Loading...
ជើង​ហោះ​ហើរ​ដែល​មាន​តម្លៃ​ទាប​​ថ្មី​នឹង​បង្កើន​​ចំនួន​ភ្ញៀវ​ទេសចរណ៍​ចិន​​ទៅ​កាន់​ប្រទេស​ប៊្រុយណេ​
Cover
ថ្ងៃ​ចេញ​ផ្សាយ៖ កក្កដា 19, 2017
ចំនួន​ទស្សនា៖ 980 លើក

នាំ​មក​ជូន​ដោយ​៖ ផ្ដល់​ភាព​​ស្រស់​ស្អាត​ប្រកប​ដោយ​ការ​ជឿ​ជាក់​សំរាប់​អ្នក Mey GlutaShop

ប្រទេស​ប៊្រុយណេ៖ ជើង​ហោះ​ហើរ​របស់​ក្រុម​ហ៊ុន​ចិន​ថ្មី​មួយ​ដែល​ផ្ដល់​នូវ​តម្លៃ​សមរម្យ​ដល់​អតិថិជន ហើយ​មាន​ឈ្មោះ​ថា "Lucky Air" ទើប​តែ​ដំណើរ​ការ​ហោះ​ហើរ​ពី​ទីក្រុង Kunming និង​ទីក្រុង Nanning របស់​ប្រទេស​ចិន​មក​កាន់​ប្រទេស​ប៊្រុយណេ កាល​ពី​ពាក់​កណ្ដាល​ខែ​កក្កដា​កន្លង​ទៅនេះ។

នេះ​គឺ​ជា​លើក​ទី​មួយ​ហើយ​ដែល​ ប្រទេស​ប៊្រុយណេ​ទទួល​បាន​នូវ​ការ​ហោះ​ហើរ​ដោយ​ផ្ទាល់​ពី​ទី​ក្រុង​ធំៗ របស់​ប្រទេស​ចិន ហើយ​ប្រការ​នេះ​បាន​បង្ហាញ​ពី​កំណើន​នៃ​ឱកាស​ទេសចរណ៍​សម្រាប់​ប្រទេស​ប៊្រុយណេ​ផង​ដែរ ខណៈ​ទី​ក្រុង​ Kunming គឺ​មាន​ប្រជាជន​រស់​នៅ​ប្រហែល​ជាង​ ៦លាន​នាក់ ចំណែក​ទីក្រុង​ Nanning គឺ​មាន​ប្រជាជន​ជិត​ ៧លាន​នាក់។

ជើង​ហោះ​ហើរ​ផ្ទាល់​ថ្មី​នេះ​ និង​បើក​ការ​ហោះហើរ​ពីរ​ដង​ក្នុង​មួយ​សប្ដាហ៍​សំរាប់​គោលដៅ​ទាំង​ពីរ ដោយ​ប្រើ​ប្រាស់​ប្រភេទ​យន្ដហោះ Boeing 737-800 និង Airbus 320។ ជើង​ហោះ​ហើរ​ថ្មី​នេះ​ ក៏​ជា​ការ​បន្ថែម​ថ្មី​ទៅ​លើ​ជើង​ហោះ​ហើរ​ដែល​មាន​ស្រាប់​ រវាង​ប្រទេស​ទាំង​ពីរ ដែល​ដំណើរ​ការ​ដោយ​ក្រុមហ៊ុន Royal Brunei Airlines ផងដែរ។

ក្រុមហ៊ុន​ Lucky Air ដែល​មាន​ទីតាំង​នៅ​ក្នុង​ទីក្រុង Kunming មួយ​នេះគឺ​ជា​បុត្រសម្ព័ន្ធ​របស់​ Hainan Airlines Group ​ជា​ក្រុមហ៊ុន​ហោះ​ហើរ​ឯកជន​ធំ​ជាង​គេ​នៅ​ក្នុង​ប្រទេស​ចិន នឹង​គ្រប់​គ្រង​ដោយ​ HNA Group ដែល​ជា​ក្រុមហ៊ុន​ផ្ដោត​ទៅ​លើ ទេសចរណ៍ ការ​ដឹកជញ្ជូន ឧស្សាហកម្ម និង​ សេវាកម្មហិរញ្ញវត្ថុ។

យោង​ទៅ​តាម​ស្ថាប័ន​អភិវឌ្ឍន៍​ទេសចរណ៍​របស់​ប្រទេស​ប៊្រុយណេ ភ្ញៀវ​ទេសចរណ៍​ជនជាតិ​ចិន​ភាគ​ច្រើន​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​ប៊្រុយណេ តាម​កញ្ចប់​សេវាកម្ម​ទេសចរណ៍​ ​ដែល​មាន​រយៈ​ពេល​ចាប់​ពីបួន​ទៅ​ប្រាំបី​ថ្ងៃ ដើម្បី​មក​ទស្សនា​ប្រទេស​ប៊្រុយណេ និង តំបន់​ជុំវិញ​ទាំង​មូល។ ស្ថិតិ​របស់​ស្ថាប័ន​ដដែល​បាន​បង្ហាញ​ថា ប្រាក់​ចំណូល​ដែល​ទទួល​បាន​ពី​ភ្ញៀវ​ទេសចរណ៍ចិន​នៅ​ក្នុង​ឆ្នាំ ២០១៦ ត្រូវ​បាន​ប៉ាន​ប្រមាណ​ថា​មាន​ចំនួន​ជិត ៥លាន​ដុល្លា​សហរដ្ឋ​អាមេរិក ហើយ​ពួកគេ​ស្នាក់​នៅ​ក្នុង​ប្រទេស​ប៊្រុយណេ​ជាមធ្យម​មាន​ចំនួន​ ៣ថ្ងៃ។

នៅ​ក្នុង​ឆ្នាំ ២០១៦ ប្រទេស​ប៊្រុយណេ​ទទួល​ភ្ញៀវ​ទេសចរណ៍​ចិន​ ចំនួន ៤០៣៨៣នាក់ ដែល​ជា​ចំនួន​កើន​ឡើង​ប្រមាណ ១៨,៧% បើ​ប្រៀប​នឹង​ឆ្នាំ ២០១៥។ មូល​ហេតុ​គឺ​ដោយ​សារ​តែ ទំនោរ​ក្នុង​ការ​ធ្វើ​ដំណើរ​កំសាន្ដ​របស់​ជនជាតិ​ចិន​ និង ទី​តាំង​ផ្ដល់​ទិដ្ឋការ​ងាយ​ស្រួល​ សំរាប់​អ្នក​កាន់​លិខិត​ឆ្លងដែន​ជនជាតិ​ចិន ដែល​ស្ថិត​នៅ​ក្នុង​ប្រទេស​ប៊្រុយណេ​ដោយ​ផ្ទាល់។

នៅ​ក្នុង​ត្រី​មាស​ដំបូង​ក្នុង​ឆ្នាំ ២០១៧​នេះ ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ដែល​បាន​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​ប៊្រុយណេ ដោយ​ការ​ហោះ​ហើរ​មាន​ចំនួន ៦៧៩៥៦នាក់ បើ​ប្រៀបធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន ដែល​មាន​ចំនួន ៥៦៤៣១នាក់ គឺ​ជា​ការ​កើន​ឡើង​ប្រមាណ ២០,៤%។ ភ្ញៀវ​ទេសចរណ៍​បរទេស​ ដែល​បាន​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​ប៊្រុយណេ​ច្រើន​បំផុត នៅ​ក្នុង​ត្រីមាស​ដំបូង​ឆ្នាំ ២០១៧ នេះ​គឺ​មកពី​ប្រទេសម៉ាឡេស៊ី ចិន ឥណ្ឌូនេស៊ី ហ្វីលីពីន និង​ ប្រទេសសិង្ហបុរី។

គោល​បំណង​សំខាន់​បំផុត របស់​ភ្ញៀវ​ទេសចរណ៍​មក​កាន់​ប្រទេស​ប៊្រុយណេ​គឺ ស្វែងរក​ការ​កំសាន្ដ និង​ជា​ការ​លំហែ​កាយ ដែល​មាន​ចំនួន​ប្រមាណ ៤១,៧%។ ហើយ​ប្រមាណ ១៣,៧% ជា​ការ​ធ្វើ​ដំណើរ​ដើម្បី​មុខ​ជំនួញ និង ១០,១% គឺ​ជា​ការ​ធ្វើ​ដំណើរ​ដើម្បី​ឆ្លងកាត់​ទៅ​កាន់​ប្រទេស​ផ្សេង​ទៀត៕


ប្រភព៖ investvine
មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes