Loading...
លក្ខណៈ​សម្បត្តិ ៧យ៉ាង របស់​មនុស្ស​ជោគជ័យ
Cover
ថ្ងៃ​ចេញ​ផ្សាយ៖ សីហា 18, 2017
ចំនួន​ទស្សនា៖ 1161 លើក

នាំ​មក​ជូន​ដោយ​៖ ផ្ដល់​ភាព​​ស្រស់​ស្អាត​ប្រកប​ដោយ​ការ​ជឿ​ជាក់​សំរាប់​អ្នក Mey GlutaShop

មូល​ហេតុ​អ្វី​ដែល​អ្នក​ត្រូវ​សរសើរ​មនុស្ស​ជោគជ័យ​បន្ត​ទៀត​ ប្រសិន​បើ​អ្នក​អាច​មាន​លទ្ធភាព​ទទួល​បាន​ជោគជ័យ​ដែរ​នោះ? ត្រូវ​ចង​ចាំ​ថា​ភាព​ជោគជ័យ​គឺ​មិន​មែន​បាន​មក​ដោយ​សារ​តែ​សំណាង​នោះ​ទេ ប៉ុន្តែ​វា​គឺ​បាន​មក​ដោយ​សារ​តែ​ ការ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់ ការ​ប្ដេជ្ញាចិត្ត​ សុទិដ្ឋិនិយម និង​ដោយ​សារ​ការ​ខិត​ខំ​ប្រឹង​ប្រែង។ ការ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​នូវ​ ផ្នត់​គំនិត ក៏​ដូច​ជា​ អត្តចរិត​ពី​កំណើត​របស់​ខ្លួន​យើង ដែល​ជាប់​មាន​ពី​កំណើត​អាច​និយាយ​បាន​ថា វា​រៀង​ពិបាក និង​ស្មុគ​ស្មាញ​បន្តិច ក៏​ប៉ុន្តែ​សូម​ចង​ចាំ​ថា ក្រោយ​ពេល​ដែល​អ្នក​អាច​ផ្លាស់​ប្ដូរ​វា​បាន នោះ​អ្នក​នឹង​មើល​ឃើញ​ថា ​វា​គឺ​ពិត​ជា​មាន​តម្លៃ។

ខាង​ក្រោម​នេះ​គឺ​ជា​អត្តចរិត និង​បុគ្គលិក​លក្ខណៈ​ ៧យ៉ាង​ របស់​មនុស្ស​ជោគជ័យ ដែល​ប្រិយ​មិត្ត​ទាំង​អស់​គ្នា​អាច​រៀន​សូត្រ​ និង​យក​ទៅ​អនុវត្ត​តាម​បាន៖

 

១) បង្កើត​រឿង​អ្វី​មួយ​ឡើង​ដោយ​ស្នាដៃ​ និង​សកម្មភាព​របស់​ខ្លួន​ឯង​ ជាជាង​រង​ចាំ​អោយ​វា​កើត​ឡើង​ដោយ​ឯក​ឯង

មនុស្ស​ដែល​ជោគជ័យ​ និង​មនុស្ស​ដែល​ខ្ជិល​គឺ​ចូល​មិន​ចុះ​ជាមួយ​នឹង​គ្នា​នោះ​ទេ។ មនុស្ស​ទាំង​ឡាយ​ណា​ដែល​ធ្លាប់​ទទួល​បាន​ ឬ​កំពុង​តែ​ដើរ​ទៅ​រក​ភាព​ជោគជ័យ យល់​យ៉ាង​ច្បាស់​ថា ការ​រង​ចាំ​សុបិន្ត​របស់​ខ្លួន​អោយ​ក្លាយ​ទៅ​ជា​ការ​ពិត​នោះ គឺ​ជា​ការ​ខ្ជះខ្ជាយ​នូវ​ពេល​វេលា ក៏​ដូច​ជា​ទេពកោសល្យ​របស់​ពួកគេ។ ហើយ​ជំនួស​អោយ​ការ​ត្អូញត្អែរ ចំពោះ​កាលៈ​ទេសៈ​ដែល​មិន​ល្អ ពួកគេ​ធ្វើ​ការ​យក​ឈ្នះ​នូវ​ភាព​លំបាក​ ក៏​ដូច​ជា​ឧបសគ្គ​ទាំង​អស់​នោះ។ មនុស្ស​ជោគជ័យ​ ជារឿយៗ​តែង​តែ បោះ​បង់​ចោល​នូវ​លេស​គ្រប់​បែប​យ៉ាង​ចេញ​ពី​ជីវិត ហើយ​ចាប់​ផ្ដើម​បញ្ចេញ​សកម្មភាព​ដើម្បី​សំរេច​នូវ​អ្វី​មួយ​ដែល​ខ្លួន​ពួក​គេ​ចង់​បាន។

 

២) ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់ និង​រីករាយ​ចំពោះ​ដំណើរ​ការ​ក្នុង​ការ​ធ្វើ​កិច្ច​ការ​អ្វី​មួយ តែ​មិន​ផ្ដោត​លើ​គោលដៅ​នោះ​ទេ

នៅ​លើ​ផ្លូវ​ដែល​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ គឺ​ពោរ​ពេញ​ទៅ​ដោយ​មេរៀន​ដ៏​មាន​តម្លៃ​ផ្សេង​ៗ​សម្រាប់​ជីវិត ដែល​រួម​មាន​ទាំង​ការ​ទទួល​បាន​ជ័យ​ជំនះ ក៏​ដូច​ជា​ការ​បរាជ័យ​ដែល​មិន​អាច​គេច​រួច ហើយ​បរាជ័យ​ទាំង​អស់​នេះ គឺ​សុទ្ធ​សឹង​តែ​ជា​អ្វី​ដែល​មនុស្ស​ម្នាក់​ៗ​សុទ្ធ​តែ​អាច​រៀន​សូត្រ​បាន​ពី​វា​ទាំង​អស់ ប្រសិន​ណា​បើ​យើង​មាន​ ផ្នត់​គំនិត​ដែល​វិជ្ជមាន​ចំពោះ​វា។ បុគ្គល​ដែល​ជោគជ័យ តែង​តែ​មាន​ភាព​សប្បាយ​រីករាយ​ នៅ​ក្នុង​ការ​បំពេញ​នូវ​ការ​ងារ ក៏​ដូច​ជា​ពេញ​ចិត្ត​ចំពោះ​ដំណើរ​ការ​ក្នុង​ការ​ធ្វើ​កិច្ច​ការ​របស់​ខ្លួន ហើយ​ជំនួស​អោយ​ការ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ផល​ចំណេញ​ ​ដែល​ត្រូវ​ទទួល​បាន​នៅ​ទី​បញ្ចប់​ ពួក​គេ​មាន​ភាព​សប្បាយ​រីករាយ​ជាមួយ​នឹង​ការ​ធ្វើ​ដំណើរ​របស់​ខ្លួន​ដើម្បី​ឆ្ពោះ​ទៅ​រក​ផល​ចំណេញ​នោះ​ទៅ​វិញ។ ​មូល​ហេតុ​មួយ​នេះ​ហើយ​ ដែល​ធ្វើ​អោយ​ការ​ធ្វើ​ដំណើរ​ទៅ​រក​ភាព​ជោគជ័យ​របស់​ពួកគេ​ គឺ​ពោរ​ពេញ​ទៅ​ដោយ​ភាព​សប្បាយ​រីករាយ ហើយ​ពួក​គេ​មិន​មាន​ការ​នឿយ​ហត់​ដើម្បី​ដើរ​ទៅ​រក​ភាព​ជោគជ័យ​ទាំង​នោះ​បាន។

 

៣) ​ប្រកួត​ប្រជែង និង​ស្វែង​រក​អ្វី​ដែល​ខុស​ប្លែក​ពី​គេ

អាជីវកម្ម​ធម្មតា និង​ធ្វើ​ទៅ​តាម​បែប​បទ​ដដែល​ៗ​ហើយ​គ្មាន​ការ​ផ្លាស់​ប្ដូរ​គឺ​ពិត​ជា​មិន​អាច​ទៅ​រួច និង​មិន​ត្រូវ​ជា​មួយ​នឹង​មនុស្ស​ដែល​ជោគជ័យ​នោះ​ឡើយ។ មាន​មូល​ហេតុ​មួយ​ចំនួន ដែល​មហាសេដ្ឋី​ដូច​ជា​លោក Elon Musk និង​លោក Bill Gates ទទួល​បាន​ជោគជ័យ​យ៉ាង​មហាសាល ហើយ​មូល​ហេតុុ​ដែល​សំខាន់​នោះ​គឺ ពួក​គាត់​ទាំង​ពីរ​មាន​អត្ត​ចរិត​ដូច​គ្នា នៅ​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ដែល​ជា​ការ​ច្នៃ​ប្រឌិត​ថ្មី និង​មិន​ធ្លាប់​មាន​ពី​មុន​មក។ អ្នក​ត្រូវ​ដឹង​ថា​ជារៀង​រាល់​ថ្ងៃ មាន​ក្រុមហ៊ុន​ដែល​ទើប​បង្កើត​ថ្មី​ជាច្រើន ដែល​ព្យាយាម​ស្វែង​រក​នូវ​គំនិត​ដែល​ថ្មី ក៏​ដូច​ជា​ធ្វើ​ការ​ប្រកួត​ប្រជែង​ជា​មួយ​នឹង​ផ្នត់​គំនិត​ដែល​ធម្មតា ហើយ​ធ្វើ​រឿង​មួយ​ចំនួន​ដែល​មនុស្ស​ភាគ​ច្រើន​គិត​ថា​ចម្លែក នឹង​ហួស​ហេតុ​។ ឧទាហរណ៍​មាន​មុខ​ជំនួញ​ជា​ច្រើន​ដែល​ធ្វើ​ការ​ផ្ដល់​ជា​សេវាកម្ម​គាំពារ​សុខភាព​ដល់​ទី​កន្លែង​ស្នាក់​នៅ ដឹក​ជញ្ជូន​មុខ​ទំនិញ​ស្ទើរ​គ្រប់​មុខ​ឆ្លង​កាត់​ទាំង​ប្រទេស​ត្រឹម​រយៈ​ពេល​ខ្លី ហើយ​មាន​មុខ​ជំនួញ​ខ្លះ​ ថែម​ទាំង​ធ្វើ​ការ​បង្កើត​ជា​មនុស្ស​យន្ដ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ងារ​ប្រចាំ​ថ្ងៃ​ថែម​ទៀត​ផង។ អ្វីៗ​សុទ្ធ​តែ​អាច​ទៅ​រួច​ទាំង​អស់។ ​ទាំង​អស់​នេះ​មិន​មែន​បាន​ន័យ​ថា គ្រប់​មុខ​ជំនួញ​ដែល​បាន​លើក​ឡើង​ខ្លះ សុទ្ធតែ​ត្រូវ​បាន​បង្កើត​ឡើង​រួច​ ហើយ​ធ្វើ​បាន​ល្អ​នោះ​ទេ ប៉ុន្តែ​ការ​ងារ​របស់​បុគ្គល​ដែល​ជោគជ័យ​នោះ​គឺ ចាប់​ផ្ដើម​ធ្វើ​នូវ​កិច្ច​ការ​ណា​មួយ​ដែល​ខ្លួន​ចូល​ចិត្ត ហើយ​នឹង​ព្យាយាម​ រិះរក​អ្វី​ដែល​ថ្មី ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ដើម្បី​ផ្ដល់​អោយ​អតិថិជន​របស់​ខ្លួន។

 

៤) បន្ត​ការ​រៀន​សូត្រ​របស់​ខ្លួន

មនុស្ស​ម្នាក់​ និង​មិន​រីក​ចម្រើន ហើយ​មិន​ទទួល​បាន​ភាព​ជោគជ័យ​ពិត​ប្រាកដ​ឡើយ ប្រសិន​បើ​ខ្លួន​គិត​ថា ខ្លួន​ឯង​បាន​រៀន​ចេះ​គ្រប់​អ្វី​ៗ​អស់​ទៅ​ហើយ​។ ត្រូវ​ចាំ​ថា​ទោះ​ជា​ខ្លួន​របស់​អ្នក​គិត​ថា ខ្លួន​ឯង​ចេះ​ច្រើន​ប៉ុណ្ណា​ក៏​ដោយ នៅ​លើ​លោក​យើង​នេះ​គឺ​ប្រាកដ​ជា​មាន​មនុស្ស​ដែល​ខ្លាំង​ជាង​ខ្លួន​យើង និង​ចេះ​នូវ​អ្វី​មួយ​ដែល​យើង​មិន​ធ្លាប់​ចេះ ហើយ​សម្រាប់​មនុស្ស​ដែល​ជោគជ័យ គឺ​ចូល​ចិត្ត​បំផុត​នៅ​ពេល​ដែល​ដឹង​ថា មាន​មនុស្ស​ដែល​ពូកែ​ និង​ខ្លាំង​ជាង​ខ្លួន​របស់​គេ។ មនុស្ស​ទាំង​ឡាយ​ណា​ដែល​មាន​ភាព​ច្បាស់​លាស់ នៅ​ក្នុង​ការ​ស្វែង​រក​នូវ​ភាព​ជោគជ័យ​ពិត​ប្រាកដ ពួកគេ​តែង​តែ​មាន​ភាព​សប្បាយ​រីករាយ​នៅ​ក្នុង​ការ​ ស្វែង​រក​នូវ​​ដឹង​បន្ថែម​ដើម្បី​យក​មក​ដាក់​នៅ​ក្នុង​ខ្លួន ហើយ​ពួក​គេ​មិន​ដែល​ស្កប់​ស្កល់​ចំពោះ​​ដឹង​ដែល​ខ្លួន​ឯង​មាន​នោះ​ដែរ។

 

៥) ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើអ្វី​ដែល​អាច​ទៅ​រួច ហើយ​មិន​ខ្វល់​ចំពោះ​អ្វី​ដែល​មិន​អាច​ទៅ​រួច​

ការត្អូញ​ត្អែរ​ចំពោះ​អ្វី​មួយ គឺ​ពិត​ជា​មិន​អាច​ធ្វើ​អោយ​យើង​ទទួល​បាន​អ្វី​ដែល​មាន​ប្រយោជន៍​សោះ​ឡើយ ហើយ​សំរាប់​មនុស្ស​ដែល​ជោគជ័យ​ ពួក​គេ​ដឹង​ច្បាស់​ពី​ចំណុច​មួយ​នេះ​យ៉ាង​ច្បាស់ ហើយ​ពួក​គេ​មិន​ធ្វើ​ខ្លួន​ត្រាំ​ត្រែង​ជាមួយ​នឹង​ឧបសគ្គ កំឡុង​ពេល​ដែល​ពួកគេ​ធ្វើ​ការ​ដើម្បី​ឆ្ពោះ​ទៅ​គោល​ដៅ​របស់​ខ្លួន​ជា​ដាច់​ខាត ហើយ​ពួក​គេ​តែង​តែ​គិត​ថា​គ្រប់​រឿងរ៉ាវ និង​ឧបសគ្គ​ទាំង​អស់​សុទ្ធ​តែ​អាច​មាន​ដំណោះ​ស្រាយ។ គ្រប់​ពេល​ដែល​ពួកគេ​ប្រឈម​នឹង​ឧបសគ្គ​រឿង​ដែល​ពួកគេ​គិត​មុន​គេ​នៅ​ក្នុង​ខួរ​ក្បាល​នោះ​គឺ គោលដៅ​និង​មហិច្ឆតាដែល​ពួក​គេ​មាន។

រៀង​រាល់​ពេល​ដែល​មនុស្ស​ជោគជ័យ​ជួប​ប្រទះ​នូវ​ឧបសគ្គ ពួក​គេ​តែង​តែ​សួរ​ខ្លួន​ឯង​ថា "តើ​ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាង​ណា ដើម្បី​ដោះ​ស្រាយ​បញ្ហា​មួយ​នេះ​បាន?" ពីព្រោះ​សំណួរ​មួយ​នេះ​ នឹង​អាច​ធ្វើ​អោយ​ពួក​គេ​មាន​លទ្ធភាព​ស្វែង​រក​ដំណោះ​ស្រាយ​សម្រាប់​បញ្ហា ចំពោះ​មុខ​បាន។ ​ត្រូវ​ចង​ចាំ​ថា គ្មាន​បញ្ហា​ណា​ដែល​ធំ​ជាង​ខ្លួន​របស់​យើង​នោះ​ទេ ខ្លួន​យើង​តែង​តែ​ធំ​ជាង​គ្រប់​បញ្ហា​ទាំង​អស់។

 

៦) ហ៊ុំព័ទ្ធ​ខ្លួន​ដោយ​មនុស្ស​ដែល​ឆ្លាត​ជាង ពូកែ​ជាង​ និង​ជោគជ័យ​ជាង​ខ្លួន​ឯង

សម្រាប់​ចំណុច​មួយ​នេះ ​​ តែង​តែ​រំលឹក​ប្រាប់​ប្រិយមិត្ត​រៀង​រាល់​ដង ហើយ​មាន​ពាក្យ​មួយ​ឃ្លា​ដែល​ មនុស្ស​ជោគជ័យ​តែង​តែ​និយាយ​ថា "ប្រសិន​បើ​អ្នក​ចង់​ក្លាយ​ទៅ​ជា​អ្នក​មាន ត្រូវ​សេពគប់​ជា​មួយ​នឹង​អ្នក​មាន ហើយ​ប្រសិន​បើ​អ្នក​ចង់​ក្លាយ​ជា​មនុស្ស​កំប្លែង ត្រូវ​សេពគប់​ជាមួយ​មនុស្ស​កំប្លែង ចុង​ក្រោយ​ប្រសិន​បើ​អ្នក​ចង់​ក្លាយ​ទៅ​ជា​អ្នក​ក្រ​គំនិត​ អ្នក​ក៏​ត្រូវ​ទៅ​សេពគប់​ជា​មួយ​នឹង​អ្នក​ក្រ​គំនិត​ដូច​គ្នា"។ ក្រុម​មនុស្ស​ដែល​អ្នក​សេពគប់ នឹង​ក្លាយ​ជា​មនុស្ស​ដែល​អ្នក​នឹង​យក​តម្រាប់​តាម ហើយ​មិន​យូរ​មិន​ឆាប់ ​ផ្នត់​គំនិត​របស់​ពួក​គេ​ នឹង​ក្លាយ​ជា​ផ្នត់​គំនិត​របស់​អ្នក​ដូច​គ្នា។

ប្រសិន​បើ​អ្នក​មាន​គោល​ដៅ​ចង់​ក្លាយ​ទៅ​ជា​មនុស្ស​ដែល​ជោគជ័យ សូម​អ្នក​ស្វែង​រក​មនុស្ស​ដែល​អ្នក​គិត​ថា​ជា​មនុស្ស​ជោគជ័យ​ ហើយ​ព្យាយាម​បង្កើត​ទំនាក់​ទំនង ក៏​ដូច​ជា​សេពគប់​ជាមួយ​នឹង​ពួក​គេ។ មនុស្ស​ដែល​ជោគជ័យ ​តែង​តែ​មាន​បណ្ដាញ​ ឬ​មិត្ត​ភក្ដ​ដែល​មាន​គំនិត​វិជ្ជមាន និង​ជោគជ័យ​ដូច​ខ្លួន​ដែរ ពីព្រោះ​មនុស្ស​ទាំង​អស់​នោះ​មិន​ត្រឹម​តែ​អាច​ជួយ​អោយ​ពួក​គេ​ សម្រេច​គោល​ដៅ​បាន​កាន់​តែ​ស្រួល​នោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​អាច​ផ្ដល់​ជា​យោបល់ និង​គំនិត​វិជ្ជមាន ដែល​ល្អៗ​អោយ​ដល់​ខ្លួន​បាន​ថែម​ទៀត​ផង។

 

៧) មិន​បោះ​បង់ (ដាច់​ខាត)

ចំណុច​នេះ​គឺ​សំខាន់​បំផុត​សម្រាប់​ទទួល​បាន​នូវ​ភាព​ជោគជ័យ ពីព្រោះ​អ្នក​ត្រូវ​ចង​ចាំ​ថា​បើ​សិន​ជា​ភាព​ជោគជ័យ​អាច​យក​បាន​ដោយ​ស្រួល​នោះ នោះ​មនុស្ស​ទាំង​អស់​ប្រាកដ​ជា​ជោគជ័យ​គ្រប់​គ្នា​បាត់​ទៅ​ហើយ ហើយ​បើ​សិន​ជា​វា​ងាយ​ស្រួល​យក​បាន​នោះ វា​ក៏​គ្មាន​អ្វី​គួរ​អោយ​កោត​សរសើរ​នឹង​ កោត​ស្ញប់​ស្ញែង​ដូច​គ្នា​ដែរ។ ដោយ​សារ​តែ​ភាព​ជោគជ័យ​វា​ពិបាក​នឹង​យក​បាន​បែប​នេះ​ហើយ ទើប​បាន​ជា​មនុស្ស​គ្រប់​គ្នា​អោយ​តម្លៃ​ទៅ​លើ​វា​ខ្លាំង​បែប​នេះ ហើយ​សម្រាប់​មនុស្ស​ដែល​ជោគជ័យ​គឺ​យល់​ច្បាស់​ពី​តម្លៃ​របស់​វា ​ពួក​គេ​គិត​ថា​រាល់​ឧបសគ្គ​ និង​បញ្ហា​ទាំង​ឡាយ​គឺ​ជៀស​មិន​ផុត​នោះ​ឡើយ ហើយ​វា​គ្រាន់​តែ​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ ហើយ​ពួក​គេ​ដឹង​ថាពេល​ដែល​ពួក​គេ​យក​ឈ្នះ​លើ​បញ្ហា​បាន ពួក​គេ​នឹង​អាច​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​បាន​ ជាក់​ជា​មិន​ខាន។

អ្វី​ដែល​ជា​ការ​ពិត​នោះ​គឺ មនុស្ស​ដែល​ជោគជ័យ​គ្រប់​រូប គឺ​ជា​មនុស្ស​ដែល​មាន​សុទិដ្ឋ​និយម​ខ្ពស់​បំផុត ហើយ​អាច​ទទួល​យក​បញ្ហា​និង​ឧបសគ្គ​បាន​ដោយ​ស្នាម​ញញឹម នឹង​ភាព​ក្លាហាន។ ត្រូវ​ចង​ចាំ​ថា មាន​ឧបសគ្គ ទើប​យើង​អាច​រីក​ចម្រើន​បាន​ ហើយ​មាន​ខុស​ទើប​មាន​ត្រូវ​៕


មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes