Loading...
លក្ខណៈ​​សម្បត្តិ​៥យ៉ាង​ សម្រាប់សម្គាល់​បុគ្គល ឬ​ក្រុមហ៊ុន​ដែល​​ជា​អ្នក​ច្នៃ​ប្រឌិត​និង​បង្កើត​ថ្មី
Cover
ថ្ងៃ​ចេញ​ផ្សាយ៖ តុលា 04, 2017
ចំនួន​ទស្សនា៖ 1410 លើក

នាំ​មក​ជូន​ដោយ​៖ ផ្ដល់​ភាព​​ស្រស់​ស្អាត​ប្រកប​ដោយ​ការ​ជឿ​ជាក់​សំរាប់​អ្នក Mey GlutaShop

ចំពោះ​ភាព​ជា​អ្នក​ច្នៃ​ប្រឌិត​ និង​បង្កើត​ថ្មី​នេះ យើង​សូម​លើក​យក​ក្រុមហ៊ុន​ទូរស័ព្ទ​ពីរ​ មក​ធ្វើ​ការ​ប្រៀប​ធៀប​គ្នា។ ទីមួយ​គឺ​ក្រុមហ៊ុន Motorola ជា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ដៃ​ដំបូង​គេ ដែល​បាន​ផ្ដល់​នូវ​មុខងារ​អេក្រង់​ពណ៌​ធម្មជាតិ​បំពាក់​នៅ​លើ​ទូរស័ព្ទដៃ ជាមួយ​នឹង​ម៉ូដែល​ដំបូង​របស់​ខ្លួន​គឺ ទូរស័ព្ទ T720 តាំង​ពី​ឆ្នាំ​២០០២។ តើ​ចំនុច​នេះ​បាន​បង្ហាញ​ថា​ពួកគេ គឺ​ជា​ក្រុមហ៊ុន​ច្នៃ​បង្កើត​ថ្មី​ឬមួយ​ក៏​អត់? អាច​ទៅ​រួច​ដែរ បើ​យើង​គិត​តាម​បែប​ធម្មតា ប៉ុន្តែ​បើ​គិត​អោយ​ដល់​ទៅ អេក្រង់ពណ៌​ធម្មជាតិ​នៅ​លើ​ទូរស័ព្ទ​ដៃ និង​ត្រូវ​បាន​អភិវឌ្ឍន៍​ ទោះ​ជា​មាន​ឬ​គ្មាន​វត្តមាន​របស់​ Motorola ក៏​ដោយ។

ផ្ទុយ​ទៅ​វិញ ចំពោះ​ក្រុមហ៊ុន​ទីពីរ គឺក្រុមហ៊ុន Apple និង​ទូរស័ព្ទ​ប្រភេទ iPhone ជំនាន់​ទីមួយ​របស់​ពួក​គេ។ នៅ​ពេល​ដែល​ទូរស័ព្ទ​មួយ​នេះ ត្រូវ​បាន​ប្រកាស​ដាក់​លក់​នៅ​លើ​ទីផ្សារ​ នៅ​៥ឆ្នាំ​បន្ទាប់​ពី​ទូរស័ព្ទ​អេក្រង់​ពណ៌​របស់​ Motorola នោះ​ វា​បាន​ធ្វើ​អោយ​ក្រុមហ៊ុន​ទូរស័ព្ទ​ដៃ​ដទៃ​ទៀត​មាន​ភាព​ចលាចល ដើម្បី​ប្រឹង​ប្រែង​ផលិត​នូវ​ទូរស័ព្ទ​ដៃ​ដែល​អាច​ប្រកួត​ប្រជែង​ជាមួយ​នឹង iPhone បាន។ ហើយ​មក​ដល់​សព្វថ្ងៃ​នេះ យើង​មិន​អាច​ស្រមៃ​ឃើញ​ពី​ទូរស័ព្ទ​ដៃ ដែល​មិន​មាន​លក្ខណៈ​ស្រដៀង​នឹង​ iPhone បាន​នោះ​ទេ។ ហើយ​ចំណុច​នេះ​ហើយ ដែល​យើង​អាច​និយាយ​បាន​ថា វា​ជា​ភាព​ច្នៃ​ប្រឌិត​នឹង​បង្កើត​ថ្មី។

ចំពោះ​អត្ថបទ​នេះ ​​ សូម​លើក​យក​នូវ​បុគ្គលិក​លក្ខណៈ​ ៥​ចំណុច ដើម្បី​ធ្វើ​អោយ​ប្រិយមិត្ត​ មាន​លទ្ធភាព​ក្លាយ​ទៅ​ជា​បុគ្គល​ដែល​មាន​ភាព​ច្នៃ​ប្រឌិត​បាន ដូច​ខាង​ក្រោម៖

 

១) មនុស្ស​ច្នៃ​ប្រឌិត​មានលទ្ធភាព​ស្គាល់​នូវ​តម្រូវ​ការ​នៅ​លើ​ទី​ផ្សារ

មនុស្ស​ដែល​មាន​ភាព​ច្នៃ​ប្រឌិត​ គឺ​ជា​បុគ្គល​ទាំង​ឡាយ​ណា​ដែល​អាច​យល់​ច្បាស់ ពី​តម្រូវ​ការ​ ចំណែក​ទីផ្សារ និង​ឱកាស​នៅ​ក្នុង​ឧស្សាហកម្ម​មួយបាន។ អ្វី​ដែល​កាន់​តែ​សំខាន់​បំផុត​នោះ បុគ្គល​ដែល​មាន​ភាព​ច្នៃ​ប្រឌិត​ខ្ពស់ អាច​មើល​ឃើញ​ពី​តម្រូវការ​មុន​អ្នក​ដទៃ​ដឹង​ខ្លួន​ថា​ត្រូវ​ការ​ផលិតផល ឬ​សេវាកម្ម​ណា​មួយ​នោះ​ទៅ​ទៀត។ ជា​ឧទាហរណ៍​ជាក់​ស្ដែង គ្មាន​មនុស្ស​ណា​ម្នាក់​ដែល​បាន​ដឹង​មុន​ថា ពួក​គេ​ត្រូវ​ការ​សេវាកម្ម​តាក់​ស៊ី​របស់​ Uber ឬ​ទូរស័ព្ទ​ដៃ​ iPhone របស់​ Apple នោះ​ទេ រហូត​ទាល់​តែ​សេវាកម្ម​និង​ផលិតផល​មួយ​នេះ​ ត្រូវ​បាន​បញ្ចេញ​លក់​នៅ​លើ​ទីផ្សារ។ ភាព​ច្នៃ​ប្រឌិត​គឺ​ជា​ការ​ផ្គត់​ផ្គង់​តម្រូវ​ការ និង​ដំណោះ​ស្រាយ អោយ​ចំ​គោល​ដៅ​ទីផ្សារ និង​ចំ​ពេល​វេលា។

 

២) ពួក​គេ​បង្កើត និង​ សម្រិត​សម្រាំង​នូវ​ដំណោះ​ស្រាយ​របស់​ខ្លួន

នៅ​ពេល​ដែល​មនុស្ស​ច្នៃ​ប្រឌិត មើល​ឃើញ​ពី​តម្រូវ​ការ​ណាមួយ​ ហើយ​សម្រេច​ចិត្ត​ស្វែង​រក​ដំណោះ​ស្រាយ​ចំពោះ​បញ្ហា​ណា​មួយ​ហើយ​នោះ ពួក​គេ​នឹង​ព្យាយាម​ធ្វើ​ការ​ដោយ​មិន​ខ្លាច​នឿយ​ហត់ ដើម្បី​ស្វែង​រក​នូវ​ដំណោះ​ស្រាយ ដែល​ស្រមើ​ស្រមៃ​និង​មិន​ធ្លាប់​មាន​ចំពោះ​បញ្ហា​នោះ អោយ​ខាន​តែ​បាន។ បន្ទាប់​មក​ពួក​គេ​និង​បន្ត​ការ​សម្រិត​សម្រាំង​ លើ​ដំណោះ​ស្រាយ​នោះ ដោយ​មិន​ត្រឹម​តែ​ដើម្បី​បំពេញ​តម្រូវ​ការ​ចំពោះ​មុខ​តែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ដើម្បី​ជា​ដំណោះ​ស្រាយ​ចំពោះ​បញ្ហា​នានា​ក្នុង​ពេល​អនាគត​ថែម​ទៀត​ផង។

 

៣) ពួក​គេ​ចាប់​យក​ឱកាស

មនុស្ស​ដែល​សម្បូរ​គំនិត​ច្នៃ​ប្រឌិត​បំផុត គឺ​ជា​មនុស្ស​ដែល​ពូកែ​កំណត់​បញ្ហា និង​បង្កើត​ដំណោះ​ស្រាយ​ចំពោះ​បញ្ហា​នោះ ប៉ុន្តែ​ពួក​គេ​ក៏​បាន​ដឹង​ច្បាស់​ណាស់​ថា ដំណោះ​ស្រាយ​របស់​ខ្លួន​ប្រហែល​មិន​មែន​ជា​ដំណោះ​ស្រាយ​ដែល​ល្អ​ផ្ដាច់​គេ​នោះ​ទេ។ ប៉ុន្តែ​សម្រាប់​សហគ្រិន​ដែល​ជា​អ្នក​ច្នៃ​ប្រឌិត​ទាំង​អស់ គឺ​ហ៊ាន​ប្រឈម​មុខ​ទទួល​យក​ហានិភ័យ ហើយ​ហ៊ាន​សម្រេច​ចិត្ត​ធ្វើ​នូវ​រឿង​ដែល​មិន​ធ្លាប់​មាន​នរណា​ម្នាក់ ធ្លាប់​បាន​ធ្វើ​កាល​ពី​មុន​មក។

 

៤) ពួក​គេ​ពង្រីក​ដែន​កំណត់​នៃ​ភាព​ដែល​អាច​ទៅ​រួច

ធម្មជាតិ​នៃ​ការ​ច្នៃ​ប្រឌិត​បង្កើត​ថ្មី គឺ​ជា​កិច្ច​ការ​ដែល​មិន​ធ្លាប់​ត្រូវ​បាន​ធ្វើ​កាល​ពី​អតីតកាល ហើយ​ចម្លែក​សម្រាប់​មនុស្ស​ធម្មតា។ សម្រាប់​មនុស្ស​ដែល​មាន​ភាព​ច្នៃ​ប្រឌិត​យល់​ច្បាស់​ថា ពួក​គេ​ត្រូវ​តែ​គិត​អោយ​បាន​ស៊ី​ជម្រៅ​និង​វែង​ឆ្ងាយ ជាង​អ្វី​ដែល​មនុស្ស​ភាគ​ច្រើន​ធ្លាប់​បាន​គិត​កន្លង​មក។ ពួក​គេ​ព្យាយាម​ធ្វើ​កិច្ច​ការ​ដែល​មិន​ធ្លាប់​ត្រូវ​បាន​ធ្វើ​ កន្លង​មក។ នេះ​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​ហ៊ាន​ប្រឈម​មុខ​នឹង​ហានិភ័យ​ដែរ ប៉ុន្តែ​វា​ក៏​ជា​ការ​ស្រមើ​ស្រមៃ និង​ឆន្ទៈ​ក្នុង​ការ​ធ្វើ​នូវ​កិច្ច​ការ​ដែល​ថ្មី​បំផុត​ដូច​គ្នា​ដែរ។

 

៥) ពួក​គេ​បង្កើត​អ្វី​ដែល​ផ្ដល់​តម្លៃ និង​មាន​ប្រយោជន៍

នៅ​ពេល​ដែល​យើង​និយាយ​ពី​អ្នក​ច្នៃ​ប្រឌិត​ពិត​ប្រាកដ យើង​មិន​មែន​ចង់​សំដៅ​ទៅ​លើ​មនុស្ស​ ដែល​គ្រាន់​តែ​បង្កើត​ផលិតផល ដើម្បី​តែ​បង្កើត​នោះ​ទេ។ ប៉ុន្តែ​ពួក​គេ​គឺ​ជា​ប្រភេទ​មនុស្ស​ ដែល​បញ្ចេញ​សកម្មភាព​ដើម្បី​ធ្វើ​អោយ​ជះ​ឥទ្ធិពល​ដល់​មនុស្ស​ទូ​ទៅ។ ពួក​គេ​មិន​មែន​ព្យាយាម​ធ្វើ​អ្វី​ដែល​អស្ចារ្យ​បំផុត​នោះ​ទេ ប៉ុន្តែ​ពួក​គេ​ចង់​អោយ​មនុស្ស​យ៉ាង​ហោច​ណាស់​ផ្លាស់​ប្ដូរ​ការ​គិត​ ដែល​វិជ្ជមាន​បាន​បន្តិច​បន្តួច​ដែរ។ ជារឿយ​ៗ​ការ​បង្កើត​ថ្មី​ខ្លះ បាន​បង្កើត​ចេញ​ជា​ឧស្សាហកម្ម​ថ្មី​មួយ​ដែល​មិន​ធ្លាប់​មាន​ បាន​ថែម​ទៀត​ផង ហើយ​នេះ​គឺ​ពិត​ជា​គុណ​តម្លៃ​ដែល​យើង​ចង់​និយាយ​នោះ​ឯង។

 

ជា​ចុង​ក្រោយ បន្ទាប់​ពី​អាន​អត្ថបទ​នេះ​ហើយ តើ​ប្រិយមិត្ត​យល់​បែប​ណា​ដែរ? តើ​ប្រិយមិត្ត​គិត​ថា​ខ្លួន​ឯង​ជា​មនុស្ស​ដែល​ច្នៃ​ប្រឌិត​ដែរ​ឬ​ទេ? ហើយ​តើ​មនុស្ស​ណា​ខ្លះ ដែល​ប្រិយមិត្ត​យល់​ថា​ជា​អ្នក​បង្កើត​ថ្មី? ចូល​រួម​បញ្ចេញ​មតិ​យោបល់​របស់​ប្រិយមិត្ត នៅ​ផ្នែក​មតិ​យោបល់​ខាង​ក្រោម៕


មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes