Loading...
របៀប​សម្គាល់​ថា​មនុស្សស្រី​​​ម្នាក់​គឺ​ជា Gold Diggers ហើយ​ដែល​អ្នក​គួរ​តែ​ជៀសវាង
Cover
ថ្ងៃ​ចេញ​ផ្សាយ៖ កញ្ញា 11, 2017
ចំនួន​ទស្សនា៖ 1094 លើក

នាំ​មក​ជូន​ដោយ​៖ ផ្ដល់​ភាព​​ស្រស់​ស្អាត​ប្រកប​ដោយ​ការ​ជឿ​ជាក់​សំរាប់​អ្នក Mey GlutaShop

អ្វី​ដែល​ជា​រឿង​សោកសៅ​ហើយ​ជា​ការ​ពិត​នោះ​គឺ​ថា នៅ​លើ​លោក​នេះ​មាន​មនុស្ស​ស្រី​មួយ​ចំនួន​ ដែល​ស្រលាញ់​លុយ​កាក់ និង​ទ្រព្យ​សម្បត្តិ​ ជាង​អ្វី​ៗ​ទាំង​អស់ ហើយ​អាច​លះបង់​សូម្បី​តែ​ភាព​ជាមនុស្ស​របស់​ខ្លួន​ឯង។ មនុស្ស​ស្រី​ប្រភេទ​នេះ​ ភាគច្រើន​ចង់​មាន​ទំនាក់​ទំនង​ជា​មួយ​នឹង​បុរស​ណា​ម្នាក់ ដើម្បី​តែ​ប្រាក់​តែ​ប៉ុណ្ណោះ ហើយ​មិន​អោយ​តម្លៃ​ចំពោះ​បុរស​ម្នាក់​នោះ​សូម្បី​តែ​បន្តិច។ អត្ថបទ​មួយ​នេះ​នឹង​បង្ហាញ​ដល់​ប្រិយមិត្ត​ទាំង​អស់​ ពី​មនុស្ស​ស្រី​ប្រភេទ​នេះ នឹង​របៀប​ដើម្បី​សម្គាល់​មើល​ពួក​នាង។

ជា​បឋម​សូម​មក​ស្វែង​យល់​ពី​ពាក្យ​ Gold Digger នេះ​ តើ​វា​មាន​អត្ថន័យ​យ៉ាង​ណា​ជា​មុន​សិន? ពាក្យ​មួយ​នេះ​គឺ​ជា​ពាក្យ​ដែល​មិន​ផ្លូវ​ការ​មួយ ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ​ប្រជា​ជន​អាមេរិក ហើយ​ចង់​សំដៅ​ទៅ​លើ បុរស​ ឬ ស្ដ្រី​ ទាំង​ឡាយ​ណា​ដែល​បង្កើត​ទំនាក់​ទំនង ឬសម្ព័ន្ធភាព​ជា​មួយ​នឹង​មនុស្ស​ដែល​មាន​ភេទ​ផ្ទុយ ក្នុង​គោល​បំណង​កេង​ប្រវ័ញ្ច​ ប្រាក់​កាស​ និង​ទ្រព្យ​សម្បត្តិ ដោយ​យក​សម្រស់​ ហើយ​នឹង​រឿង​ផ្លូវ​ភេទ​ទៅ​ធ្វើ​ជា​ថ្នូរ។ និយាយ​អោយ​ខ្លី​ងាយ​ស្រួល​ស្ដាប់​ទៅ​ មនុស្ស​ប្រភេទ​នេះ​គឺ​ប្រៀប​បី​ដូច​ជា​មនុស្ស​រក​ស៊ី​លក់​ខ្លួន​ដែរ ទាស់​តែ​ពួក​គេ​មាន​ស្តង់​ដារ និង​តម្លៃ​ខ្ពស់។

សម្រាប់​អត្ថបទ​មួយ​នេះ​ ​​ សូម​លើក​យក​តែ Gold digger ដែល​ជា​មនុស្ស​ស្រី​មក​បង្ហាញ​ជូន​តែ​ប៉ុណ្ណោះ (ក៏​ប៉ុន្តែ​សម្រាប់​ Gold digger ដែល​ជា​មនុស្ស​ប្រុស ក៏​អាច​មាន​ចំនុច​ជា​ច្រើន​ ដែល​ដូច​គ្នា​ដែរ​)។ តោះ​បើ​អញ្ចឹង​កុំ​អោយ​ខាត​ពេល​យូរ មក​តាម​ដាន​នូវ​ចំណុច ទាំង​១៤ ខាង​ក្រោម​នេះ​ ដើម្បី​សង្កេត​មើល​ថា អ្នក​កំពុង​តែ​ទាក់​ទង​ជា​មួយ​នឹង​មនុស្ស​ស្រី​ ដែល​ជា​ Gold digger ហើយ៖

 

១) ពួក​នាង​មាន​ឥរិយាបថ​យល់​ស្រប​តាម​គំនិត​របស់​អ្នក​ជ្រុល​ហួស​ហេតុ

ចំណុច​នេះ​មិន​មែន​មាន​ន័យ​ថា មិត្ត​ស្រី​ ​សង្សារ ឬ​ភរិយា​របស់​អ្នក​ដែល​យល់​ស្រប​តាម​អ្នក​ ព្រោះ​តែ​ស្រលាញ់​អ្នក​គឺ​ជា​ Gold digger ​នោះ​ទេ ដាច់​ខាត​កុំ​ច្រឡំ​។ ភាព​ខុស​ប្លែក​គ្នា​របស់​មនុស្ស​ស្រី ដែល​ជា Gold digger នោះ​គឺ​ថា ពួក​នាង​ហាក់​គ្មាន​គំនិត​ផ្ទាល់​ខ្លួន​ទាល់​តែ​សោះ គ្រប់​រឿង​គ្រប់​ចំណុច​ដែល​អ្នក​និយាយ ពួក​នាង​ស្ដាប់ និង​ធ្វើ​តាម​គ្រប់​បែប​យ៉ាង ដោយ​ក្ដី​រីក​រាយ​បំផុត។ នេះ​គឺ​គ្រាន់​តែ​ជា​យុទ្ធសាស្ដ្រ​មួយ​ដែល​ធ្វើ​អោយ​អ្នក​ស្លាប់​ចិត្ត​ នឹង​ជា​វិធី​ដែល​អាច​លួង​លោម​អ្នក​អោយ​ចំណាយ​លុយ​ ទៅ​លើ​ការ​ចំណាយ​ផ្សេងៗ​របស់​ពួក​នាង​តែ​ប៉ុណ្ណោះ។

 

២) រឿង​រ៉ាវ​គ្រប់​យ៉ាង​របស់​ពួក​នាង ហាក់​បី​ដូច​ជា​ស្រដៀង​គ្នា​នឹង​រឿង​រ៉ាវ​របស់​អ្នក​ដែរ

នេះ​គឺ​ជា​វិធី​សាស្ដ្រ​មួយ​ទៀត​ ដែល​ស្ដ្រី​មួយ​ចំនួន​ប្រើ​ដើម្បី គ្រប់​គ្រង​អ្នក ឬ​និយាយ​អោយ​ស្រួល​ស្ដាប់​គឺ​ដឹក​ច្រមុះ​របស់​អ្នក។ នៅ​ពេល​ដែល​អ្នក​ស្គាល់​នាង​ដំបូង អ្វី​ដែល​នាង​និយាយ​ប្រាប់​អ្នក​នោះ​គឺ នាង​ចូល​ចិត្ត​អ្វីៗ​គ្រប់​យ៉ាង​ ដែល​អ្នក​ចូល​ចិត្ត។ ចំណុច​នេះ​អ្នក​អាច​សង្កេត​មើល​បាន​ថា រៀង​រាល់​ពេល​ គឺ​មាន​តែ​អ្នក​តែ​ម្នាក់​ប៉ុណ្ណោះ ដែល​ជា​ភាគី​បញ្ចេញ​ទស្សនៈ​ចំពោះ​អ្វី​ដែល​ខ្លួន​ចូល​ចិត្ត ហើយ​អ្វី​ដែល​នាង​ធ្វើ​នោះ គឺ​គ្រាន់​តែ​និយាយ​ថា នាង​ក៏​ចូល​ចិត្ត​រឿង​ទាំង​អស់​នោះ​ដូច​គ្នា។

 

៣) ពួក​នាង​លើក​សរសើរ ឬ​បញ្ជោរ​អ្នក​ជ្រុល​ហួស​ហេតុ

អ្នក​ប្រហែល​ជា​អាច​ចាប់​អារម្មណ៍​សង្កេត​ឃើញ​ថា មាន​ពេល​ខ្លះ​នាង​ហាក់​បី​ដូច​ជា​លើក​ជើង​របស់​អ្នក​ជ្រុល​ហួសហេតុ​ខ្លាំង​ពេក។ ពិត​ណាស់​ជួន​កាល​នាង​អាច​នឹង​ចូល​ចិត្ត​រូប​រាង​សង្ហា របស់​អ្នក ក៏​ប៉ុន្តែ​បន្ទាប់​ពី​នោះ​មិន​យូរ​ប៉ុន្មាន អ្វី​គឺ​មិន​ពិត​ដោយ​ចេញ​ពី​ចិត្ត​នោះ​ទេ។ ប្រសិន​បើ​អ្នក​យល់​ឃើញ​ថា នាង​តែង​តែ​សរសើរ​អ្នក​ម្ដង​ហើយ​ម្ដង​ទៀត ជ្រុល​ហួស​ហេតុ​ខ្លាំង​ពេក​នោះ អ្នក​ប្រាកដ​ជា​អាច​ស្មាន​បាន​ថា នោះ​គឺ​មិន​មែន​ជា​ពាក្យ​ពិត​នោះ​ទេ ហើយ​នាង​ធ្វើ​បែប​នេះ​គឺ​ព្រោះ​តែ​ចង់​អោយ​អ្នក ចំណាយ​ប្រាក់​អោយ​នាង​តែ​ប៉ុណ្ណោះ។

 

៤) ពួក​នាង​ប្រើ​ប្រាស់​រឿង​លើ​គ្រែ​ធ្វើ​ជា​អាវុធ​ប្រឆាំង​នឹង​អ្នក

​ហើយ​នាង​តែងតែ​រំលឺក​ដល់​អ្នក​ពី​រឿង​នេះ ពី​ព្រោះ​ជា​ទូ​ទៅ​នាង​និង​បដិសេធ​អ្នក​ប្រសិន​បើ​អ្នក​ធ្វើ​អ្វី​មួយ​ដែល​នាង​មិន​ពេញ​ចិត្ត រឺ​ខុស​ឆ្គង​ ប៉ុន្តែ​នៅ​ពេល​ដែល​អ្នក​ចំណាយ​ប្រាក់​ទិញ​របស់​របរ​ដើម្បី​ផ្គាប់​ចិត្ត​នាង​ ហើយ​នាង​យល់​ព្រម​នឹង​អ្នក​វិញ​នោះ ​ដូច្នេះ​មនុស្ស​ស្រី​ដែល​អ្នក​កំពុង​តែ​ទាក់​ទង​អាច​ជា Gold digger ហើយ​នាង​កំពុង​តែ​ប្រើ​ប្រាស់​អ្នក​។ នេះ​គេហៅ​ថា​ គឺ​ជា​វិធី​សាស្ដ្រ​បង់​ប្រាក់​យក​រង្វាន់​។

 

៥) នាង​ភ្ញាក់​ផ្អើល​ នឹង​ចាប់​អារម្មណ៍​តែ​លើ​មុខ​របរ​ ហើយ​នឹង​របស់​ប្រើ​ប្រាស់​ថ្លៃៗ​របស់​អ្នក​ប៉ុណ្ណោះ

អ្វី​ដែល​មនុស្ស​ស្រី​ប្រភេទ​នេះ ចាប់​អារម្មណ៍​នោះ​គឺ តើ​អ្នក​មាន​អ្វី​ខ្លះ​ដែល​អាច​ផ្ដល់​អោយ និង​ទំនុក​បំរុង​នាង​បាន ប៉ុន្តែ​នាង​នឹង​មិន​ចាប់​អារម្មណ៍​ពី​តម្លៃ​ជា​មនុស្ស​របស់​អ្នក​ ថា​តើ​អ្នក​មាន​អត្តចរិត​ ឬ​គុណសម្បត្តិ​បែប​ណា​នោះ​ទេ។ ឧបមាថា​អ្នក​មាន​តួ​នាទី​ជា​វេជ្ជបណ្ឌិត វា​គឺ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​ ប្រសិន​បើ​មនុស្ស​ស្រី​គ្រប់​គ្នា​គិត​ថា​វា​អស្ចារ្យ ពី​ព្រោះ​វា​ជា​ការងារ​ដែល​សប្បុរស ហើយ​អ្នក​មាន​លទ្ធភាព​អាច​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​បាន​ ក៏​ប៉ុន្តែ​ប្រសិន​បើ​ការ​ងារ​របស់​អ្នក​គឺ​មិន​សូវ​ជា​មាន​សីលធម៌ ប៉ុន្តែ​នាង​នៅ​តែ​ភ្ជាក់​ផ្អើល​នឹង​ចាប់​អារម្មណ៍​ខ្លាំង​នោះ នេះ​អាច​មក​ពី​នាង​សម្លឹង​ឃើញ​អ្វី​ផ្សេង​ពី​ខ្លួន​របស់​អ្នក​ហើយ។

 

៦) នាង​ចូល​ចិត្ត​ប្រើ​ប្រាស់​របស់​ម៉ាក​ល្បីៗ និង​មាន​តម្លៃ​ថ្លៃ​ៗ

ប្រសិន​បើ​នាង​ជា​មនុស្ស​ស្រី​ដែល​ចូល​ចិត្ត​ប្រើ​តែ​របស់​ ដែល​មាន​ម៉ាក​ល្បី​ៗ និង​មាន​តម្លៃ​ថ្លៃៗ ប៉ុន្តែ​ការ​ងារ​ ឬ​ប្រាក់​បៀរវត្តន៍​របស់​នាង​មិន​អាច​ទ្រទ្រង់​ជីវភាព​ហ៊ឺហារ​របស់​ខ្លួន​បាន​ទេ​នោះ នាង​អាច​ជា​ Gold digger ហើយ ពី​ព្រោះ​នាង​នឹង​ស្វែង​រក​បុរស​ណា​ម្នាក់​ដែល​អាច​មាន​លទ្ធភាព ផ្គត់​ផ្គង់​អោយ​នាង​នូវ​ជីវភាព​ហ៊ឺហារ​ទាំង​អស់​នោះ​បាន។

 

៧) មាន​តែ​ការ​ជូន​កាដូ​តែ​មួយ​មុខ​គត់​ដែល​អាច​ធ្វើ​អោយ​នាង​អត់​ទោស​អោយ​អ្នក​បាន

ប្រសិន​បើ​រៀង​រាល់​ពេល​ដែល​អ្នក​ទាំង​ពីរ​ឈ្លោះ​គ្នា ហើយ​ត្រូវ​គ្នា​វិញ​ដោយ​សារ​តែ​នាង​លើក​ទោស​អោយ​អ្នក​ ពេល​ដែល​អ្នក​ទិញ​កាដូ​ជូន​នាង​នោះ នាង​អាច​ជា Gold digger ហើយ។ ពីព្រោះ​រាល់​ទំនាស់​ រវាង​គូស្នេហ៍ អាច​ដោះ​ស្រាយ​បាន​ដោយ​ការ​សន្ទនា​គ្នា​ ហើយ​មិន​ចាំ​បាច់​ប្រើប្រាស់​របស់​របរ​ថ្លៃៗ​ដើម្បី​មក​បញ្ជាក់​ ឬ​ជា​ដំណោះ​ស្រាយ​ រៀងរាល់​លើក​នោះ​ទេ។

 

៨) នាង​មិន​ចាប់​អារម្មណ៍ ឬ​យក​ចិត្ត​ទុក​ដាក់​នឹង​ពាក្យ​សម្ដី​ដែល​អ្នក​និយាយ

ចំណុច​នេះ​គឺ​ងាយ​ស្រួល​ក្នុង​ការ​សង្កេត​បំផុត។​ មនុស្ស​ស្រី​ដែល​ជា​ Gold digger ​គឺ​មិន​ដែល​ចង​ចាំ​អ្វី​សោះ ទាក់​ទង​នឹង​ពាក្យ​សម្ដី​ដែល​អ្នក​ធ្លាប់​និយាយ ឬ​សូម្បី​តែ​រឿង​រ៉ាវ​សំខាន់ៗ​ផ្ទាល់​ខ្លួន​ដែល​អ្នក​ធ្លាប់​ប្រាប់​នាង ដែល​នេះ​គឺ​ខុស​ស្រឡះ ពី​មនុស្ស​ស្រី​ដែល​ស្រលាញ់​ និង​យក​ចិត្ត​ទុក​ដាក់​លើ​អ្នក​ពិត​ប្រាកដ។ អ្វី​ដែល​ពួក​នាង​ខ្វាយ​ខ្វល់​គឺ​ កាបូប​លុយ​របស់​អ្នក​ទៅ​វិញ​នោះ​ទេ។

 

៩) នាង​តែង​តែ​ភ្លេច​ថ្ងៃ​សំខាន់​របស់​អ្នក តែ​នាង​មិន​ដែល​ភ្លេច​ថ្ងៃ​សំខាន់​របស់​ខ្លួន​ឯង​នោះ​ទេ

នៅ​ក្នុង​កាល​វិភាគ​របស់​នាង​ គឺ​គ្មាន​ចំណែក​អ្នក​ឡើយ អ្វី​ដែល​មាន​គឺ កម្មវិធី​កម្សាន្ដ ការ​ប្រគំតន្ដ្រី ការ​ញ៉ាំ​អាហារ​ពេល​ល្ងាច ឬ​ការ​ដើរ​ផ្សារ​ជាមួយ​នឹង​មិត្ត​ភក្ដរបស់​នាង​ គ្រប់​ពេល​ប៉ុណ្ណោះ។

 

១០) នាង​តែង​តែ​តម្រូវ​អោយ​អ្នក​ចូល​រួម​កម្មវិធី​ជប់​លៀង​អាហារ​ពេល​ល្ងាច​ និង​ក្លិប​កម្សាន្ដ​ថ្លៃៗ​រៀងរាល់​ពេល

តើ​មនុស្ស​ស្រី​ដែល​អ្នក​កំពុង​តែ​ទាក់​ទង តែងតែ​ចូល​ចិត្ត​ចំណាយ​ពេល​ទៅ​លើ ក្លិប​កម្សាន្ដ​ និង​ម្ហូប​អាហារ​ថ្លៃៗ​រាល់​ពេល​តើ​មែន​ទេ? បើ​ពិត​ជា​បែប​នោះ​មែន នាង​ប្រហែល​ជា​ទាក់​ទង​ជាមួយ​នឹង​អ្នក​ ដើម្បី​តែ​ប្រាក់​តែ​ប៉ុណ្ណោះ។ មនុស្ស​ស្រី​ប្រភេទ​នេះ ចូល​ចិត្ត​ចំណាយ​ពេល​នៅ​កន្លែង​ល្អៗ​ ដែល​មាន​តម្លៃ​ថ្លៃៗ​ខ្លាំង ទាំង​ដែល​ខ្លួន​ឯង​គ្មាន​លទ្ធភាព​រ៉ាប់រង​ការ​ចំណាយ​ក្នុង​កន្លែង​បែប​នោះ​ផង។

 

១១) អ្នក​ដឹង​រឿង​រ៉ាវ​របស់​នាង​តិច​បំផុត ឬ​ជួន​កាល​មិន​ធ្លាប់​បាន​ដឹង​សោះ

​តើ​អ្នក​ស្គាល់​មនុស្ស​ស្រី​ដែល​អ្នក​ទាក់​ទង​ច្បាស់​កម្រិត​ណា? តើ​នាង​មាន​ធ្លាប់​និយាយ​ពី​រឿង​រ៉ាវ​គ្រួសារ និង រឿង​ផ្ទាល់​ខ្លួន​ប្រាប់​ដល់​អ្នក​ដែរ​ទេ? ឬ​ធ្លាប់​និយាយ​អ្វី​ផ្សេង​ទៀត​ ​ទាក់​ទង​នឹង​ទំនាក់​ទំនង​អ្នក​ទាំងពីរ​ដែរ​ឬទេ? ប្រសិន​បើ​នាង​មិន​ធ្លាប់​និយាយ​ទាល់​តែ​សោះ​ នេះ​អាច​ជា​សញ្ញា​បញ្ជាក់​ថា នាង​អាច​ជា Gold digger ហើយ​នាង​ទាក់​ទង​ជាមួយ​នឹង​អ្នក​ដើម្បី​តែ​ប្រាក់​តែ​ប៉ុណ្ណោះ។

 

១២) បើ​និយាយ​រឿង​រូប​សម្បត្តិ អ្នក​មិន​អាច​ប្រៀប​ជាមួយ​នឹង​នាង​បាន​នោះទេ (ខុស​គ្នា​ដូច​មេឃ​ និង​ ដី)

ចំណុច​មួយ​នេះ អាច​ថា​ពិបាក​ក្នុង​ការ​ទទួល​យក​សម្រាប់​បុរស​មួយ​ចំនួន ប៉ុន្តែ​វា​ក៏​អាច​ជួយ​អ្នក​ក្នុង​ការ​កំណត់​ថា តើ​ដៃ​គូ​របស់​ខ្លួន​គឺ​ជា​ Gold digger ឬមួយ​ក៏​អត់។ សាក​គិត​បន្តិច​ទៅ​មើល៎ បើ​សិន​ជា​មនុស្ស​ស្រី​ម្នាក់​ ​ដែល​យើង​អាច​និយាយ​បាន​ថា​ស្អាត​ និង​ទាក់​ទាញ​ខ្លាំង ហើយ​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​បុរស​ដែល​មិន​សូវ​ជា​ទាក់​ទាញ​ នេះ​អាច​ជា​សញ្ញា​មួយ​។ ហើយ​ប្រសិន​បើ​បុរស​នោះ​ សម្បូរ​លុយ​កាក់​ចាយ​វាយ​ទៀត​នោះ នេះ​អាច​ជា​មូល​ហេតុ​ដែល​យើង​អាច​យល់​ទាំង​អស់​គ្នា​បាន។ បញ្ជាក់​៖ ទោះ​យ៉ាង​ណា​ក៏​នៅ​មាន​មនុស្ស​ស្រី ដែល​មិន​គិត​ពី​រឿង​រូប​សម្បត្តិ​ដែរ ពីព្រោះ​ពួក​នាង​ស្រលាញ់​បុរស​នោះ​ពិត។

 

១៣) អ្នក​ជា​មនុស្ស​ប្រុស​ដែល​មិន​សូវ​មាន​នរណា​ចូល​ចិត្ត

ផ្ទុយ​នឹង​ចំណុច​ខាងលើ ប្រសិន​បើ​អ្នក​ជា​មនុស្ស​ប្រុស​ដែល​ស្អាត​ សង្ហារ ប៉ុន្តែ​អន់​ចារិក​ខ្លាំង​ និង​មិន​សូវ​មាន​នរណា​ចូល​ចិត្ត​ ​តែ​នាង​នៅ​តែ​ទាក់​ទង​ជាមួយ​នឹង​អ្នក​នោះ នេះ​អាច​មក​ពី​នាង​ត្រូវ​ការ​តែ​របស់​ម៉្យាង​ពី​អ្នក​ប៉ុណ្ណោះ។ នៅ​លើ​លោក​នេះ​គ្មាន​មនុស្ស​ស្រី​ណា​ម្នាក់​ដែល​អាច​ទ្រាំ រស់​នៅ​ជាមួយ​នឹង​មនុស្ស​ប្រុស​ដែល​គួរ​អោយ​ស្អប់​បាន​ឡើយ លើក​លែង​តែ​បុរស​នោះ​មាន​អ្វី​មួយ​ ដែល​អាច​ប៉ះប៉ូវ​ចំណុច​ខ្វះ​ខាត​មួយ​នោះ​បាន។

 

១៤) នាង​តែង​តែ​សុំ​លុយ​កាក់​ពី​អ្នក

ប្រសិន​បើ​អ្នក​ទាំង​ពីរ មាន​ទំនាក់​ទំនង​ជាមួយ​គ្នា​ក្នុង​រយៈ​ពេល​យូរ និង​យល់​ចិត្ត​គ្នា​បាន​ច្បាស់​ ហើយ​មិត្ត​ស្រី​របស់​អ្នក​ស្នើ​សុំ​ជំនួយ​ពី​អ្នក​ ពី​ព្រោះ​តែ​នាង​ខ្វះ​ខាត​នោះ​ នេះ​គឺ​មិន​មាន​អ្វី​ជា​បញ្ហា​ឡើយ។ ក៏​ប៉ុន្តែ​ប្រសិន​បើ​ទំនាក់​ទំនង​ របស់​អ្នកទាំង​ពីរ ហាក់​នៅ​ថ្មី​ៗ​នៅ​ឡើយ ប៉ុន្តែ​នាង​បែរ​ជាហ៊ាន​ហារ​មាត់​សុំ​លុយ​កាក់​ពី​អ្នក​នោះ នេះ​ទើប​ជា​បញ្ហា។

 

រឿង​ដែល​កាន់​តែ​សោកសៅ​ថែម​ទៀត​នោះ​គឺ​ថា មនុស្ស​ប្រភេទ​នេះ​ហាក់​គ្មាន​ភាព​ខ្មាសអៀន​នោះ​ទេ។ ពួក​គេ​មិន​ដែល​ខ្វល់​ទេ​ថា​ បាន​ធ្វើ​អោយ​ប៉ះពាល់​អារម្មណ៍ និង​ធ្វើ​អោយ​អ្នក​ឈឺចាប់​កម្រិត​ណា​ ដូច្នេះ​វា​គឺ​ជា​កាតព្វកិច្ច​របស់​ខ្លួន​អ្នក​ផ្ទាល់ ក្នុង​ការ​កំណត់​មនុស្ស​ប្រភេទ​នេះ​អោយ​បាន​ ហើយ​ដក​ពួក​គេ​អោយ​ចេញ​ឆ្ងាយ​ពី​ជីវិត​រស់​នៅ​របស់​អ្នក៕


មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes