Loading...
មូលហេតុ ៧​យ៉ាង ដែល​ធ្វើ​អោយ​សហគ្រិន​ម្នាក់​ជោគជ័យ​ម្ដង​ហើយ​ម្ដង​ទៀត​បាន
Cover
ថ្ងៃ​ចេញ​ផ្សាយ៖ កក្កដា 18, 2017
ចំនួន​ទស្សនា៖ 1399 លើក

នាំ​មក​ជូន​ដោយ​៖ ផ្ដល់​ភាព​​ស្រស់​ស្អាត​ប្រកប​ដោយ​ការ​ជឿ​ជាក់​សំរាប់​អ្នក Mey GlutaShop

មាន​មនុស្ស​មួយ​ចំនួន​នៅ​លើ​លោក​នេះ ដែល​ជា​រឿយ​ៗ​អ្វី​គ្រប់​យ៉ាង​ដែល​ពួកគេ​ប៉ះ​ នឹង​នៅ​ក្បែរ​ ហាក់​ប្រែ​ក្លាយ​ទៅ​ជា​មាស​ និង​របស់​មាន​តម្លៃ​ទាំង​អស់។​ តើ​នេះ​បណ្ដាល​មក​ពី​មូល​ហេតុ​អ្វី? អ្វី​ដែល​ ​​ អាច​ប្រាប់​បាន​នោះ​គឺ ពួកគេ​គឺ​ជា​មនុស្ស​ជោគជ័យ​ដែល​មាន​ផ្នត់​គំនិត​ ជា​អ្នក​ឈ្នះ ទោះ​ស្ថិត​ក្នុង​កាលៈ​ទេសៈ​ណា​ក៏​ដោយ។

ហើយ​សម្រាប់​សហគ្រិន​ដែល​ជោគជ័យ​គឺ​មិន​ខុស​គ្នា​នោះ​ទេ ពួកគេ​ឈ្មុស​ឈ្មុល​ជាមួយ​នឹង​ការ​ងារ ហើយ​សកម្ម​នៅ​ក្នុង​ការ​ងារ​ជាង​មនុស្ស​ទាំង​អស់​ដែល​នៅ​ជុំវិញ​ខ្លួន​របស់​ពួកគេ។ ជា​ឧទាហរណ៍​លោក Wayne Chang គឺ​ជា​សហគ្រិន​មួយ​រូប ដែល​មាន​ជាប់​ពាក់ព័ន្ធ​ជា​មួយ​នឹង​ក្រុមហ៊ុន​ដែល​ទទួល​បាន​ជោគជ័យ​ជា​ច្រើន មាន​ជា​អាទិ៍​ដូច​ជា ក្រុមហ៊ុន Napster នឹង Crashlytics ដែល​គាត់​បាន​ធ្វើ​ការ​សហការ​ជាមួយ​នឹង លោក Jeff Seibert ជាដើម​។ ហើយ​ក្រុមហ៊ុន​ទាំង​នោះ​ត្រូវ​បាន​ទិញ​ដោយ ក្រុមហ៊ុន Twitter ដែល​មាន​តម្លៃ​ប្រមាណ​ជាង ២៥០លាន​ដុល្លា ដែល​នេះ​គឺ​ជា​តម្លៃ​ឯកទគ្គកម្ម ក្នុង​ចំណោម​ការ​ចំណាយ​ទាំង​អស់​របស់ Twitter​ ផងដែរ។

ចំណែក​ឯ​គម្រោង​ចុង​ក្រោយ​បង្អស់​របស់​លោក Chang គឺ​ជា​កម្មវិធី​ទូរស័ព្ទ​សំរាប់​ធ្វើ​ការ​វិភាគ​មួយ​ដែល​មាន​ឈ្មោះ​ថា Answers ហើយ​ដែល​បាន​ប្រែ​ក្លាយ​ពី​អ្វី​ដែល​គាត់​ ធ្លាប់​បាន​គិត​នៅ​ក្នុង​គំនិត​របស់​គាត់​ ក្លាយ​ទៅ​ជា​កម្មវិធី​ដែល​ជាប់​ចំណាត់​ថ្នាក់​លេខ​ពីរ​ក្នុង​លោក ដែល​ប្រើ​សំរាប់​ធ្វើ​ការ​វិភាគ ត្រឹម​រយៈ​ពេល​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ សូម្បី​តែកម្មវិធី វិភាគ​របស់​ក្រុមហ៊ុន Google ក៏​មិន​អាច​យក​ឈ្នះ Answers របស់​គាត់​បានដែរ។

ដូច្នេះ​តើ​ចំណុច​អ្វី​ខ្លះ​ទៅ​ ដែល​ធ្វើ​អោយ​សហគ្រិន​ម្នាក់​ដូច​ជា​លោក Chang ទទួល​បាន​ជោគជ័យ​ម្ដង​ហើយ​ម្ដង​ទៀត​យ៉ាង​ដូច្នោះ? អត្ថបទ​ខាង​ក្រោម​នេះ​ នឹង​បង្ហាញ​ប្រិយមិត្ត​ពី​មូល​ហេតុ​ ៧​ យ៉ាង​ ដែល​ធ្វើ​អោយ​សហគ្រិន​ម្នាក់​ អាច​ទទួល​បាន​ជោគជ័យ​ដូច​ជា​លោក​ Chang ម្ដងហើយ​ម្ដង​ទៀត​បាន។ តោះ​មក​តាម​ដាន​ជាមួយ ​​ ដូច​តទៅ៖

 

១) ពួកគេ​ធ្វើ​នូវ​កិច្ច​ការ​ដែល​ពួកគេ​ស្រលាញ់

នៅ​ពេល​ដែល​លោក​អ្នក​ចង់​បង្កើត​នូវ​ពាណិជ្ជកម្ម​អ្វី​មួយ​នោះ​ ក្នុង​ដំណាក់​កាល​ដំបូង​គឺ ទាម​ទារ​អោយ​លោក​អ្នក​ត្រូវ​ធ្វើ​ការ​ដាក់​កំលាំង​កាយ និង​កំលាំង​ចិត្ត ១០០%​ទៅ​លើ​វា ហើយ​ត្រូវ​ចាំ​ថា​អ្នក​ប្រឹង​ប្រែង​កម្រិត​ណា​ អ្នក​នឹង​ទទួល​បាន​លទ្ធផល​កម្រិត​នោះ​ដូច​គ្នា។ ហើយ​វា​ពិត​ជា​មាន​ភាព​ងាយ​ស្រួល​ នៅ​ពេល​ដែល​អ្នក​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់ និង​កំលាំង​កាយ​ចិត្ត​របស់​អ្នក​ទៅ​លើ​រឿង​ដែល​អ្នក​ស្រលាញ់​ចូល​ចិត្ត។

សាក​ល្បង​គិត​ពី​គ្រប់​មុខ​ជំនួញ​ទាំង​ឡាយ​ដែល​បរាជ័យ តើ​វា​គឺ​សុទ្ធ​តែ​ជា​គំនិត​រកស៊ី​ដែល​មិន​ល្អ ឬ​មួយ​ក៏​វា​បណ្ដាល​មក​ពី​អ្នក​ដឹក​នាំ​ដែល​មិន​មាន​មនោសញ្ចេតនា​ជ្រាល​ជ្រៅ​ ជាមួយ​នឹង​មុខ​របរ​នោះ? អ្នក​មិន​អាច​ និង​មិន​ត្រូវ​សម្រេច​ចិត្ត​ធ្វើ​នូវ​កិច្ច​ការ​ណា​ដែល​អ្នក​មិន​ចូល​ចិត្ត ហើយ​សម្លឹង​ឃើញ​តែ​ប្រាក់​ នៅ​ក្នុង​កែវ​ភ្នែក​របស់​អ្នក​តែ​មួយ​មុខ​នោះ​ទេ។ ក្ដី​ស្រលាញ់​ពិត​ប្រាកដ​ដែល​អ្នក​មាន​ចំពោះ​ផលិតផល ឬ សេវាកម្ម​របស់​អ្នក គឺ​ពិត​ជា​ចំណុច​ដែល​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​អោយ​ ក្រុមហ៊ុន​ឬ​ ស្ថាប័ន​របស់​អ្នក​ទទួល​បាន​នូវ​ជោគជ័យ។

 

២) ពួកគេ​ធ្វើ​ការ​បង្កើត​និង​អភិវឌ្ឍន៍​ក្រុម​ដែល​ល្អ​ផ្ដាច់​គេ

ដើម្បី​បង្កើត​ជា​ក្រុម​ហ៊ុន​ដែល​ទទួល​ជោគជ័យ​មួយ​បាន​នោះ ទាម​ទារ​អោយ​មាន​នូវ​ការ​ចូល​រួម​ជា​ក្រុម ហើយ​អ្នក​ត្រូវ​តែ​មាន​សមត្ថភាព​និង ផ្នត់​គំនិត​ដែល​មាន​ភាព​ជា​អ្នក​ឈ្នះ​ដូចៗ​គ្នា។ វា​មិន​អាច​ទៅ​រួច​នោះ​ទេ ដែល​ចង់​ដំណើរ​ការ​ក្រុមហ៊ុន​មួយ​ អោយ​ទទួល​បាន​ជោគជ័យ​ ដោយ​ពឹង​ផ្អែក​ទៅ​លើ​មនុស្ស​តែ​ម្នាក់​នោះ។

ជា​ឧទាហរណ៍​៖ មូល​ហេតុ​មួយ ដែល​ធ្វើ​អោយ​លោក Chang អាច​មាន​លទ្ធភាព​អភិវឌ្ឍន៍​កម្មវិធី Answers បាន​ក្នុង​រយៈ​ពេល​ខ្លី ហើយ​អាច​ក្លាយ​ទៅ​ជា​កម្មវិធី ដ៏​អស្ចារ្យ​បែប​នេះ​បាន គឺ​ដោយ​សារ​តែ​គាត់​មាន​ក្រុម​ការ​ងារ​ដែល​ល្អ​បំផុត​មួយ។ កាល​ពី​មុន​ពួកគេ​ធ្លាប់​បាន​ទទួល​បាន​ជោគជ័យ​ជាមួយ​នឹង Crashlytics រួច​ទៅ​ហើយ ដូច្នេះ​វា​គ្មាន​អ្វី​ចំលែក​នោះ​ទេ ដែល​ពួកគេ​ទទួល​បាន​ជោគជ័យ​បន្ថែម​ជាមួយ​នឹង Answers ម្ដង​ទៀត ពី​ព្រោះ​សំរាប់​ពួកគេ​វាគឺ​គ្រាន់​តែ​ជា​ការ ផ្លាស់​ប្ដូរ​ទៅ​ធ្វើ​គម្រោង​មួយ​ថ្មី តែ​ប៉ុណ្ណោះ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ គឺ​ពួកគេ​មាន​គ្រឹះ និង ភាព​សហការ​ជាក្រុម​ល្អ​បំផុត​មួយ​តាំង​ពី​ដំបូង​មក​ម៉្លេះ។

 

៣) ពួកគេ​យល់​ច្បាស់​ពី​ទី​ផ្សារ​របស់​ខ្លួន

ការ​បង្កើត​សេវាកម្ម ឬ​ក៏​ផលិតផល​ណា​មួយ ដែល​អ្នក​គិត​ថា អតិថិជន​របស់​អ្នក​នឹង​ចូល​ចិត្ត​នោះ គឺ​ជា​ការ​គិត​ដែល​ខុស​ស្រឡះ ហើយ​នឹង​នាំ​ទៅ​រក​ភាព​បរាជ័យ។ អ្នក​ចាំ​បាច់​ត្រូវ​តែ​ប្រាកដ​ថា អ្នក​បង្កើត​នូវ​អ្វី​ដែល​អតិថិជន​របស់​អ្នក​ ប្រាកដ​ជា​ពេញ​ចិត្ត។ ដូច្នេះ​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​នោះ​គឺ ធ្វើ​ការ​សិក្សា​និង​ស្វែង​យល់​ពី​ទីផ្សារ​ របស់​អ្នក​អោយ​បាន​ច្បាស់​លាស់​ និង​ប្រាកដ​ក្នុង​ចិត្ត ១០០% ថា​អតិថិជន​ពិត​ជា​ត្រូវ​ការ​ផលិតផល និង​សេវាកម្ម​របស់​អ្នក​ពិត​ប្រាកដ​មែន។

 

៤) ពួកគេ​ជឿ​ជាក់​ទៅ​លើ​ផលិត​ផល​ និង សេវាកម្ម​របស់​ខ្លួន​ ១០០%

សម្រាប់​សហគ្រិន​ដែល​ជោគជ័យ ពួកគេ​មាន​ភាព​ជឿជាក់​យ៉ាង​មុតមាំ ទៅ​លើ​ផលិត​ផល និង​សេវាកម្ម​របស់​ខ្លួន​យ៉ាង​ពេញ​ទំហឹង ពី​ព្រោះ​ពួកគេ​ដឹង​ច្បាស់​ថា បើ​ខ្លួន​ឯង​មិន​ជឿជាក់​លើ​ផលិតផល​ និង​សេវាកម្ម​ទាំង​នោះ​ផង តើ​ធ្វើ​យ៉ាង​ណា​អោយ​អ្នក​ដទៃ ឬ​អតិថិជន​ជឿជាក់​លើ​វា​បាន​នោះ។ សូម​មើល​គម្រូ​លោក Elon Musk ជា​ឧទាហរណ៍ គាត់​មាន​ការ​ជឿជាក់​ខ្លាំង​ណាស់​ទៅ​លើ​អ្វី​ដែល​គាត់​ផលិត។ គាត់​ធ្លាប់​បាន​លើក​ឡើង​ថា ផលិតផល​របស់​គាត់គឺ​មិន​មែន​ត្រឹម​ល្អ​លើស​ផលិតផល​របស់​គូ​ប្រជែង​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​គឺ​ល្អ​ផ្ដាច់​គេ​នៅ​លើ​លោក។

អ្នក​ត្រូវ​រៀន​សួរ​ខ្លួន​ឯង​បែប​នេះ​ថា តើ​អោយ​អ្នក​ដទៃ​មក​ជឿ​ជាក់​លើ​ផលិតផល​ដែល​អ្នក​ផ្ដល់​ជូន​ពួកគេ​ បាន​ដោយ​របៀប​ណា បើ​សិន​ជា​អ្នក​មិន​មែន​ជា​អ្នក​ដែល​មាន ជំនឿ​ងប់​ងល់​ទី​មួយ​របស់​ផលិតផល​នោះ​ផង? ហើយ​សំរាប់​ចំណុច​នេះ​គឺ​ទាក់​ទង​ទៅ​នឹង​ ចំណុច​ទី​មួយ​ពី​ខាង​លើ​មក​ដែរ ដែល​បាន​និយាយ​ថា អ្នក​ត្រូវ​ធ្វើ​អ្វី​ដែល​អ្នក​ស្រលាញ់ ពី​ព្រោះ​ថា​ការ​ធ្វើ​អ្វី​មួយ​ ឬ​បង្កើត​ផលិតផល​ដែល​យើង​ស្រលាញ់ និង​បណ្ដាល​អោយ​យើង​មាន​ការ​ជឿជាក់​ទៅ​លើ​ផលិតផល​នោះ​ខ្លាំង​ ដូច​គ្នា​ដែរ។

 

៥) ពួកគេ​យល់​ច្បាស់​ពី​វិធី​ក្នុង​ការ​ពង្រីក​ខ្លួន​អោយ​បាន​ធំ និង ​ឆាប់​រហ័ស

យើង​ធ្លាប់​បាន​ឃើញ​ហើយ​ថា​មាន​មុខ​ជំនួញ​ និង​ ពាណិជ្ជកម្ម​ជា​ច្រើន​ដែល​ចាប់​ផ្ដើម​ពី​ដំបូង ​គឺ​ដំណើរ​ការ​ពី​ក្នុង​ បន្ទាប់​ស្នាក់​នៅ​តូច​មួយ​តែ​ប៉ុណ្ណោះ ​ប៉ុន្តែ​ត្រូវ​បាន​ទិញ​យក ឬ ​ទទួល​បាន​ជោគជ័យ​ហើយ​មាន​តម្លៃ​ដ៏​មហាសាល ក៏​ដូច​ជា​មុខ​ជំនួញ​មួយ​ចំនួន​ទៀត​ ដែល​ផ្ដើម​ដំបូង​មាន​ដើម​ទុន​រាប់​សិប​លាន​ដុល្លា ប៉ុន្តែ​បែរ​ជា​ត្រូវ​ទទួល​នូវ ការ​បរាជ័យ​យ៉ាង​គួរ​អោយ​សោក​ស្ដាយ​ទៅ​វិញ។

ហើយ​កត្តា​ចំបង​ទាក់​ទង​នឹង​បញ្ហា​ខាង​លើ​នេះ​គឺ​ បណ្ដាល​មក​ពី​ប្រព័ន្ធ​ដឹក​នាំ​ នឹង​ល្បឿន​នៃ​ការ​ពង្រីក​វិសាលភាព​របស់​ក្រុមហ៊ុន​នោះ​ឯង។ ​ការ​កាត់​បន្ថយ​ល្បឿន​នៅ​ក្នុង​ការ​ពង្រីក​វិសាលភាព​ គឺ​ស្មើ​នឹង​ការ​កាត់​បន្ថយ​ចំណូលរបស់​ខ្លួន​យ៉ាង​ដូច្នោះ​ដែរ ហើយ​នៅ​ពេល​ដែល​ចំណូល​បាត់​បង់​ ឬ​រីង​ស្ងួត​ពេល​នោះ​ក្រុមហ៊ុន​ ឬ​ពាណិជ្ជកម្ម​ នឹង​ដួល​ដោយ​ខ្លួន​ឯង។ ការ​កសាង​ទំនុក​ចិត្ត​ និង​ប្រភព​អតិថិជន បូករួម​នឹង​ការ​ស្វែង​រក​ចំណូលគឺ​ជា​គន្លឹះ​ដែល​ចាំ​បាច់​បំផុត ហើយ​នេះ​គឺ​ជា​អ្វី​ដែល​សហគ្រិន​ជោគជ័យ​ ដឹង​យ៉ាង​ច្បាស់។

 

៦) ពួកគេ​យក​ចិត្ត​ទុក​ដាក់​ពី​អតិថិជន​របស់​ខ្លួន

ក្រុម​ហ៊ុន​ដែល​ជោគជ័យ​មួយ​ដឹង​ច្បាស់​ពី​សារៈសំខាន់ នៃ​ទំនាក់​ទំនង​របស់​ខ្លួន​ជាមួយ​នឹង​អតិថិជន។ ហើយ​សម្រាប់​សហគ្រិន​ដែល​ជោគ​ជ័យ ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ដំបូង នៃ​ដំណើរ​ការ​ពាណិជ្ជកម្ម​របស់​ខ្លួន ពួកគេ​នឹង​ខិត​ខំ​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង ដើម្បី​អោយ​អតិថិជន​របស់​ខ្លួន​គ្រប់​ៗគ្នា ទទួល​បាន​នូវ​អារម្មណ៍​ពេញចិត្ត​ពេញ​ថ្លើម។

ចំណុច​ត្រូវ​ចង​ចាំ​មួយ​នោះ​គឺ ​នៅ​ពេល​ដែល​ក្រុមហ៊ុន​របស់​អ្នក​ធ្វើការ​ពង្រីក​ខ្លួន​ធំ​ទៅ​នោះ អ្នក​នឹង​មិន​អាច​ផ្ដល់​ពេលវេលា​គ្រប់​គ្រាន់​អោយ​ទៅ​ដល់​អតិថិជន​ គ្រប់​ៗគ្នា​បាន​នោះ​ទេ ក៏​ប៉ុន្តែ​ចំណុច​ដែល​សំខាន់​និង​ចាំ​បាច់​នោះ​គឺ ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ដំបូង​របស់​ពាណិជ្ជកម្ម​អ្នក អ្វី​ៗ​ដែល​អ្នក​ត្រូវ​ធ្វើ​គឺ​ បង្កើត​ទំនាក់​ទំនង​ល្អ​ជាមួយ​នឹង​ អតិថិជន​របស់​អ្នក​ដោយ​ខ្លួន​ឯង​ផ្ទាល់ ប្រសិន​បើ​អ្នក​មិន​រវល់​ជាមួយ​នឹង​ការ​ងារ​ផ្សេង។

 

៧) ពួកគេ​កំណត់​ឃើញ​ពី​គុណសម្បត្តិ​ផលិតផល​ ឬ​សេវាកម្ម​របស់​ខ្លួន​ដែល​ល្អ​ជាង​គូ​ប្រជែង

សហគ្រិន​ដែល​ជោគជ័យ​ ដឹង​ច្បាស់​ពី​ចំលើយ​ចំពោះ​សំនួរ​ដែល​មាន​សារៈ​សំខាន់​បំផុត​មួយ​ នោះ​គឺ៖ "ហេតុ​អ្វី​បាន​ជា​អតិថិជន​ ត្រូវ​ជ្រើស​រើស​ទិញ​ទំនិញ ឬ សេវាកម្ម​ពី​ក្រុមហ៊ុន​របស់​ខ្លួន​ ជា​ជាង​ទៅទិញ​ពី​ក្រុមហ៊ុន​គូ​ប្រជែង?"។ តើ​វា​ជា​សេវាកម្ម តម្លៃ ភាព​រួសរាយ​រាក់ទាក់ ឬ​មួយ​ក៏​ជា​គុណភាព​របស់​ផលិតផល​ ដែល​អតិថិជន​ត្រូវ​ការ ហើយ​គូ​ប្រជែង​របស់​អ្នក​គ្មាន និង​មិន​អាច​ផ្ដល់​ទៅ​អោយ​អតិថិជន​បាននោះ?

សំណួរ​ខាង​លើ​នេះ​ គឺ​ជា​អ្វី​ដែល​សហគ្រិន​ជោគជ័យ​តែង​តែ​សួរ​ខ្លួន​ឯង ហើយ​ពួកគេ​ដឹង​ច្បាស់​ពីចំលើយ ថា​តើ​អតិថិជន​ត្រូវ​ការ​អ្វី ហើយ​ខ្លួន​មាន​អ្វី​ ដែល​គូ​ប្រជែង​គ្មាន៕

 

ចំណុច​ទាំង​ ៧ ដែល​ ​​ បាន​បង្ហាញ​ជូន​ប្រិយមិត្ត​ខាង​លើ​នេះ​ឯង ដែល​ជា​ចំណុច​សំខាន់​ដែល​ធ្វើ​អោយ​ សហគ្រិន​ម្នាក់​ជោគជ័យ​ម្ដង​ហើយ​ម្ដងទៀតបាន។ ក្រោយ​ពី​បាន​អាន​អត្ថបទ​នេះ​ហើយ ​​ សង្ឃឹម​ថា​អាច​ជួយ​ជា​គំនិត​ទៅ​ដល់​ប្រិយមិត្ត​ដែល​ជា​សហគ្រិន និង​មាន​បំណង​ក្លាយ​ទៅ​ជា​សហគ្រិន​ មួយ​រូប​បាន​ផង​ដែរ។


មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes