Loading...
គន្លឹះ​នៅ​ក្នុង​ការ​សរសេរ​សេចក្តីថ្លែងការណ៍ផ្ទាល់ខ្លួន ​ដើម្បី​ដាក់​ពាក្យ​យក​អាហារូបករណ៍​ទៅ​សិក្សា​នៅ​បរទេស
Cover
ថ្ងៃ​ចេញ​ផ្សាយ៖ តុលា 25, 2017
ចំនួន​ទស្សនា៖ 1001 លើក

នាំ​មក​ជូន​ដោយ​៖ ផ្ដល់​ភាព​​ស្រស់​ស្អាត​ប្រកប​ដោយ​ការ​ជឿ​ជាក់​សំរាប់​អ្នក Mey GlutaShop

​សេចក្ដី​ថ្លែង​ការណ៍​ផ្ទាល់​ខ្លួន (ឬ Personal Statement) គឺ​ជា​ឯកសារ​ដែល​អ្នក​ត្រូវ​សរសេរ​ ដើម្បី​ធ្វើ​ការ​ណែ​នាំ​ពី​ពត៌មាន​ផ្សេងៗ​ទាក់​ទង​នឹង​ខ្លួន​របស់​អ្នក​ ប្រាប់​ទៅ​ដល់​គណៈកម្មាធិការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍។ នេះ​ក៏​ជា​ឯកសារ​ដែល​មាន​សារៈ​សំខាន់​បំផុត ​និង​ជា​កត្តា​ដ៏​សំខាន់​មួយ​ នៅ​ក្នុង​ការ​ទាញ​ចំណាប់​អារម្មណ៍​របស់​គណៈកម្មាធិការ​ទាំង​អស់​ មក​លើ​ខ្លួន​អ្នក​អោយ​ខ្លាំង​ជាង​បេក្ខជន​ដទៃ​ផង​ដែរ។ ហើយ​នេះ​គឺ​មូល​ហេតុ​ដ៏​សំខាន់​មួយ​ដែល​អ្នក គប្បី​ត្រូវ​តែ​រៀប​ចំ​ និង​សរសេរ​លិខិត​មួយ​នេះ​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់។

ខាង​ក្រោម​នេះ គឺ​ជា​ចំណុច​ និង​គន្លឹះ​សំខាន់ៗ​មួយ​ចំនួន​ដែល​ ​​ បាន​ធ្វើ​ការ​ដក​ស្រង់​ចេញ​ពី​គេហទំព័រ Scholarship for Khmer ពាក់ព័ន្ធ​នឹង​ការ​សរសេរ​ឯកសារ​ថ្លែង​ការណ៍​ផ្ទាល់​ខ្លួន ដើម្បី​ធ្វើ​អោយ​គណៈកម្មាធិការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍ មាន​ការ​ចាប់​អារម្មណ៍៖

 

១) សិស្ស​និស្សិត ត្រូវ​យល់​ពី​ខ្លួន​ឯង​អោយ​បាន​ច្បាស់

ការ​ស្វែង​យល់​ពី​ខ្លួន​ឯង​បាន​ច្បាស់ គឺ​ពិត​ជា​មាន​សារៈ​សំខាន់​ដើម្បី​ធ្វើ​អោយ​អ្នក​អាន​លិខិត​ថ្លែង​ការណ៍ ​មាន​លទ្ធភាព​យល់​ច្បាស់​ ថា​តើ​អ្នក​ជាមនុស្ស​បែប​ណា ហើយ​និង​មាន​សក្ដានុពល​ ត្រូវ​ជា​មួយ​នឹង​លក្ខ័ណ្ឌ​របស់​អាហារូបករណ៍​នោះ​កម្រិត​ណា។ អ្នក​គួរ​តែ​ស្វែង​យល់​ពី​កម្មវិធី​អាហារូបករណ៍​ដែល​អ្នក​ចង់​ដាក់​ពាក្យ​យក​នោះ អោយ​បាន​ច្បាស់​លាស់​ដើម្បី​ទទួល​បាន​ពត៌មាន​ជាមុន​ថា តើ​រូប​អ្នក​ផ្ទាល់​នឹង​ទទួល​បាន​នូវ​បទពិសោធន៍​ ក៏​ដូច​ជា​​ដឹង​អ្វី​ខ្លះ ដែល​អ្នក​ចង់​បាន​ដើម្បី​យក​មក​អភិវឌ្ឍន៍​ខ្លួន​ឯង និង​សង្គម​ជាតិ។

សាក​ល្បង​សួរ​ខ្លួន​ឯង​ពី​ពី​រ​ទៅ​បី​សំណួរ ពាក់ព័ន្ធ​នឹង​គោលដៅ​របស់​អ្នក​ផ្ទាល់​ ទាំង​សម្រាប់​បច្ចុប្បន្ន​ភាព​ និង​អនាគត។ ការ​ធ្វើ​បែប​នេះ​អាច​អនុញ្ញាតិ​អោយ​អ្នក ទទួល​ដឹង​កាន់​តែ​ច្បាស់​ពី​ខ្លួន​ឯង ក៏​ដូច​ជា​កម្មវិធី​អាហារូបករណ៍​ដែល​អ្នក​បម្រុង​នឹង​ជ្រើសរើស​នោះ ថា​តើ​វា​សាក​សម​ជាមួយ​នឹង​គ្នា នឹង​សម​ស្រប​ទៅ​ដល់​គោល​ដៅ​របស់​អ្នក​ដែរ​ឬ​យ៉ាង​ណា។ នៅ​ពេល​ដែល​អ្នក​ចាប់​ផ្ដើម​សរសេរ​ឯកសារ​នេះ អ្នក​គប្បី​សរសេរ​បង្ហាញ​ពី​គោល​បំណង​ពិត​ប្រាកដ និង​គោល​ដៅ​របស់​ខ្លួន​បង្ហាញ​ទៅ​កាន់​អ្នក​ជ្រើសរើស ជាជាង​ការ​សរសេរ​កុហក​ពួក​គេ​ ដើម្បី​អោយ​តែ​ល្អ​មើល​លើ​ក្រដាស!

 

២) ត្រូវ​ធ្វើ​ការ​ស្រាវជ្រាវ​ពី​កម្មវិធី​អាហារូបករណ៍​នោះ​អោយ​បាន​ច្បាស់

ចំណុច​បន្ទាប់​ដែល​អ្នក​ត្រូវ​ធ្វើ​ ក្រោយ​ពេល​ដែល​អ្នក​បាន​ស្វែង​យល់​ច្បាស់​ពី​ខ្លួន​ឯង​ជាមុន​ហើយ​នោះ អ្នក​គប្បី​ចាប់​ផ្ដើម​ធ្វើ​ការ​ស្រាវជ្រាវ និង​ស្វែង​រក​ពត៌មាន​ផ្សេងៗ​អំពី​ មុខវិជ្ជា​សិក្សា កម្មវិធី​អាហារូបករណ៍ ក៏​ដូច​ជា​សាកលវិទ្យាល័យ​ដែល​អ្នក​បម្រុង​នឹង​ដាក់​ពាក្យ​ទៅ ថា​តើ​សាកសម​ជាមួយ​នឹង​រូប​អ្នក ហើយ​នឹង​គោល​ដៅ​របស់​អ្នក​ឬមួយ​ក៏​អត់?

អ្នក​ក៏​ត្រូវ​ធ្វើ​ការ​ស្រាវជ្រាវ​ពី​ ពត៌មាន​ផ្សេងៗ​ដែល​ទាក់​ទង​នឹង​ប្រទេស​ដែល​អ្នក​បម្រុង​ចង់​ទៅ​សិក្សា​នោះ​ផង​ដែរ ហើយ​សួរ​ខ្លួន​ឯង​ថា​តើ​អ្នក​អាច​មាន​លទ្ធភាព​សម្រប​និង​បរិយាកាស ក៏​ដូច​ជា​ការ​អប់រំ​របស់​ប្រទេស​នោះ​បាន​ដែរ​ឬ​ទេ?

 

៣) រចនា​សម្ព័ន្ធ​នៅ​ក្នុង​ការ​សរសេរ

ចំណុច​សំខាន់​ដែល​អ្នក​ត្រូវ​ចង​ចាំ​នៅ​ក្នុង​ចិត្ត​នោះ​គឺ សេចក្ដី​ថ្លែង​ការណ៍​ផ្ទាល់​ខ្លួន ត្រូវ​តែ​សរសេរ​អោយ​បាន​ច្បាស់​លាស់ និង​ចំ​គោលដៅ។ ការ​សរសេរ​ពី​គោល​បំណង​ និង​គំនិត​របស់​អ្នក​បាន​ច្បាស់​លាស់ គឺ​ជា​ចំណុច​ដែល​នឹង​ធ្វើ​លិខិត​របស់​អ្នក​ មាន​ភាព​លេចធ្លោ​នៅ​ក្នុង​ក្រសែ​ភ្នែក​របស់​អ្នក​ជ្រើសរើស​ ប្រៀប​ទៅ​នឹង​លិខិត​របស់​បេក្ខជន​ដទៃ​ទៀត។ លើស​ពី​នេះ​ទៅ​ទៀត​នោះ អ្នក​ក៏​គួរ​តែ​ត្រូវ​ចង​ចាំ​ផង​ដែរ​ថា អ្វី​ដែល​អ្នក​សរសេរ​គឺ​ត្រូវ​បាន​យល់​ច្បាស់​ដោយ​អ្នក​អាន​លិខិត​របស់​អ្នក។

 

៤) ធ្វើ​ការ​អាន​ឡើង​វិញ​ដើម្បី​ត្រួត​ពិនិត្យ​កំហុស​ផ្សេងៗ

ចំណុច​ចុង​ក្រោយ​នេះ គឺ​មាន​សារៈ​សំខាន់​ខ្លាំង​ជាង​គេ​បំផុត ហើយ​ ​​ សូម​ជូន​ជា​អនុសាសន៍​អោយ​ប្រិយមិត្ត​ទាំង​អស់​ត្រូវ​ធ្វើ​ការ​អាន​លិខិត របស់​ខ្លួន​ដែល​បាន​សរសេរ​រួច ឬ​ពឹង​ពាក់​មិត្ត​ភក្ដ​ ក៏​ដូច​ជា​អ្នក​ដទៃ​ អោយ​ជួយ​អាន​លិខិត​នោះ​អោយ​បាន ពីរ​ទៅ​បី​ដង​ចប់។ ការ​ធ្វើ​បែប​នេះ​ក៏​អាច​អនុញ្ញាតិ​អោយ​ប្រិយមិត្ត មាន​លទ្ធភាព​ធ្វើ​ការ​កែប្រែ​ សេចក្ដី​ថ្លែង​ការណ៍​របស់​ខ្លួន​អោយ​កាន់​តែ​ល្អ​ប្រសើរ​ សម​ស្រប​ទៅ​តាម​ការ​ផ្ដល់​ជា​យោបល់​ពី​អ្នក​អាន​របស់​ខ្លួន។

ហើយ​ខណៈ​ពេល​ដែល​ប្រិយមិត្ត​ធ្វើ​ការ​កែប្រែ សេចក្ដី​ថ្លែង​ការណ៍​នេះ សូម​ធ្វើ​ការ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ចំណុច​លម្អិត​ផ្សេងៗ ដូច​ជា ​ត្រូវ​ធ្វើ​ការ​ត្រួត​ពិនិត្យ​អក្ខាវិរុទ្ធ សំណង់​ប្រយោគ វេយ្យាករណ៍ និង​ពត៌មាន​ផ្សេងៗ​ដែល​បាន​សរសេរ​នោះ ថា​តើ​ត្រឹម​ត្រូវ​ឬ​មួយ​ក៏​អត់៕


មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes