Loading...
ក្រុមហ៊ុន Uber ដាក់​ដំណើរ​ការ​ប្រតិបត្តិ​ការ​របស់​ខ្លួន​​នៅ​ក្នុង​ប្រទេស​កម្ពុជា
Cover
ថ្ងៃ​ចេញ​ផ្សាយ៖ កក្កដា 08, 2017
ចំនួន​ទស្សនា៖ 897 លើក

ក្រុមហ៊ុន Uber បាន​ដាក់​អោយ​ដំណើរ​ការ​នូវ​កម្មវិធី ក្នុង​ការ​ហៅ​ Taxi នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី ២៣ ខែ​មិថុនា​កន្លងទៅ​ ​ដែល​ស្ថិត​ក្នុង​គម្រោង​ការ​សាក​ល្បង។ ហើយ​នេះ​មានន័យ​ថា ក្នុង​ចំណោម​ប្រទេស​នៅ​អាស៊ី​អគ្នេយ៍​ទាំង​អស់ គឺ​មាន​តែ​ប្រទេស​ថៃ​តែមួយ​ប៉ុណ្ណោះ ដែល​សេវាកម្ម​របស់​ Uber ត្រូវ​បាន​បិត​មិន​អោយ​ដំណើរ​ការ​បាន​ ដោយ​ក្រសួង​សាធារណ​ការ​ និង​ដឹក​ជញ្ជូន ​ទៅ​តាម​ការ​ប្រឆាំង​យ៉ាង​ដាច់​អហង្ការ​ពី​សំណាក់​ សមាគមន៍​អ្នក​បើក​បរ​ Taxi និង​ឡាន​ក្រុង​ នៅ​ក្នុង​ប្រទេស​ថៃ ដែល​បាន​ធ្វើ​ ការ​ថ្អូញថ្អែរ​ពី​ផល​ប៉ះពាល់​ផ្សេងៗ​របស់​សេវាកម្ម​ Uber ទៅ​លើ​ប្រព័ន្ធ​ដឹក​ជញ្ជូន​សាធារណៈ​របស់​ប្រទេស។

ដោយ​ឡែក​សំរាប់​ប្រទេស​កម្ពុជា​វិញ ទីផ្សារ​គឺ​មាន​ភាព​ត្រជាក់​ជាង​ប្រទេស​ថៃ ហើយ​ប្រជាជន​កម្ពុជា​ គឺ​មាន​ទំនោរ​ក្នុង​ការ​ទទួល​យក​នូវ​សេវាកម្ម​ដែល​ថ្មីៗ​ប្លែកៗ។ ក្រុមហ៊ុន Uber បាន​ដាក់​ដំណើរ​ការ​សាក​ល្បង នូវ​កម្មវិធី​សំរាប់​ទូរស័ព្ទ Smartphone នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ ដែល​បាន​ធ្វើ​អោយ​ក្រុមហ៊ុន​មួយ​នេះ ឈាន​ទៅ​មុខ​មួយ​ជំហាន​ទៀត ក្នុង​ការ​ជិត​ក្លាយ​ជា ក្រុម​ហ៊ុន​ផ្ដល់​សេវាកម្ម​ដឹក​អ្នក​ដំណើរ អន្តរ​ជាតិ​ដំបូង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

មាន​ជន​បរទេស​ និង​ប្រជា​ជន​កម្ពុជា​មួ​យ​ចំនួន បាន​ធ្វើ​ការ​ចូល​រួម​ក្នុង​ការ​ដាក់​អោយ​ដំណើរ​ការ​សាកល្បង​មួយ​នេះ ដែល​ពួកគេ​ទាំង​អស់​គ្នា​ទទួល​បាន​នូវ​ការ​ជិះរថយន្ត​របស់​ក្រុមហ៊ុន Uber ដោយ​មិន​គិត​ថ្លៃ នៅ​លើ​វិថី​សំខាន់ៗ​មួយ​ចំនួន ក្នុង​ទីក្រុង​ភ្នំពេញ។ ​ហើយ​បើ​ក្រលេក​មើល​ទៅ​លើ​គេហទំព័រ​ LinkedIn វិញ​ យើង​សង្កេត​ឃើញ​មាន ការ​ផ្សព្វផ្សាយ​ពី​ការ​រើស​បុគ្គលិក​ជា​អ្នក​បើកបរ​អោយ​ Uber ចំនួន​ ៤​មុខ​តំណែង ដែល​អ្នក​បើក​បរ​ទាំង​នោះ​ត្រូវ​ស្ថិត​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ។

ការ​ឈាន​ជើង​ចូល​ក្នុង​ប្រទេស​កម្ពុជា​របស់​ក្រុមហ៊ុន​អាមេរិក​មួយ​នេះ បាន​បង្ហាញ​អោយ​ឃើញ​ពី​ការ​ចង់​វាយ​លុក​កាន់​កាប់​ទីផ្សារនៅ​ក្នុង​តំបន់ អាស៊ីអគ្នេយ៍ បន្ទាប់​ពី​ក្រុមហ៊ុន​លំដាប់អន្តរជាតិ​មួយ​នេះ បាន​ដំណើរ​ការ​ប្រតិបត្តិ​ការ​របស់​ខ្លួន​ក្នុង​ប្រទេសម៉ីយ៉ាន់ម៉ា កាល​ពី​ដើម​ឆ្នាំ​នេះ។ សេវាកម្ម​របស់​ Uber ក៏​ត្រូវ​បាន​គេ​ឃើញ​មាន​ប្រើ​ប្រាស់​នៅ​ក្នុង​ប្រទេស​ ឡាវ វៀតណាម សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន ហើយ​និង​ប្រទេស​ប៊្រុយណេ​ផងដែរ​។

ដូច​ទៅ​នឹង​ប្រទេស​ភាគ​ច្រើន​នៅ​លើ​ពិភព​លោក ប្រទេស​កម្ពុជា មិន​បាន​ចែង​ច្បាប់​ច្បាស់​លាស់​ណាមួយ ពាក់ព័ន្ធ​នឹងការ​ហៅ​រថយន្ត​ taxi ឬ​រថយន្ត​ផ្សេងៗ​សំរាប់​ជិះ​នោះ​ទេ។ ដើម្បី​ធ្វើ​អោយ​មាន​តម្លា​ភាព​ចំពោះ​រឿង​នេះ ភាគី​តំណាង​របស់​ក្រុមហ៊ុន Uber បាន​ធ្វើ​ការ​ជួប​ពិភាក្សា​ជាមួយ​នឹង ឯក​ឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋ​មន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កាល​ពី​ខែ​មេសា​កន្លង​ទៅ ដើម្បី​ជជែក​វែក​ញែក​ពី​បញ្ហា​ដែល​ពាក់ព័ន្ធ​នឹង​ គម្រូ​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន ជា​មួយ​នឹង​ច្បាប់​របស់​ប្រទេស​កម្ពុជា នេះ​បើ​យោង​ទៅ​តាម​មន្ត្រី​ដែល​បាន​ចូល​រួម។

តំបន់​អាស៊ី​អគ្នេយ៍ ជាមួយ​នឹង​ប្រជា​ជន​ដែល​មាន​វ័យ​ក្មេងៗ និង​ទីក្រុង​ដែល​ពោរ​ពេញ​ទៅ​ដោយ​មនុស្ស​ម្នា​រស់​នៅ គឺ​ជា​គោល​ដៅ​ចំបង​ក្នុង​ការ​ពង្រីកពាណិជ្ជកម្ម របស់ Uber ក៏​ប៉ុន្តែ​ក្រុមហ៊ុន​អាមេរិក​មួយ​នេះ​ក៏​ជួប​ប្រទះ​នឹង​ការ​ប្រកួត​ប្រជែង​ដ៏​ខ្លាំងក្លា​នៅ​ក្នុង​តំបន់​ផងដែរ។ ការ​ប្រកួត​ប្រជែង​ដែល​ធំ​បំផុត​នោះ​រួមមាន សេវាកម្ម​របស់​ក្រុមហ៊ុន Grab របស់​ប្រទេស​សិង្ហបុរី និង Go-Jek របស់​ប្រទេស​ឥណ្ឌូនេស៊ី។ សំរាប់​ប្រទេស​កម្ពុជា ក្រុមហ៊ុន​ដែល​កំពុង​តែ​ដំណើរ​ការ​ហើយ​ដែល​ Uber មិន​អាច​មើល​ស្រាល​បាន​នោះ​មាន​ដូច​ជា ក្រុមហ៊ុន PassApp Taxi ដែល​អនុញ្ញាតិ​អោយ​អ្នក​ដំណើរ​អាច​ធ្វើ​ការ​ហៅ​បាន​ទាំង​រថយន្ត taxi និង រ៉ឺម៉ក​កង់​បី ក្រុមហ៊ុន Exnet Taxi Cambodia ក្រុមហ៊ុន Choice Taxi និង​ក្រុមហ៊ុន iTsumo ជាដើម។

យោង​តាម​ការ​សិក្សា​និង​វិភាគ​របស់​ Google និង​មូល​និធិវិនិយោគរបស់​ប្រទេស​សិង្ហបុរី​ដែល​មាន​ឈ្មោះ​ថា "Temasek" បាន​ធ្វើ​ការ​ទស្សន៍​ទាយ​ថា ទីផ្សារ​រថយន្ត​ taxi និង​រថយន្តឈ្នួល នៅ​ក្នុង​តំបន់​អាស៊ី​អគ្នេយ៍ នឹង​រីករាល​ដាល​ពីតំលៃ​ប្រមាណ ២,៥ ពាន់លានដុល្លា ក្នុង​ឆ្នាំ ២០១៥ ទៅ​ដល់ ១៣ ពាន់​លាន​ដុល្លា ក្នុង​ឆ្នាំ ២០២៥ ហើយ​ពេល​នោះ​ក៏​ជា​ពេល​ដែល​ប្រទេសថៃ និង​ទទួល​យក​នូវ​សេវាកម្ម​បែប​ថ្មី​មួយ​នេះ​ដែរ៕


មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes