Loading...
វិធីសាស្ដ្រ​នៅ​ក្នុង​ការ​បំភ្លេច​សង្សារ​ចាស់ ​នឹង​​​ព្យាបាល​​បេះ​ដូង​​អោយ​បាន​លឿន​
Cover
ថ្ងៃ​ចេញ​ផ្សាយ៖ សីហា 29, 2017
ចំនួន​ទស្សនា៖ 1608 លើក

នាំ​មក​ជូន​ដោយ​៖ ផ្ដល់​ភាព​​ស្រស់​ស្អាត​ប្រកប​ដោយ​ការ​ជឿ​ជាក់​សំរាប់​អ្នក Mey GlutaShop

ការ​បែង​បាក់​ពី​មនុស្ស​ជាទី​ស្រលាញ់​គឺ​ពិត​ជា​ពិបាក ហើយ​ជាការ​ពិត​មាន​មនុស្ស​ជាច្រើន ​ដែល​ត្រូវ​តស៊ូ​ដោយ​លំបាក​ដើម្បី​បន្ត​ការ​រស់​នៅ​របស់​ខ្លួន​បន្តទៀត​ ដោយ​គ្មាន​មនុស្ស​សំខាន់​ម្នាក់​នោះ​នៅ​ក្បែរ។ ហើយ​ជារឿយៗ​អ្នក​នៅ​តែ​នឹក​ដល់​រូប​គេ នៅ​តែ​ចង់​នៅ​ក្បែរគេ ហើយ​តែង​តែ​ចង់​ដឹង​ថា​តើ​ពេល​នេះ​ គេ​កំពុង​ធ្វើ​អ្វី​ ហើយ​នៅ​ជាមួយ​នឹង​អ្នក​ណា? តើ​ចំណុច​ទាំង​អស់​នេះ​ដែល ​​ បាន​លើក​ឡើង​គឺ​ដូច​អ្វី​ដែល​អ្នក​កំពុង​តែ​ធ្វើ​តើ​មែន​ទេ? បើ​ពិត​ជា​បែប​នោះ​មែន ​បន្ត​អាន​អត្ថបទ​មួយ​នេះ នោះ​អ្នក​នឹង​យល់​ថា​អ្វីៗគឺ​ពិត​ជា​មិន​អាក្រក់​ខ្លាំង​ដូច​អ្វី​ដែល​អ្នក​ធ្លាប់​គិត​នោះ​ទេ ហើយ​ប្រសិន​បើ​អ្នក​ ពិត​ជា​មាន​បញ្ហា​នៅ​ក្នុង​ការ​បំភ្លេច​មនុស្ស​អតីត​មែន​នោះ ចំណុច​ខាង​ក្រោម​នេះ ពិត​ជា​អាច​ជួយ​អ្នក​បាន៖

 

១) បញ្ឈប់​ក្ដីសង្ឃឹម និង​ការ​រំពឹង​ទុក

នៅ​ពេល​ដែល​អ្នក​ចង់​បំភ្លេច​មនុស្ស​ម្នាក់ ដែល​បាន​បែក​គ្នា​រួច​ទៅ​ហើយ​នោះ នេះ​គឺ​ជា​វិធីសាស្ដ្រមួយ​ដែល​អ្នក​អាច​ធ្វើ​បាន។ ការ​បញ្ឈប់​ក្ដី​សង្ឃឹម​ ដែល​អ្នក​ជឿថា​អ្នក​ទាំង​ពីរ​អាច​ត្រលប់​ទៅ​ដូច​ដើម​វិញ​នោះ គឺ​មាន​ភាគ​រយ​តិច​បំផុត ឬ​សឹង​តែ​ស្មើ​នឹង​សូន្យ ពី​ព្រោះ​បើ​អ្នក​ទាំង​ពីរ​ពិត​ជា​សាកសម​គ្នា ហេតុអ្វី​បាន​ជា​អ្នក​ត្រូវ​បែក​គ្នា ហើយ​បើ​ទោះ​ជា​អ្នក​ទាំង​ពីរ​អាច​ត្រូវ​គ្នា​វិញ​ក៏​ដោយ អ្វីៗ​ក៏​ប្រហែល​ជា​មិន​ដូច​ពី​មុន​នោះ​ដែរ។ វិធីនេះ​ហាក់​ចម្លែក​បន្តិច តែ​គឺ​ពិត​ជា​មាន​ប្រសិទ្ធភាព។

ប្រសិន​បើ​អ្នក​នៅ​តែ​បន្ត​សេចក្ដី​សង្ឃឹម​ មានន័យ​ថា​អ្នក​នៅ​តែ​មាន​គំនិត​ដែល​ថា​ស្នេហា​របស់​អ្នក​ទាំង​ពីរ គឺ​នៅ​តែ​អាច​ស្រោច​ស្រង់​បាន ដែល​ជួន​កាល​នេះ​គ្រាន់​តែ​ជា​ការ​ស្រមើ​ស្រមៃ​របស់​អ្នក​តែ​ម្ខាង​ប៉ុណ្ណោះ។ ត្រូវ​ធ្វើ​ចិត្ត​អោយ​ក្លាហាន ហើយ​ទទួល​ស្គាល់​ថា អ្វីៗ​គឺ​ត្រូវ​បាន​បញ្ចប់​អស់​ទៅ​ហើយ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​ គឺ​យក​ចិត្ត​ទុក​ដាក់​ថែ​ទាំ​ខ្លួន​ឯង​អោយ​បាន​ល្អ​បំផុត​វិញ ទើប​ជា​ការ​ប្រសើរ។

 

២) បញ្ឈប់​ការ​ស្រមើស្រមៃ

ការ​ស្រមៃ និង​រំលឹក​ទៅ​ដល់​ពេល​វេលា​ល្អៗ​របស់​អ្នក​ជាមួយ​នឹង​គេ​ពី​អតីតកាល នៅ​ក្នុង​ខួរ​ក្បាល​រហូត​នោះ​ គឺ​អ្នក​កំពុង​តែ​ធ្វើ​បាប​ខ្លួន​ឯង ​នឹង​បន្តនូវ​ក្ដី​សង្ឃឹម​ដែល​ នឹង​មិន​អាច​ក្លាយ​ជា​ការ​ពិត​បាន​។

មូលហេតុ​មួយ​ ដែល​ធ្វើ​អោយ​អ្នក​ចេះ​តែ​គិត​ដល់​គេ​នោះ គឺ​អាច​បណ្ដាល​មក​ពី​អ្នក​នៅ​តែ​ស្ដាប់​ចម្រៀង​ខូច​ចិត្ត បាត់​បង់​ស្នេហា និង​ចម្រៀង​ដែល​អ្នក​ចូល​ចិត្ត​ស្ដាប់​ពេល​នៅ​ក្បែរ​ខ្លួន​គេ ឬ​អាច​បណ្ដាល​មក​ពី​អ្នក​នៅ​តែ​ បន្ត​មើល​ខ្សែ​ភាពយន្ដ​ដែល​អ្នក​នឹង​គេ​ធ្លាប់​បាន​មើល​ជាមួយ​គ្នា​ជាដើម។ ដូចនេះ​ប្រសិន​បើ​អ្នក​ស្ដាប់​ចំ​ចម្រៀង​ ឬ​មើល​ប៉ះ​ខ្សែ​ភាព​យន្ដ​ណា​ដែល​ធ្វើ​អោយ​អ្នក​នឹក​ឃើញ​អ្នក​ចាស់ អ្នក​ត្រូវ​ប្រញាប់​ប្ដូរ​ចេញ​ភ្លាម ហើយ​ជំនួស​អោយ​ការ​ស្ដាប់​ចម្រៀង​និង​មើល​រឿង​ទាំង​នោះ អ្នក​អាច​សាកល្បង​ធ្វើ​រឿង​ណាមួយ​ដែល​អ្នក​មិន​ធ្លាប់​បាន​ធ្វើ​ពី​មុន​មក ដូច​ជា​ការ​ហាត់​ប្រាណ​ជាដើម ដែល​នឹង​ធ្វើ​អោយ​អ្នក​មាន​សុខភាព​ល្អ ហើយ​កាន់​តែ​មាន​ជំនឿ​ចិត្ត​ចំពោះ​ខ្លួន​ឯង​បាន​ថែម​ទៀត​ផង។

 

 

៣) បញ្ឈប់​រូបភាព​ដៃគូជីវិត​ដែល​អ្នក​ធ្លាប់​ស្រមៃ

ចំណុច​ចាស់​គម្រិល និង​ហួស​សម័យ​មួយ​ទាក់​ទង​នឹង​សេចក្កី​ស្រលាញ់​នោះ​គឺ គំនិត​ដែល​និយាយ​ថា ក្នុង​មួយ​ឆាក​ជីវិត​មនុស្ស​ម្នាក់ គឺ​មាន​មនុស្ស​តែ​ម្នាក់​ប៉ុណ្ណោះ ដែល​កើត​មក​ដើម្បី​ធ្វើ​ជា​ដៃ​គូ​ជីវិត​របស់​ខ្លួន។ អ្វី​ដែល​ជា​ការ​ពិត​នោះ​គឺ​ ក្នុង​មួយ​ឆាក​ជីវិត​របស់​មនុស្ស​ម្នាក់ៗ គឺ​ប្រាកដ​ជាបាន​ជួប​នឹង​មនុស្ស​ជាច្រើន​នាក់ ដែល​អ្នក​ស្រលាញ់ ហើយ​ពួក​គេ​សុទ្ធតែ​អាច​ក្លាយ​ទៅ​ជា​ដៃ​គូ​ជីវិត​របស់​អ្នក ទាំង​អស់ គ្រាន់​តែ​អ្វីៗ​ដែល​អ្នក​ជួប​ប្រទះ វា​គឺ​ជា​បទពិសោធន៍​មួយ​ដែល​អ្នក​ត្រូវ​ជួប​ប្រទះ ដើម្បី​ត្រៀម​ខ្លួន​អោយ​បាន​រួចរាល់ ដើម្បី​ចាប់​ផ្ដើម​ជាមួយ​នឹង​ស្នេហា​ដែល​សាក​សម​ ហើយ​ពិត​ប្រាកដ​សម្រាប់​អ្នក​ប៉ុណ្ណោះ។

 

៤) ផ្ដល់​ពេល​វេលា​សម្រាប់​ការ​សោកសៅ​អោយ​ខ្លួន​ឯង

ខណៈ​ដែល​អ្នក​ព្យាយាម​អភិវឌ្ឍន៍​ទម្លាប់​ដែល​ល្អៗ​អោយ​ខ្លួន​ឯង អ្នក​មិន​គួរ​កុហក​ខ្លួន​ឯង​ដោយ​ធ្វើ​ខ្លួន​អោយ​រវល់​នោះ​ទេ។ ជា​ការ​ពិត​អ្នក​ប្រាកដ​ជា​មាន​អារម្មណ៍​សោក​សៅ នៅ​ពេល​ដែល​ខ្លួន​ជួប​នឹង​ការ​បែក​បាក់​ស្នេហា ហើយ​ជំហាន​បន្ទាប់​ដែល​អ្នក​អាច​ធ្វើ​បាន​នោះគឺ ទទួល​យក​ការ​ពិត​ដ៏​សោក​សៅ​មួយ​នេះ។ ក្នុង​កំឡុង​ពេល​នេះ អ្នក​គួរ​តែ​ធ្វើ​អ្វី​ដែល​ខ្លួន​ឯង​ត្រូវ​ការ អ្នក​អាច​យំ​បើ​សិន​ជាង​អ្នក​ចង់​ ពី​ព្រោះ​វា​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​សម្រាប់​មនុស្ស​គ្រប់​គ្នា។

 

 

៥) ស្វែង​រក​ការ​លើក​ទឹក​ចិត្ត​ពី​មិត្ត​ភក្ដ

មិត្ត​ពិត​ប្រាកដ​របស់​អ្នក នឹង​នៅ​ក្បែរ​ដើម្បី​លើក​ទឹក​ចិត្តអ្នក ហើយ​នៅ​ពេល​ដែល​អ្នក​បាត់​បង់​ស្នេហា ពួក​គេ​គឺ​ជា​ប្រភព​ដ៏​ល្អ​មួយ​ក្នុង​ការ​លើក​ទឹក​ចិត្ត​អ្នក។ កុំ​ព្យាយាម​គេចវេស​ពី​ពួក​គេ​អោយ​សោះ មិត្ត​ដែល​យល់​ពី​អ្នក ពិត​ជា​អាច​ចំណាយ​ពេល​របស់​ពួក​គេ​ជួយ​អោយ​អ្នក​បំភ្លេច​មនុស្ស​អតីត​បាន។ ប៉ុន្តែ​អ្វី​ដែល​អ្នក​ត្រូវ​ប្រុង​ប្រយ័ត្ន​នោះ គឺ​ស្វែង​រក​ការ​លើក​ទឹក​ចិត្ត​ពី​មិត្ត​ភក្ដ​ក្លែង​ក្លាយ ដែល​នឹង​ផ្ដល់​យោបល់​ និង​គំនិត​អវិជ្ជមាន​ដល់​អ្នក ហើយ​នាំ​អ្នកទៅ​ធ្វើ​រឿង​ដែល​ប៉ះពាល់​ដល់​ខ្លួន​ឯង​នា​ពេល​ក្រោយ​បាន។

 

៦) លុប ឬ​បោះ​ចោល​អ្វី​ៗ​ដែល​រំលឹក​ពី​គេ​

នេះ​ជា​ចំណុច​ដែល​មាន​ប្រសិទ្ធភាព​មួយ រូបភាព​ កាដូ ឬ​របស់​របរ​ផ្សេង​ដែល​ទាក់​ទង​នឹង​រូប​គេ អ្នក​អាច​ប្រមូល​ទៅ​បោះ​ចោល​បាន។ បើ​សិន​ជា​ក្នុង​ទូរស័ព្ទ​របស់​អ្នក​មាន​រូប​ភាព​ ឬ​លេខ​ទូរស័ព្ទ​របស់​គេ ត្រូវ​ប្រញ៉ាប់​លុប​វា​ចោល​ភ្លាម។ សម្រាប់​បណ្ដាញ​សង្គម​របស់​គេ បើ​អ្នក​ទាំង​ពីរ​គឺ​ជា​ Friend ជាមួយ​នឹង​គ្នា អ្នក​មិន​ចាំ​បាច់​ Block គេ​ក៏បាន គ្រាន់​តែ Unfriend ឬ Unfollow គេ​ទៅ​ជា​ការ​ស្រេច។

 

៧) ជៀសវាង​ចាប់​ផ្ដើម​ទំនាក់​ទំនង​ជាមួយ​នឹង​អ្នក​ថ្មី​ភ្លាមៗ

បើ​អ្នក​ចាប់​ផ្ដើម​ស្វែង​រក​ដៃ​គូ​ថ្មី​ភ្លាមៗ បន្ទាប់​ពី​អ្នក​បែក​បាក់​ស្នេហា​ថ្មីៗ​នោះ វា​មិន​ត្រឹម​តែ​ធ្វើ​អោយ​ប៉ះពាល់​ដល់​ផ្លូវ​ចិត្ត​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ វា​ក៏​នឹង​ធ្វើ​អោយ​ឱកាស​របស់​អ្នក​ជាមួយ​នឹង​អ្នក​ថ្មី ត្រូវ​រង​ការ​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ផង​ដែរ។

ម៉្យាង​ការ​ធ្វើ​បែប​នេះ គ្រាន់​តែ​បង្ហាញ​ពី​ភាព​ទន់​ខ្សោយ​របស់​អ្នក​ ក្នុង​ការ​បោក​ប្រាស់​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ។ ហើយ​នេះ​គឺ​ពិត​ជា​មិន​យុត្តិធម៌សម្រាប់​ខ្លួន​អ្នក​ផ្ទាល់ ក៏​ដូច​ជា​មនុស្ស​ថ្មី ហើយ​ពិត​ជា​មិន​មែន​វិធី​ល្អ​ដើម្បី​បំភ្លេច​អតីត​នោះ​ទេ។

 

 

៨) ជៀសវាង​កុំជួប​មុខ​សង្សារ​ចាស់

បើ​សិន​ជាអាច​ទៅ​រួច ត្រូវ​ជៀសវាង​បង្កើត​ទំនាក់ទំនង ឬ​ជួប​មុខ​ជា​មួយ​នឹង​សង្សារ​ចាស់​របស់​អ្នក​មួយ​រយៈ។ អ្វី​ដែល​ធ្វើ​អោយ​ចំនុច​នេះ​កាន់​តែ​ងាយ​ស្រួល គឺ​អ្នក​គួរ​ចំណាយ​ពេល​ជាមួយ​នឹង​គ្រួសារ ឬ​មិត្ត​ភក្ដ ហើយ​អោយ​ពួក​គេ​ជួយ​អ្នក​ជៀស​ឆ្ងាយ​ពី​ទី​កន្លែង​ដែល​អ្នក​ នឹង​សង្សារ​ចាស់​ធ្លាប់​ទៅ​ជាមួយ​គ្នា។

អ្នក​ត្រូវ​ដឹង​ថា​ពេល​វេលា​នេះ​ គឺ​ជា​ពេលវេលា​ដែល​សំខាន់​បំផុត អ្នក​គឺ​ពិត​ជា​មាន​ភាព​ទន់​ខ្សោយ ហើយ​ការ​ជួប​មុខ​គេ​គឺ​វា​រឹត​តែ​ធ្វើ​អោយ​អ្នក​កាន់​តែ​ឈឺ​ចាប់ ដូចនេះ​ចំណុច​នេះ​ដាច់​ខាត​អ្នក​គួរ​តែ​ធ្វើ​អោយ​បាន​ជា​ដាច់​ខាត៕


មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes