Loading...
ការ​ទាក់​ទង​​សហគ្រិន​​ម្នាក់​ពិត​ជា​មិនសាក​សម​សម្រាប់​អ្នក​នាង​​ឡើយ ហើយ​នេះ​ជា​មូល​ហេតុ
Cover
ថ្ងៃ​ចេញ​ផ្សាយ៖ កញ្ញា 30, 2017
ចំនួន​ទស្សនា៖ 1024 លើក

នាំ​មក​ជូន​ដោយ​៖ ដៃ​គូ​ដ៏​គួរ​អោយ​ទុក​ចិត្ត​ក្នុង​ការ​ទិញ​ / លក់​ទំនិញ​របស់​អ្នក DLi-MART (Home Delivery)

ខ្លួន​ខ្ញុំ​ផ្ទាល់​គឺ​ជា​សហគ្រិន​មួយ​រូប ហើយ​សម្រាប់​អត្ថបទ​មួយ​នេះ ខ្ញុំ​នឹង​ធ្វើ​ការ​ចែក​រំលែក​ជាមួយ​នឹង​ប្រិយមិត្ត​នារីៗ​ទាំង​ឡាយ​ នូវ​មូល​ហេតុ​មួយ​ចំនួន​ដែល​ពួក​គាត់​មាន​ការ​ពិបាក ​ក្នុង​ការ​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​មនុស្ស​ដូច​ជា​ពួក​ខ្ញុំ។

សហគ្រិន​ដូច​ជា​ពួក​ខ្ញុំ​គឺ​ជា​ប្រភេទ​មនុស្ស​ដែល​ខុស​ពី​អ្នក​ដទៃ និង​ចម្លែក​ក្នុង​ក្រសែ​ភ្នែក​មនុស្ស​ធម្មតា ពួក​យើង​គ្មាន​ទំនាក់​ទំនង​ស្នេហា​ណា​មួយ​ដែល​ស៊ី​ជម្រៅ​នោះ​ទេ ក៏​ប៉ុន្តែ​ពួក​យើង​មាន​គុណ​សម្បត្តិ​ជាច្រើន ដែល​ជា​ចំណុច​ប្រាថ្នា​ចង់​បាន​របស់​មនុស្ស​ស្រី​គ្រប់​រូប។ ពួក​យើង​ជា​មនុស្ស​ដែល​មាន​មហិច្ឆិតា​និង​គោលដៅ ចូល​ចិត្ត​ប្រឈម​មុខ​នឹង​ហានិភ័យ មាន​ភាព​ក្លាហាន ជា​មនុស្ស​ឈ្លាសវៃ​ក្នុង​ចំណោម​មនុស្ស​ទូទៅ មាន​គុណសម្បត្តិ​និង​សក្ដានុពល​ដ៏​ច្រើន​លើស​លុប និង​ជា​មនុស្ស​ដែល​ពូកែ​រកលុយ ឬ​មាន​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម បាន​ដោយ​សារ​តែ​សមត្ថភាព និង​សក្ដានុពល​របស់​ខ្លួន​យើង​ផ្ទាល់។

ក៏​ប៉ុន្តែ​សូម​ ព្យាយាម​នៅ​អោយ​ឆ្ងាយ​ពី​មនុស្ស​ដូច​ជា​ពួក​យើង ប្រសិន​បើ​អ្នក​នាង​កញ្ញា​មិន​អាច​ទ្រាំ​ទ្រ​ ជាមួយ​នឹង​មនុស្ស​ដែល​ងប់​ងល់​ខ្លាំង​ជាមួយ​នឹង​ការងារ ឬ​អ្វី​មួយ​ដែល​មិន​ទាក់​ទង​នឹង​ខ្លួន​អ្នក​នាង​សោះ​នោះ។

ខាង​ក្រោម​នេះ​ជា​មូល​ហេតុ​ ៥​ចំណុច សម្រាប់​អ្នក​នាង​កញ្ញា​យក​ទៅ​ពិចារណា ថា​តើ​គួរ​ឬ​មិន​គួរ​មាន​សង្សារ ឬ​មិត្ត​ប្រុស​ជា​សហគ្រិន

 

១) សហគ្រិន​គ្រប់​រូប​ងប់ងល់​ ហើយ​តែង​តែ​ខ្វល់​ខ្វាយ​ពី​ការងារ​ និង​ពាណិជ្ជកម្ម​របស់​ខ្លួន (ច្រើន​ជាង​មិត្ត​ស្រី​ ឬ​ភរិយា​របស់​ខ្លួន​ទៅ​ទៀត)

សហគ្រិន​ដូច​ជា​ពួក​យើង​ ជានិច្ចកាល​តែង​តែ​អាច​ទុក​មិត្ត​ស្រី​ចោល ហើយ​ត្រលប់​ទៅ​ធ្វើ​ការ​ជាមួយ​នឹង​ Laptops ឬ​និយាយ​ទូរស័ព្ទ​ទាក់​ទង​នឹង​ការងារ​របស់​ខ្លួន​បាន​ភ្លាមៗ។ ពួក​យើង​ពិត​ជា​មិន​អាច​គេង​លក់​បាន​ស្រួល​នោះ​ទេ ប្រសិន​បើ​មិន​បាន​ឆែក​មើល​អ៊ីម៊ែល​ឬ​បញ្ចប់​ការ​ងារ​អោយ​បាន​ហើយ​រួចរាល់ នេះ​ក៏​ដោយ​សារ​តែ​យើង​ជឿជាក់​ថា អ៊ីម៊ែល​ដែល​សំខាន់​បំផុត​ ទាក់ទង​នឹង​ការ​ងារ ឬ​ដំណឹង​សំខាន់​ណាមួយ ត្រូវ​បាន​ផ្ញើរ​មក​ដល់​ប្រអប់​សារ ហើយ​ទាមទារ​អោយ​យើង​ត្រូវ​ពិនិត្យ​មើល​វា​ជា​ចាំ​បាច់។

ប្រសិន​បើ​អ្នក​នាង​កញ្ញា មិន​បាន​ត្រៀម​លក្ខណៈ​ឬ​ធ្លាប់​ទាក់​ទង​មនុស្ស​ដូច​ជា​ពួក​យើង អ្នក​នាង​ប្រាកដ​ជា​អាច​ជឿជាក់​ថា ពួក​យើង​លួច​លាក់​មាន​ក្រៅ​ជាក់​ជា​មិន​ខាន ពីព្រោះ​យើង​តែង​តែ​ទុក​ទូរស័ព្ទ​នៅ​ក្បែរ​ខ្លួន​ជានិច្ច។

តែ​នេះ​មិន​មែន​មាន​ន័យ​ថា សហគ្រិន​មិន​ចេះ​ផិត​ក្បត់​នោះ​ទេ ជា​ការ​ពិត​តែង​តែ​មាន​មនុស្ស​ប្រភេទ​នេះ ក៏ប៉ុន្តែ​អ្នក​ទាំង​នោះ​ប្រហែល​ជា​សហគ្រិន​តែ​សម្បក​ក្រៅ​ប៉ុណ្ណោះ សហគ្រិន​ពិត​ប្រាកដ​នឹង​មិន​ព្យាយាម​សូម្បី​តែ​មាន​ទំនាក់​ទំនង​ស្នេហា ជាមួយ​នឹង​មនុស្ស​ស្រី​ណា​ម្នាក់​ ពីព្រោះ​ពួក​យើង​ពិត​ជា​គ្មាន​ពេល​វេលា​គ្រប់​គ្រាន់ សម្រាប់​តាម​ស្រលាញ់​មនុស្ស​ស្រី​ផង និង​រត់​តាម​ក្ដី​សុបិន្ត​របស់​ខ្លួនឯង​ផង​នោះ​ទេ។

និយាយ​អោយ​ខ្លី​ស្រួល​ស្ដាប់ សហគ្រិន​ពិត​ប្រាកដ​គ្រប់​រូប គឺ​ហាក់​បី​ដូច​ជា​រៀប​ការ​ជាមួយ​នឹង​ការងារ​របស់​ខ្លួន​ដូច្នោះ​ដែរ។ ជា​ការ​ពិត​ពួក​យើង​ក៏​មាន​កាល​វិភាគ​ផ្ទាល់​ខ្លួន សម្រាប់​ផ្ដល់​ពេល​វេលា​ដល់​មនុស្ស​សំខាន់​ដែរ ក៏​ប៉ុន្តែ​ពួក​យើង​ត្រូវ​តែ​ប្រាកដ​ចិត្ត​ជាមុន​សិន​ថា ពាណិជ្ជកម្ម​របស់​យើង​ត្រូវ​ដំណើរ​ការ​អោយ​បាន​រលូន​ជាមុន​សិន។

សហគ្រិន​ដូច​ជា​ពួក​យើង មិន​ពេញ​ចិត្ត​ជាមួយ​នឹង​ស្ថានភាព​បច្ចុប្បន្ន​របស់​ខ្លួន​នោះ​ទេ ហើយ​តែង​តែ​ជឿជាក់​ថា​ ស្ថានភាព​និង​អនាគត​ដែល​យើង​ចង់​បាន​នោះ គឺ​នៅ​ជិត​បង្កើយ ហើយ​នឹង​ក្លាយ​ជា​ការ​ពិត​ឆាប់ៗ ប្រសិន​បើ​ពួក​យើង​ប្រឹងប្រែង​តែ​ពីរ​បី​ជំហាន​ទៀត​ប៉ុណ្ណោះ។

ប្រសិន​បើ​អ្នក​នាង​ចេញ​ទៅ​ញ៉ាំ​អាហារ​ជាមួយ​នឹង​ពួក​យើង អ្នក​នាង​ប្រាកដ​ជា​ទាមទារ​សុំ​អោយ​ពួក​យើង​ទុក​ទូរស័ព្ទ​ចោល​មួយ​រយៈ​សិន ក៏​ប៉ុន្តែ​សូម​ចង​ចាំ​ថា ការ​ទាមទារ​បែប​នេះ​សម្រាប់​សហគ្រិន គឺ​ប្រៀប​បី​ដូច​ជា​សុំ​អោយ​ពួក​យើង​ ទុក​ក្ដី​សុបិន្ត​យើង​ចោល​យ៉ាង​ដូច្នោះ​ដែរ។ ហើយ​ជា​ការ​ពិត​ មនុស្ស​ដូច​ជា​ពួក​យើង​ពិត​ជា​មិន​ចង់​ធ្វើ​អ្វី​មួយ ដែល​ធ្វើ​អោយ​ប៉ះពាល់​ដល់​ក្ដី​សុបិន្ត​របស់​យើង​នោះ​ទេ។

 

២) សហគ្រិន​គ្រប់​រូប​មិន​ចូល​ចិត្ត​ការ​ចាញ់​នោះ​ទេ

សម្រាប់សហគ្រិន​ដូច​ជា​ពួក​យើង គឺ​ពិត​ជា​មិន​ចង់​ចាញ់​ឡើយ ទោះ​ជា​ក្នុង​ស្ថានភាព​បែប​ណា​ក៏​ដោយ។ ពួក​យើង​តែង​តែ​ស្ថិត​ក្នុង​ការ​ប្រកួត​ប្រជែង ​ទោះ​ចំពោះ​មិត្តស្រី ឬ​ភរិយា​ក៏ដោយ។ សម្រាប់​មនុស្ស​ស្រី​ភាគ​ច្រើន តែង​តែ​ចង់​យក​ឈ្នះ​មិត្ត​ប្រុស​របស់​ខ្លួន ក៏​ប៉ុន្តែ​សូម​ចងចាំ​ថា សហគ្រិន​ដូច​ពួក​យើង​ពិត​ជា​ស្អប់​អារម្មណ៍​ដែល​ចាញ់​ខ្លាំង​បំផុត។ ជារៀង​រាល់​ថ្ងៃ​នៅ​ពេល​ដែល​ពួក​យើង​ភ្ញាក់​ពី​ដំណេក ហើយ​មិន​ទាន់​សម្រេច​បាន​នូវ​គោលដៅ​របស់​ខ្លួន​នោះ​ទេ នេះ​វា​មានន័យ​ថា​ពួក​យើង​កំពុង​តែ​ចាញ់ ហើយ​ពួក​យើង​ស្អប់​អារម្មណ៍​បែប​នេះ។

ហេតុ​ដូច​នេះ​ហើយ​ ជារៀង​រាល់​ថ្ងៃ​នៅ​ពេល​ដែល​អ្នក​នាង​ ប្រាស្រ័យ​ទាក់​ទង​ជាមួយ​នឹង​ពួក​យើង​ អ្នក​នាង​ប្រហែល​ជា​មិន​ដឹង​ទេ​ថា ពួក​យើង​កំពុង​តែ​ខឹង​នឹង​ខ្លួន​ឯង ដែល​មិន​អាច​សម្រេច​គម្រោង​កាល​ពី​ម្សិល​មិញ​អោយ​បាន​សម្រេច ឬ​មិន​ទាន់​ពេល​វេលា។

ជា​ទូទៅ​ សម្រាប់​ពួក​យើង​គឺ​តែង​តែ​មាន​អារម្មណ៍​ខឹង​នឹង​អន់​ចិត្ត​នឹង​ខ្លួន​ឯង​បែប​នេះ គ្រាន់​តែ​អ្នក​នាង​មិន​បាន​ដឹង​តែ​ប៉ុណ្ណោះ ពីព្រោះ​ក្នុង​នាម​ជា​សហគ្រិន​មួយ​រូប​ យើង​ដឹង​ពី​របៀប​ក្នុង​ការ​លាក់​អារម្មណ៍​ទាំង​អស់​នោះ នេះ​ក៏​ដោយ​សារ​តែ​ពួក​យើង​មិន​ចង់​ទម្លាក់​សម្ពាធ​ទៅ​លើ​មនុស្ស​ដែល​យើង​ស្រលាញ់​ ក្រុម​គ្រួសារ ឬ​មនុស្ស​នៅ​ក្នុង​ក្រុម​នោះ​ទេ។

អ្នក​នាង​ពិត​ជា​នឹង​មិន​ងាយ​បាន​មើល​ឃើញ ពីភាព​តាន​តឹង​ទាំង​អស់​នេះ​ពី​សហគ្រិន​នោះ​ទេ លើក​លែង​តែ​ពួក​យើង​ទទួល​អារម្មណ៍​ថា​ដៃ​គូ​ឬ​មិត្តស្រី​របស់​យើង​ ឈប់​មាន​ភាព​ជឿជាក់​មក​លើ​ខ្លួន​យើង​ប៉ុណ្ណោះ។

 

៣)​ សហគ្រិន​ជា​មនុស្ស​ដែល​ចូល​ចិត្ត​ធ្វើ​កិច្ចការ​ណា​ ដែល​មនុស្ស​ភាគ​ច្រើន​គិត​ថា​មិន​អាច​ទៅ​រួច

អ្វី​គ្រប់​យ៉ាង​ដែល​សហគ្រិន​ដូច​ជា​ពួក​យើង​ចូល​ចិត្ត​ធ្វើ គឺ​ហាក់​បី​ដូច​ជា​ចម្លែក​និង​ឆ្កួត​សម្រាប់​មនុស្ស​ទូទៅ! ក៏​ប៉ុន្តែ​ទោះ​បី​ជា​បែប​ណា​ក៏​ដោយ សហគ្រិន​ដែល​បាន​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ពិភពលោក​ ឬ​បង្កើត​អ្វី​ដែល​ថ្មី តែង​តែ​ត្រូវ​បាន​មនុស្ស​ធម្មតា​ចាត់​ទុក​ថា​ជា​មនុស្ស​ឆ្កួត។ អ្វី​ដែល​គួរ​អោយ​ចាប់​អារម្មណ៍​នោះ​គឺ ពិភពលោក​របស់​យើង​មិន​សូវ​អោយ​តម្លៃ ឬ​ធ្វើ​ល្អ​ចំពោះ​មនុស្ស​បែប​នេះ​ប៉ុន្មាន​ទេ រហូត​ទាល់​តែ​ពួក​គេ​លាចាក​លោក​ទៅ ទើប​ពិភពលោក​នេះ​កោត​ស្ញប់​ស្ញែង​ពួក​គេ​ទៅ​វិញ។

ទោះ​បី​ជា​បែប​ណា​ ចំណុច​ទាំង​នេះ​នឹង​មិន​អាច​មក​រាំង​ស្ទះ​ដល់​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​សហគ្រិន​នោះ​ទេ ព្រោះ​ពួក​គេ​ដឹង​ច្បាស់​ណាស់​ថា ក្រោយ​ពេល​ដែល​ពួក​គេ​ស្លាប់​ទៅ តែ​កេរ្តិ៍​ឈ្មោះ​របស់​ខ្លួន នឹង​នៅ​តែ​បន្តរស់​ជា​រៀង​រហូត។

 

៤) សហគ្រិន​ដូច​ជា​ពួក​យើង​មិន​សូវ​ខ្វល់​ខ្វាយ​ពី​ការ​បរិភោគ​អាហារ (ជួន​កាល​ពួក​យើង​រវល់​ រហូត​ដល់​ភ្លេច)

សហគ្រិន​គឺ​ជា​មនុស្ស​ដែល​រវល់ ដូច្នេះ​ពួក​យើង​មិន​សូវ​ជា​យក​ចិត្ត​ទុក​ដាក់​គិត ឬ​ខ្វាយ​ខ្វល់​ពី​រឿង​ហូប​ចុក​ប៉ុន្មាន​នោះ​ទេ។ ជាការ​ពិត​ទៅ ការ​បរិភោគ​អាហារ​គឺ​ជា​រឿង​ចុង​ក្រោយ​ ដែល​ពួក​យើង​គិត​ឃើញ ពី​ព្រោះ​ពួក​យើង​ចង់​សម្រេច​នូវ​កិច្ចការ​ដែល​យើង​ បាន​គ្រោង​ទុក​អោយ​បាន​រួច​រាល់​ជាមុន​សិន។

ចំណុច​នេះ ​សម្រាប់​នារីៗ​ដែល​មាន​មិត្ត​ប្រុស ឬ​ស្វាមី​ជា​សហគ្រិន​ គួរ​តែ​ទទួល​ដឹង​ផង​ដែរ។

 

៥) សហគ្រិន​មិន​ចូល​ចិត្ត​ចំណាយ​ពេល​មើល​ទូរទស្សន៍​ឥត​ប្រយោជន៍​នោះ​ទេ

សហគ្រិន​ណា​ក៏​ដោយ​គឺ​ពិត​ជា​មិន​ចូល​ចិត្ត​ការ​ចំណាយ​ពេល មើល​កម្មវិធី​កម្សាន្ដ​នានា​នៅ​លើ​កញ្ចក់​ទូរទស្សន៍​នោះ​ទេ។​ ហើយ​អ្នក​នាង​កញ្ញា​ពិត​ជា​ មិន​គួរ​បបួល​មិត្តប្រុស ឬ​ស្វាមី​របស់​ខ្លួន​ដែល​ជា​សហគ្រិន អោយ​មើល​កម្មវិធី​កម្សាន្ដ​ទាំង​នោះ​ជាមួយ​នឹង​គ្នា​ដែរ។

សូម​ចង​ចាំ​ថាសហគ្រិន​ណា​ក៏​ដោយ​គឺ​ពិត​ជា​ស្រលាញ់​មិត្តស្រី និង​ក្រុម​គ្រួសារ​ខ្លួន​ណាស់ ក៏​ប៉ុន្តែ​ការ​ដែល​ត្រូវ​ចំណាយ​ពេល​មើល​កម្មវិធី​ទាំង​នោះ​ជាមួយ​នឹង​ដៃ​គូ​របស់​ខ្លួន​ គឺ​ជា​ការ​ដាក់​ទណ្ឌកម្ម​យ៉ាង​ធ្ងន់​ធ្ងរ ដែល​ពួក​យើង​ត្រូវ​ស៊ូទ្រាំ។

ពួក​យើង​ពិត​ជា​ចង់​ចំណាយ​ពេល​ជាមួយ​នឹង​អ្នក​នាង​កញ្ញា ប៉ុន្តែ​ការ​ចំណាយ​ពេល​ឥត​ប្រយោជន៍​បែប​នេះ នឹង​មិន​ធ្វើ​អោយ​មនុស្ស​ដូច​ជា​ពួក​យើង​សប្បាយរីករាយ​នោះ​ទេ ព្រោះ​យើង​តែង​តែ​គិត​ថា បើ​យក​ពេល​ទាំង​អស់​នោះ​ទៅ​ធ្វើ​ការ​ងារ​វិញ ប្រាកដ​ជា​ទទួល​បាន​លទ្ធផល​ច្រើន​ជាង​នេះ។

 

យ៉ាង​ណា​ហើយ​បន្ទាប់​ពី​អាន​នូវ​អត្ថបទ​មួយ​នេះរួច? ប្រសិន​បើ​ប្រិយ​មិត្ត​នារី​ទាំង​ឡាយ​ណា​មាន​បំណង​ចង់​ទាក់ទង ឬ​មាន​មិត្តប្រុស ក៏​ដូច​ជា​ស្វាមី​ជា​សហគ្រិន​មួយ​រូប​នោះ គួរ​តែ​យក​ទៅ​ពិចារណា ហើយ​ស្វែង​យល់​ទាំង​អស់​គ្នា។ មនុស្ស​ដូច​ជា​ពួក​យើង​មិន​មែន​មិន​ចេះ​ស្រលាញ់​នោះ​ទេ ក៏​ប៉ុន្តែ​គ្រាន់​តែ​ពួក​យើង​ចង់​អោយ​ខ្លួន​ឯង ​ដៃ​គូ និង​ក្រុមគ្រួសារ​របស់​ខ្លួន ទទួល​បាន​នូវ​អនាគត​ដែល​ល្អ​មួយ​ប៉ុណ្ណោះ៕


មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes