារៈ​សំខាន់

ការ​តស៊ូ​គឺ​ពិត​ជា​មាន​សារៈ​សំខាន់ ហើយ​វា​គឺ​ជា​គន្លឹះ​ក្នុង​ការ​ បង្វឹក​ខ្លួន​ឯង​អោយ​ស្ទាត់​ទៅ​លើ​ជំនាញ​ដទៃ​ទៀត។ ដូច្នេះ​ត្រូវ​ចាំ​ថា​បើ​អ្នក​ជួប​នឹង​ឧបសគ្គ អ្នក​គប្បី​បន្ត​ដំណើរ​ទៅ​មុខ​ទៀត សូម​កុំ​ចុះ​ចាញ់​ត្រូវ​យក​ឈ្នះ​ឧបសគ្គ​ទាំង​នោះ ដើម្បី​ទទួល​បាន​នូវ​ភាព​ជោគជ័យ។

 

៧) ធ្វើ​អ្វី​ក៏​ដោយ​ អ្នក​ចាំ​បាច់​ត្រូវ​មើល​អោយ​បាន​ឆ្ងាយ (មាន​ទស្សនៈ​វិស័យ​វែង​ឆ្ងាយ)

ចំពោះ​ការ​ធ្វើ​វិនិយោគ​ ទៅ​លើ​មូលប័ត្រ​ និង​ទីផ្សារ​ភាគ​ហ៊ុន គឺ​ជា​ការ​វិនិយោគ​សម្រាប់​រយៈពេល​វែង​ឆ្ងាយ មុន​ពេល​ដែល​វា​លេច​ចេញ​ជា​ផ្លែ​ផ្កា ប៉ុន្តែ​វា​គឺ​មើល​ទៅ​មិន​សូវ​ជា​ល្អ​សម្រាប់​មនុស្ស​ដែល​ចង់​បាន​លទ្ធផល​ភ្លាម​ៗ​នោះ​ទេ។ នេះ​គឺ​វា​ដូច​គ្នា​ទៅ​នឹង​ការ​ប្រាក់ ដែល​ផ្ដល់​ដោយ​ធនាគារ​យ៉ាង​អញ្ចឹង។ អ្នក​ទុក​ប្រាក់​ក្នុង​ធនាគារ​កាន់​តែ​យូរ អ្នក​ក៏​ទទួល​បាន​សំណង​ការ​ប្រាក់​ជា​ភាគ​រយ​កាន់​តែ​ច្រើន។

 

៨) កុំ​ព្រងើយ​កន្តើយ​ចំពោះ ការ​ចំណាយ​តូចតាច (​ត្រូវ​តាម​ដាន​រាល់​គ្រប់​ការ​ចំណាយ​របស់​អ្នក)

ការ​ចំនាយ​ដែល​អ្នក​គិត​ថា​តិច​តួច អាច​ក្លាយ​ទៅ​ជា​អាវុធ​ដែល​សម្លាប់​មុខ​ជំនួញ​របស់​អ្នក​បាន ទាំង​ដែល​អ្នក​មិន​បាន​ត្រៀម​ខ្លួន​ទុក​ជា​មុន រហូត​ដល់​ដំណាក់​កាល​ចុង​ក្រោយ។ ត្រូវ​ចាំ​ថា​ទោះ​ជា​ការ​ចំណាយ ឬ​ការ​ខាត​បង់​គឺ​វា​តិចតួច​ក្ដី ប៉ុន្តែ​បើ​ជានិច្ច​កាល វា​គឺ​កើត​ឡើង​ជា​រឿយ​ៗ​ច្រើន​ដង​នោះ យូរ​ៗ​ទៅ​ការ​ចំណាយ​ទាំង​នោះ​នឹង​ក្លាយ​ទៅ​ជា​បន្ទុក​យ៉ាង​ធ្ងន់​ធ្ងរ ដែល​អាច​ធ្វើ​អោយ​អ្នក​ត្រូវ​បង្ខំ​ចិត្ត​បិទ​ទ្វារ​ក្រុមហ៊ុន​របស់​ខ្លួន​បាន។

 

៩) ចាំ​បាច់​ត្រូវ​ធ្វើ​ការ​វាយ​តម្លៃ​ហានិភ័យ​ជាប់​ជានិច្ច

នៅ​ពេល​ដែល​អ្នក​គឺ​ជា​សហគ្រិន​មួយ​រូប ការ​ប្រឈម​មុខ​ទទួល​យក​ហានិភ័យ​គឺ​ពិត​ជា​មាន​សារៈ​សំខាន់​ហើយ ក៏​ប៉ុន្តែ​ជា​និច្ចកាល​អ្នក​គួរ​តែ​ ធ្វើ​ការ​វាយ​តម្លៃ​ពី​ហានិភ័យ​ដែល​អ្នក​ត្រូវ​ប្រឈម​នោះ​ជាប់​ជានិច្ច។ ពី​ព្រោះ​ថា​នៅ​ពេល​ដែល​អ្នក​បាន​ធ្វើ​ការ​វាយ​តម្លៃ​ពី​ហានិភ័យ​ទាំង​នោះ ហើយ​ធ្វើ​ការ​ថ្លឹង​ថ្លែង​ពី​គុណសម្បត្តិ​ និង​គុណវិបត្តិ​ដែល​អ្នក​ត្រូវ​ទទួល​បាន​រួច​ហើយ វា​នឹង​ក្លាយ​ទៅ​យុទ្ធសាស្ដ្រ​ដែល​ជួយ​អោយ​អ្នក​អាច​ធ្វើ​ការ​ជ្រើសរើស​នូវ​ជម្រើស​ ដែល​ល្អ និង​សាក​សម​បំផុត​សម្រាប់​ខ្លួន​ឯងបាន​។

 

១០) ដឹង​ពី​ពេល​វេលា​ដែល​ត្រូវ​បញ្ឈប់

បើ​និយាយ​ទៅ​លើ​ការ​វិនិយោគ និង​ជួញ​ដូរ​ភាគ​ហ៊ុន ការ​ដឹង​ថា​ពេល​ណា​ជា​ពេល​ដែល​អ្នក​ត្រូវ​ឈប់ ហើយ​លក់​ចេញ​នូវ​ភាគ​ហ៊ុន​របស់​ខ្លួន​នោះ វាគឺ​ពិត​ជា​មាន​សារៈ​សំខាន់​ខ្លាំង​បំផុត។ ប្រសិន​បើ​អ្នក​បាន​ដឹង​ទៅ​ហើយ​ថា អ្នក​បាន​បង្ក​កំហុស​ ហើយ​កំពុង​តែ​ខាត​ហើយ ប៉ុន្តែ​នៅ​តែ​មិន​ព្រម​បញ្ឈប់​ទៀត​នោះ អ្នក​ប្រហែល​ជា​ត្រូវ​ខាត​ខ្លាំង​ជាង​មុន​ទ្វេរ​ដង។

លោក​ Buffett ផ្ទាល់​បាន​និយាយ​ថា ប្រសិន​បើ​អ្នក​ខាត​ហើយ អ្នក​ចាំ​បាច់​ត្រូវ​តែ​ទទួល​ស្គាល់​ពី​វា​ ហើយ​ដើរ​ទៅ​មុខ​បន្ត​ទៀត មុន​ពេល​ដែល​ការ​ខាត​នោះ​អាច​ធ្វើ​អោយ​អ្នក​ត្រូវ​ក្ស័យ​ធន​បាន៕


មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes